ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​លោក ជា សុផារ៉ា បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដី​សង្គមកិច្ច​ហើយ កុំ​យកទៅ​លក់ដូរ ឬ​បញ្ចាំ​ឲ្យ​សោះ ត្រូវ​ទុក​ដី​នេះ​រស់នៅ​អាស្រ័យផល និង​ចែក​កូនចៅ​របស់ខ្លួន​ក្រោយៗ​បន្តទៀត​។

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ក្នុង​កម្ម​វិធីចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ​ជូន​សម្បទានិក និង​សម្ពោធ​សមិទ្ធផល​នានា​របស់​គម្រោង​បែងចែក​ដី ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​​ ២ (LASED II) ​កាលពី​ថ្ងៃ​ទី​ ១២ ខែ​ធ្នូ នៅ​ខេត្ត​កំពង់ឆ្នាំង​លោក​ ជា សុផារ៉ា បញ្ជាក់​ទៅកាន់​ប្រជាពលរដ្ឋ​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​ដី​សង្គមកិច្ច​ដល់​អតីត​កងកម្លាំង​ប្រដាប់អាវុធ ប្រជាពលរដ្ឋ​ក្រីក្រ និង​គ្រួសារ​យោធិន​ដោយ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់ ដើម្បី​សាងសង់​ធ្វើ​លំនៅឋាន និង​សម្រាប់ធ្វើ​កសិកម្ម​។

បើ​តាម​លោក​ វន ​ស៊ីផា អភិបាល​ស្រុក សាមគ្គី​មានជ័យ​ឲ្យ​ដឹងថា រដ្ឋមន្ត្រីក្រសួង​ដែនដី​បាន​អំពាវនាវ អតីត​កងកម្លាំង​ប្រដាប់អាវុធ ប្រជាពលរដ្ឋ​ក្រីក្រ និង​គ្រួសារ​យោធិន​ត្រូវ​ថែរក្សា​ដី​នេះ​ឲ្យ​បាន​គង់វង្ស ដោយ​មិនត្រូវ​លក់ ឬ​បញ្ចាំ​ជាដាច់ខាត ដើម្បី​កសាង​ជីវិត​ថ្មី និង​ប្រកបមុខរបរ​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​ផ្សេងៗ​ដែល​អាចជួយ​លើកកម្ពស់ ជីវភាព​គ្រួសារ​ចៀសផុត​ពី​ភាពក្រីក្រ​។

លោក​បន្តថា​លោក​រដ្ឋមន្ត្រី​ក៏​ជំរុញ​ដល់​ប្រជាជន​ទាំងអស់​ធ្វើ​យ៉ាងណា​កុំ​លក់​ដី​សម្បទាន​សង្គមកិច្ច ដែល​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​នេះ​។ ដី​គឺមាន​ក្ដីសង្ឃឹម ហើយ​ជា​កេរ​មរតក​សម្រាប់​កូនចៅ និង​ជា​ទុន​នៃ​ប្រាក់ចំណូល​ប្រចាំថ្ងៃ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ជាង​មុន​។ លោក​ [​ជា សុផារ៉ា​] ក៏​សុំ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​យក​ប្លង់ដី​នេះ​ទៅ​ដាក់​បញ្ចាំ​ផងដែរ ដោយសារ​តែ​លោក​បារម្ភ​ខ្លាច​ការប្រើប្រាស់​កម្ចី​របស់​ពលរដ្ឋ​មិន​ចំ​គោលដៅ​។

លោក​បញ្ជាក់ថា​៖ «​ពេលខ្លះ​បងប្អូន​យើង គាត់​បាន​យក​បណ្ណកម្មសិទ្ធិ​ដី​សង្គមកិច្ច​យក​ទៅ​លក់ដូរ ឬ​បញ្ចាំ ដើម្បី​យក​ថវិកា​ទៅ​ដោះស្រាយ​ជីវភាព​ ឬ​ប្រកប​មុខរបរ​បន្ថែម​ចិញ្ចឹមជីវិត​។ ឯកឧត្តម​ឧប​ [​នាយករដ្ឋមន្ត្រី​ ជា សុផារ៉ា​] បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ហើយ​យើង​បាន​ខិតខំ​អនុវត្តតាម​អនុសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ [​ដែនដី​] ​ហើយ​យើង​ក៏​បាន​ណែនាំ​គាត់ ពួកគាត់​មិនត្រូវ​យក​បណ្ណកម្មសិទ្ធិ​ដី​សង្គមកិច្ច យក​ទៅ​លក់​ដូរ​ ឬ​បញ្ចាំ​នោះទេ​។ តែ​យើង​ក៏​គ្មាន​សិទ្ធិ​អី​ហាម​គាត់​មិន​ឲ្យ​មានការ​ទិញ លក់​ឬ​បញ្ចាំ​ដែរ ដោយសារ​តែ​វា​ជា​សិទ្ធិ​ និង​តម្រូវការ​ចាំបាច់​របស់គាត់​»​។

