ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បាន​ដាក់​លិខិត​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ពី​ការកំណត់​យក​ថ្ងៃ​ឈប់សម្រាក​សង​សម្រាប់​ពិធី​បុណ្យ​ចូលឆ្នាំ​រយៈពេល​ ៥ ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី​ ២១ ខែសីហា ប៉ុន្តែ​ខាង​រោងចក្រ និង​សហគ្រាស​អាច​កំណត់​ឱ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​ខុស​ពី​កាលបរិច្ឆេទ​នេះ​បាន​។

លិខិត​ចុះ​ថ្ងៃទី​ ១០ ខែ​កក្កដា របស់​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ផ្ញើ​ទៅកាន់​លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​នៅក្នុង​កិច្ចប្រជុំ​រវាង​ក្រុម​រដ្ឋមន្ត្រី​ប្រហែល​ ១០ ក្រសួង​ជាមួយ​តំណាង​វិស័យ​ឯកជន​ជិត​ ១០ ​ស្ថាប័ន​មាន​ដូចជា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​តំណាង​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​ជាដើម​គឺ​វិស័យ​ឯកជន​ទាំងនេះ​បាន​ស្នើសុំ​ឱ្យ​មាន​ការកំណត់​ថ្ងៃ​ឈប់សម្រាក​នៅ​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី​ ២១ ខែ​សីហា​ ខាងមុខ​។

លិខិត​បន្តថា ការស្នើសុំ​នេះ​ដោយសារ​ខាង​វិស័យ​ឯកជន​លើក​មូលហេតុ​ថា អាច​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​រោងចក្រ និង​សហគ្រាស ជាពិសេស​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង​ឲ្យ​បញ្ចប់​ចង្វាក់​ផលិតកម្ម និង​ការនាំចេញ​ទំនិញ​តាម​ការបញ្ជាទិញ​ដែល​មាន​ស្រាប់​ឱ្យ​បាន​មុន​ថ្ងៃទី​ ១២ ខែ​សីហា ដែល​ជា​កាលបរិច្ឆេទ​ចូល​ជាធរមាន​នៃ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ ភាគរយ​ពី​សហភាព​អឺរ៉ុប​។

បន្ថែម​ពីនេះ​គឺជា​អំឡុងពេល​ឈប់សម្រាក​មួយ​ដែលមាន​គម្លាត​សមរម្យ​ក្នុង​រយៈពេល​ ១ ​ខែ​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ១៦ ដល់​ថ្ងៃទី​ ១៨ ខែកញ្ញា ដែល​នឹង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចូលរួម​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​តាមរយៈ​ការចំណាយ​ ២ ​ដង​ក្នុង​អំឡុងពេល​ឈប់សម្រាក​ដាច់​ពី​គ្នា និង​ដើម្បី​ឱ្យ​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​អាច​រៀបចំ​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ​រួមទាំង​ដើម្បី​ឱ្យ​កម្មករ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​មុនពេល​ឈប់សម្រាក​។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់​នៅក្នុង​លិខិត​ទៀត​ថា ខាង​វិស័យ​ឯកជន​ក៏​បាន​ស្នើសុំ​អនុញ្ញាត​ឱ្យ​រោងចក្រ និង​សហគ្រាស​អាច​កំណត់​យក​ថ្ងៃ​ឈប់​សម្រាក​ផ្សេង​ពី​កាលបរិច្ឆេទ​នេះ​តាមរយៈ​ការចរចា​ និង​យល់ព្រម​ពី​សំណាក់​កម្មករ​។

លិខិត​បន្តថា​៖ «​សូម​គោរព​ស្នើសុំ​ការសម្រេច​ជា​គោលការណ៍​ដ៏ខ្ពង់ខ្ពស់​ពី​សម្ដេចតេជោ នាយករដ្ឋមន្ត្រី​លើ​ចំណុច​មួយចំនួន​ដូចជា​ស្នើ​កំណត់​ថ្ងៃ​ឈប់​សម្រាក​ជំនួស​ឱ្យ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នៅ​ថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ​ ២០២០​។ ស្នើ​ពន្យារពេល​នៃ​ការដាក់​លិខិត​ប្រកាស​ពន្ធ​សម្រាប់​ប្រចាំ​ខែសីហា ឆ្នាំ​ ២០២០ ទៅក្រោយ​ថ្ងៃ​ឈប់សម្រាក​»​។

លោក អូន ព័ន្ធមុនីរ័ត្ន ក៏បាន​ស្នើសុំ​ឱ្យ​ក្រសួង​សុខាភិបាល ក្រសួង​ទេសចរណ៍ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាជ្ញាធរ​ដែនដី សហការ និង​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព វិធានការ​សុខាភិបាល និង​អនាម័យ ព្រម​ទាំង​ធ្វើការ​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ឱ្យ​ប្រជាជន​ក៏​ដូចជា​ម្ចាស់​អាជីវកម្ម​ឱ្យ​អនុវត្ត​ដាច់ខាត​តាម​គោលការណ៍​ក្រសួង​សុខាភិបាល ដើម្បី​កាត់បន្ថយ​ហានិភ័យ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លិខិត​ដដែល​ក៏​បញ្ជាក់​ដែរថា ចំពោះ​អ្នកដំណើរ​ជនបរទេស​ដែល​ជា​វិនិយោគិន ធុរជន បុគ្គលិក​ក្រុមហ៊ុន អ្នកជំនាញការ កម្មករ​ជំនាញ និង​ក្រុមគ្រួសារ​ត្រូវបាន​កំណត់ឱ្យ​ទិញ​ការធានា​រ៉ាប់រង​សម្រាប់​រយៈពេល​យ៉ាងតិច​ ២០ ​ថ្ងៃ​ដែល​មាន​តម្លៃ​ប្រមាណ​ ៩០ ​ដុល្លារ ហើយ​នៅតែ​ត្រូវដាក់​តម្កល់​ប្រាក់​ ៣ ​ពាន់​ដុល្លារ​ដដែល​៕