ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចេញលិខិតជូនដល់អភិបាលរាជធានី-ខេត្តទាំងអស់ឲ្យបន្តពង្រឹងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងផែនការស្នើសុំកុំឲ្យអាជ្ញាធរមូលដ្ឋានមានការយោគយល់ និងឃុបឃិតក្នុងការចេញបណ្ណ។
ក្នុងលិខិតផ្ញើជូនទៅអភិបាលរាជធានី ខេត្ត កាលពីថ្ងៃទី ២៨ ធ្នូ លោក ស ខេង បញ្ជាក់ថា គិតចាប់ពីថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០២០ មកដល់ខែធ្នូនេះ គ្រួសារក្រីក្រជាង ៧០ ម៉ឺនគ្រួសារ និងគិតជាប្រជាជនមានជាង ២,៨ លាននាក់កំពុងតែបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ ការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងធំធេងពីគ្រប់មជ្ឈដ្ឋាន។ ខណៈពេលដែលរដ្ឋាភិបាលបន្តបើកប្រាក់ឧបត្ថម្ភនេះដល់គ្រួសារក្រីក្រក្នុងជុំទី ៤ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២១ លោកស្នើឲ្យអាជ្ញាធរខេត្តអនុវត្តកម្មវិធីឧបត្ថម្ភនេះប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមធម៌។
លិខិតលោក ស ខេង សរសេរថា៖ «[អភិបាលរាជធានី-ខេត្ត] ត្រូវធ្វើការណែនាំឲ្យបានម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំ និងក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវពង្រឹងការបំពេញការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នេះឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងខ្ជាប់ខ្ជួនបំផុត»។ «[អាជ្ញាធរមូលដ្ឋាន] ត្រូវចៀសវាងឲ្យខាងតែបាននូវការយោគយល់ និងឃុបឃិតគ្នាដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ឬអ្នកស្គាល់គ្នាដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ មុនដំណាច់ឆ្នាំ ២០២០ នេះ។
រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវតាមដាន ត្រួតពិនិត្យ និងជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ រដ្ឋបាលរាជធានី-ខេត្តត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ ណាដែលបានអនុវត្តមិនប្រក្រតីក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។
ការណែនាំរបស់លោក ស ខេង ធ្វើឡើងតាមសំណើពីលោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការដែលបានសរសេរលិខិតមួយទៅលោក ស ខេង កាលពីថ្ងៃទី ២១ ធ្នូ ស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ដល់ការណែនាំជាថ្មីដល់អភិបាលរាជធានីខេត្តឲ្យណែនាំបន្តទៅអាជ្ញាធរមូលដ្ឋានក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រឲ្យបានត្រឹមត្រូវ។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគិតចាប់ពីខែមិថុនា ដល់ដំណាច់ខែវិច្ឆិកា ពលរដ្ឋក្រីក្រចំនួន ៧០៤ ១៣៥ គ្រួសារ បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដែលមានទឹកប្រាក់សរុបប្រមាណ ១៧៥ លានដុល្លារ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងពីម្សិលមិញថា រដ្ឋបាលខេត្តលោកទទួលសេចក្ដីណែនាំនេះហើយ ព្រមទាំងបានបញ្ជូនទៅអាជ្ញាធរថ្នាក់ក្រោមរួចហើយ តាមរយៈបណ្ដាញរដ្ឋបាលអេឡិចត្រូនិក។
លោកថ្លែងថា៖ «យើងនឹងតាមដានឲ្យមានការត្រួតពិនិត្យទៅលើការធ្វើអត្តសញ្ញាណកម្មរបស់មេភូមិ មេឃុំ ក្រែងលោគាត់មានការគៃបន្លំប្រាក់ដែលយើងត្រូវឧបត្ថម្ភដល់ជនក្រីក្រ។ និយាយដូច្នេះមិនមែនមានន័យថា បងប្អូនមេភូមិ មេឃុំ គ្មានសិទ្ធិក្រទេ កុំឲ្យតែគាត់បន្លំ បានន័យថា គាត់មានហើយតែឆ្លៀតឱកាសនោះដាក់បងប្អូនកូនក្មួយដើម្បីគៃបន្លំ កេងប្រវ័ញ្ចពីលុយរបស់រាជរដ្ឋាភិបាលដែលឧបត្ថម្ភដល់ជនរងគ្រោះ និងងាយរងគ្រោះ»។
លោកអះអាងថា ចាប់ពីមានកម្មវិធីផ្ដល់សាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ ១៩ មិនមានករណីចុះឈ្មោះសាច់ញាតិមិត្តភក្តិរបស់មេភូមិមេឃុំទេ នៅក្នុងខេត្តកំពង់ស្ពឺ ប៉ុន្តែមានករណីផ្ទុយពីនេះ។
លោកថ្លែងថា៖ «នៅឃុំមួយនៅស្រុកសំរោងទង ដែលបងប្អូនតែងយល់ច្រឡំ។ ពីមុនគាត់ជាអ្នកមាន ប៉ុន្តែក្រោយមកគាត់គ្រោះថ្នាក់ចរាចរណ៍ប្ដីគាត់ស្លាប់បាត់ទៅ គាត់ក្លាយជាអ្នកក្រ ហើយបងប្អូនយើងចេះតែនិយាយថា គាត់នោះមានខ្នងជាបងប្អូនគាត់។ ប៉ុន្តែក្រោយគណៈកម្មការចុះត្រួតពិនិត្យទើបដឹងថា គាត់បានក្លាយជាអ្នកក្រ»។
លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការបានថ្លែងប្រាប់កាលពីថ្ងៃទី ២៨ ធ្នូថា គិតចាប់ពីខែមិថុនាដល់បច្ចុប្បន្នមានការដកហូតបណ្ណក្រីក្រមកវិញចំនួន ១៤ ៤០០ ករណី ដោយសារតែអ្នកដែលធ្លាប់ទទួលបានបណ្ណនេះមានជីវភាពប្រសើរជាងមុនផុតពីលក្ខខណ្ឌកំណត់ ហើយចំនួននេះក៏គិតបញ្ចូលទាំងការចេញបណ្ណមានភាពមិនប្រក្រតីសម្រាប់ សាច់ញាតិរបស់អាជ្ញាធរដែលមានជីវភាពប្រសើរ។
លោក ស្រី ដា ថ្លែងថា ករណីរកឃើញថាបុគ្គលដែលមានសមត្ថកិច្ចជាអ្នកកេងបន្លំត្រូវសងថវិកាចូលរដ្ឋវិញ ឯករណីប្រជាពលរដ្ឋវិញ មិនតម្រូវឲ្យសងត្រឡប់ទេ គ្រាន់តែដកបណ្ណក្រីក្រមកវិញ៕