លោក​បន្ថែមថា​៖ «​ប្រជាពលរដ្ឋ​ដែល​យក​បណ្ណកម្មសិទ្ធិ​ដីសង្គមកិច្ច​ទៅ​លក់ដូរ ឬ​បញ្ចាំ​ភាគច្រើន​គឺ​អតីត​កងកម្លាំង​ប្រដាប់អាវុធ ដោយសារ​តែ​ពេល​ខ្លះ​គាត់​ចាស់ជរា​ណាស់ កូន​គាត់​មិន​នៅ​ជាមួយ​គាត់​។ សូមកុំ​លក់​ដី និង​កុំ​យក​ប្លង់ដី​ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ ព្រោះ​អាច​ធ្វើឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​លើដី​សម្បទាន​នេះ កាន់តែ​ក្រលំបាក​ជាង​មុន​»​។

លោក​ សន គឹមរឿង ដែល​ជា​អតីត​ទាហាន​ និង​មន្ត្រីនគរបាល​រស់នៅ​ឃុំ​ស្វាយជុក ស្រុក​សាមគ្គីមានជ័យ ដែល​ទទួល​ដី​លំនៅឋាន​ទំហំ​ ៣០ ​គុណ​ ៣០ ​ម៉ែត្រ និង​ដី​កសិកម្ម​ ១ ​ហិកតា​បាន​សម្តែង​ការសប្បាយ​ចិត្ត​។ លោក​សន្យាថា​នឹង​ថែរក្សា​ដី​សម្បទាន​សង្គមកិច្ច ដែល​ទទួលបាន​ពី​រដ្ឋាភិបាល​ឲ្យ​បាន​គង់វង្ស​ហើយ​ និង​ប្រើប្រាស់​ដី​នេះ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ផ្ទះ និង​ដី​សម្រាប់​បង្កបង្កើនផល​។ យើង​ត្រេកអរ​នៅពេល​ដែល​យើង​ទទួលបាន​ប្លង់​»​។

លោក​ថា មាន​អតីត​កងកម្លាំង​ប្រដាប់អាវុធ ប្រជាពលរដ្ឋ​ក្រីក្រ គ្រួសារ​យោធិន និង​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ដែល​ទទួលបាន​បណ្ណកម្មសិទ្ធិ​ដី​សង្គមកិច្ច​យក​ទៅ​លក់ដូរ ឬ​បញ្ចាំ ដោយសារ​តែ​ពួកគេ​មានការ​លំបាក​ក្នុង​ការដោះស្រាយ​ជីវភាព​។ ពីព្រោះ​តែ​នៅ​តំបន់​នោះ​ពុំទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​។

លោក​បន្ថែមថា​៖ «​មាន​បងប្អូន​យើង​ខ្លះ​បាន​យក​ប្លង់ដី​ដែល​បាន​ទៅ​បញ្ចាំ​ ឬ​ក៏​លក់ដូរ​ដោយសារ​តែ​ចាស់ជរា​។ ពួកគាត់​លក់​ដោយសារ​ការខ្វះ​ទឹក មន្ទីរពេទ្យ ភ្លើង វា​បង្ក​ផល​លំបាក​»​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឱ្យ​ដឹងថា គម្រោង LASED ជំហាន​ ២ បាននិង​កំពុង​អនុវត្ត​ដោយ​មាន​ស្ថាប័ន​ទទួលខុសត្រូវ​អនុវត្ត​ចំនួន ​៣ រួមមាន លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។

អគ្គនាយកដ្ឋាន​លំនៅឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្រោម​កម្ចី​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​នូវ​ទឹកប្រាក់​ចំនួន ២៥ ​លាន​ដុល្លារ​អាមេរិក​ និង​ថវិកា បដិភាគ​របស់​រាជរដ្ឋាភិបាល​បន្ថែមចំនួន​ ១,៨៦ ​លាន​ដុល្លារ​អាមេរិក​ ដោយ​ត្រូវ​អនុវត្តន៍​រយៈពេល​ ៥ ​ឆ្នាំ​ គិត​ចាប់ពី​ខែ​សីហា ២០១៦ រហូត​ដល់​ខែធ្នូ​ ២០២១​។ គម្រោង​នេះ​ត្រូវ​អនុវត្ដ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ៥ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ត្បូងឃ្មុំ និង​ខេត្តក្រចេះ​។

គិត​ត្រឹម​ខែធ្នូ ២០១៩ គម្រោង​បាន​បន្ត​ការរៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ក្នុង​ទីតាំង​ទាំង​ ១៤ ​កន្លែង​ទំហំ​ ១៤ ១២០,៤ ​ហិកតា និង​បានជ្រើសរើស​សម្បទានិក​ស្របតាម​នីតិវិធី​កំណត់​ចំនួន​ប្រមាណ​ ៥ ០១០ ​គ្រួសារ​ ស្មើនឹង​ ៩៩ ​ភាគរយ ​នៃ​ចំនួន​គ្រួសារ​ដែល​បាន​គ្រោងទុក​ចំនួន ៥ ១៤១​ ​គ្រួសារ​។ ក្នុងនោះ សម្បទានិក​ដែល​មិនទាន់​បាន​ចូលមក​រស់នៅ​សោះ​មាន​ចំនួន​​ ៥១៨ ​គ្រួសារ ហើយ​ផ្ទៃដី​ដែល​មិនទាន់​បាន ប្រើ​សោះ​ដែល​នឹងត្រូវ​ដកហូត​យកមក​វិញ​មាន​ទំហំ ៧៥០,៧២ ​ហិកតា ​ស្មើនឹង​ ៩០៤ ​ឡូត៍​៕