ភ្នំពេញៈ បន្ទាប់ពី​ប្រកាស​បណ្តេញ​លោក រ៉ុង ឈុន ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃ​ ៣០ ខែ​មករា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ភ្លាមៗ​ស្តីបន្ទោស​ដល់​មន្ត្រី​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​ក្រសួង​អប់រំ​ចំនួន​ ២៤ ​នាក់​ដែល​មិន​បាន​គ្រប់គ្រង​មន្ត្រី​ក្រោម​ឱវាទ​មក​បំពេញ​ការងារ​ជាប់លាប់​។

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​លោក ហង់ ជួនណារ៉ុន ដែល​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ទី​ ៣០ ខែ​មករា ឆ្នាំ​ ២០១៨ បាន​ស្តីបន្ទោស​ដល់​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ចំនួន​ ៤ ​នាក់​ក្នុង​នោះ​មាន​លោក ច័ន្ទ រ័ត្ន ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ លោក លឹម សុខមាន ប្រធាន​ការិយាល័យ​រដ្ឋបាល លោក សូ សុខុន ប្រធាន​ការិយាល័យ​ស្រាវជ្រាវ លោក ជ័រ ស្តើង ប្រធាន​ការិយាល័យ​ផែនការ​។ ការ​ស្តីបន្ទោស​នេះ​ដោយសារ​តែ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ទាំង​ ៤ ​នាក់ គ្រប់គ្រង​បុគ្គលិក​មិន​បាន​ល្អ​ដូចជា ការ​មក​ធ្វើការ​មិន​ជាប់លាប់​។

លិខិត​របស់​លោក ហង់ ជួនណារ៉ុន ក៏​បាន​បន្ថែម​ការ​ស្ដី​បន្ទោស​ជា​លាយលក្ខណ៍​អក្សរ​ចំពោះ​បុគ្គលិក​អប់រំ​ចំនួន ២០ ​នាក់​ទៀត​ដែល​បាន​ខកខាន​មិន​បាន​មក​បំពេញ​កាតព្វកិច្ច​ការងារ​ជាប់លាប់​ពី​ថ្ងៃ​ទី ៤ ខែ​មករា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី ៣០ ខែ មករា ឆ្នាំ​ ២០១៨ ផង​ដែរ​។

លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឱ្យ​ដឹង​ថា ការ​សម្រេច​លុប​ឈ្មោះ លោក រ៉ុង ឈុន ចេញ​ពី​ក្របខ័ណ្ឌ​នេះ​គឺ​អនុវត្ត​ទៅ​តាម​ប្រកាស​ស្តីពី​ការ​ដាក់​មន្ត្រី​រាជការ​ឱ្យ​ស្ថិត​នៅ​ក្រៅ​ក្របខ័ណ្ឌ​ដើម​ដោយសារ​តែ​លោក រ៉ុង ឈុន បាន​ដាក់​ពាក្យ​ចូល​បម្រើការ​វិញ​ហួស​ពេល​កំណត់​នៃ​ច្បាប់​។

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប) មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក រ៉ុង ឈុន ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​ក្រសួង​ក្រោម​ហេតុផល​អវត្តមាន​គ្មាន​ការ​អនុញ្ញាត ប៉ុន្តែ​សាមីខ្លួន​ថា​ពាក់ព័ន្ធ​នឹង​នយោបាយ​ច្រើន​ជាង ខណៈ​រូប​លោក​បាន​ដាក់​លិខិត​ចូល​បម្រើ​ការងារ​វិញ​រួច​ហើយ ក្រោយ​លាលែង​ពី​ គជប​។

ប៉ុន្តែ លោក រស់ សាលីន បាន​អះអាង​ថា​ការ​សម្រេច​លុប​ឈ្មោះ​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​ច្បាប់ ខណៈ​ដែល​លោក រ៉ុង ឈុន មិន​បាន​សុំ​ចូល​បម្រើ​ការងារ​វិញ​ភ្លាមៗ​ក្រោយ​ពី​បាន​បញ្ចប់​ការងារ​ពី គ.ជ.ប​។

លោក រ៉ុង ឈុន បាន​ហៅ​ករណី​នេះ​ថា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ព្រោះ​ក្រោម​ហេតុផល​អវត្តមាន​ទាំង​សាមីខ្លួន​មិន​ទាន់​បាន​ចូល​បម្រើការ​វិញ​ផង​នោះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ហេតុអ្វី​ត្រូវ​អវត្តមាន​បើ​មិន​ទាន់​បាន​ធ្វើការ​ផង​? បើ​ចង់​លុប​ឈ្មោះ​ខ្ញុំ​ចេញ​ពី​ក្របខ័ណ្ឌ​គួរ​តែ​រក​មូលហេតុ​ផ្សេង​ទៅ បើ​យក​ហេតុផល​អវត្តមាន​គ្មាន​ច្បាប់​នេះ​វា​ជា​រឿង​មួយ​អាក្រក់​ខូច​កេរ្តិ៍​ឈ្មោះ​ក្រសួង​ប៉ះពាល់​ដល់​ក្រសួង​ និង​រដ្ឋាភិបាល​។ បើ​ចង់​ធ្វើ​បែប​ហ្នឹង​គួរ​តែ​ពិនិត្យ និង​ផ្អែក​តាម​ក្របខ័ណ្ឌ​ច្បាប់​ដែល​លោក​រដ្ឋមន្ត្រី​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ហើយ​គោរព​ច្បាប់​ទម្លាប់​ឲ្យ​បាន​ត្រឹមត្រូវ​ព្រោះ​ក្រសួង​អប់រំ​ជា​ក្រសួង​នាំ​មុខ​គេ​បើ​គ្រាន់​តែ​ធ្វើ​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ធំ និង​យក​នយោបាយ​មក​ពាក់ព័ន្ធ​គឺ​មិន​ត្រូវ​ទេ​ហើយ​មិន​អាច​ធ្វើការ​កែប្រែ​វិស័យ​អប់រំ​ឲ្យ​ប្រសើរ​ឡើង​បាន​ទេ​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ចាត់ទុក​ថា ការ​ដក​ឈ្មោះ​លោក រ៉ុង ឈុន ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​នេះ​គឺជា​ហេតុផល​នយោបាយ​ទាំង​ស្រុង​ព្រោះ​មន្ត្រី ឬ​លោកគ្រូ អ្នកគ្រូ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ប្រឆាំង ឬ​មិន​មាន​និន្នាការ​ទៅ​រក​បក្ខពួក​ខ្លួន​នោះ គេ​នឹង​រក​លេស​បញ្ចប់​តួនាទី និង​ធ្វើ​ទុក្ខ​បុកម្នេញ​ពួកគេ​។

លោកស្រី​បន្ត​ថា​៖ «​ការ​ព្រមាន​នេះ​ក៏​ជា​លេស​មួយ​ដែរ ដើម្បី​ដាក់​បន្ទុក​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ទេ បើ​សិន​ជា​ក្រសួង​លុប​ឈ្មោះ​ហើយ អ៊ីចឹង​ហើយ​បាន​ជា​រក​លេស​ដាក់​បន្ទុក​នេះ ឬ​នោះ​អ៊ីចឹង​ទៅ​»​។

មន្ត្រី​ថ្នាក់​ដឹកនាំ​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ចំនួន​ ៤ ​នាក់​កាលពី​ម្សិលមិញ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​៕