ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនា លោក ហ៊ឹម ឆែម បានណែនាំទៅអាចារ្យ នៅក្នុងព្រះពុទ្ធសាសនាត្រូវធើ្វយ៉ាងណាប្រព្រឹត្ដឲ្យបានត្រឹមត្រូវ តាមក្បួនច្បាប់ពីបុរាណ ដែលដូនតាបន្សល់ទុក គឺត្រូវធ្វើឲ្យស្របគ្នា ពីតំបន់មួយ ទៅតំបន់មួយ ក្នុងការរៀបចំកិច្ចនៃពិធីមង្គលការឬពិធីបុណ្យផ្សេងៗតាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរដែលបន្សល់ទុកពីបុរាណ។
លោក ហ៊ឹម ឆែម បានថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៣១» កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ ថា ប្រទេសកម្ពុជា ជាប្រទេសដែមានវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់សម្បូរបែប ហើយជាជនជាតិមួយ ដែលមានវ័យចំណាស់នៅក្នុងតំបន់។
លោកបន្ដថា៖ «ក្នុងនាមជាអ្នកដឹកនាំពិធីផ្សេងៗ អាចារ្យត្រូវធើ្វយ៉ាងណា ប្រព្រឹត្ដឲ្យបានត្រឹមត្រូវ តាមក្បួនច្បាប់ពីបុរាណដែលដូនតាយើងបានបន្សល់ទុកឲ្យ។ ការអនុវត្តនោះ ត្រូវធ្វើឲ្យស្របគ្នាពីតំបន់មួយ ទៅតំបន់មួយ ចៀសវាងការអនុវត្តផ្ទុយគ្នា ដែលខុសពីក្បួនច្បាប់ពីបុរាណនិងធ្វើឲ្យមានការចម្លងអនុវត្តខុសតៗគ្នាទៀត»។
លោក ហ៊ឹម ឆែម បញ្ជាក់ថា រាល់សកម្មភាពទាំងឡាយ ក្នុងប្រពៃណីទំនៀមទម្លាប់ តែងតែមានបែបបទជាច្រើន និងបង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។
លោកបន្ថែមថា៖ «ចំពោះពិធីនីមួយៗច្រើនមានសិល្ប៍វិធីអប់រំ ប្រកបដោយទស្សនវិជ្ជា។ ដូច្នេះរាល់ពិធីបុណ្យបែបព្រះពុទ្ធសាសនាក្តីបែបទំនៀមទម្លាប់ បុរាណក្តី ចាំបាច់ទាមទារឲ្យមានអ្នកចេះដឹង និងអនុវត្តឲ្យបានត្រឹមត្រូវ និងមានគោលការណ៍ឯកភាពមួយ»។
បើតាមលោករដ្ឋមន្រ្ដី អាចារ្យជាអ្នកដឹកនាំកិច្ចផ្សេងៗ ដូច្នេះត្រូវចេះពន្យល់និងណែនាំអ្នកដទៃឲ្យបានដឹងអំពីផ្លូវខុស និងត្រូវ ហើយត្រូវមានចំណេះដឹងខ្ពស់និងច្បាស់លាស់ ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រទើបអាចដឹកនាំកិច្ច ក្នុងពិធីកម្មផ្សេងៗ តាមលក្ខណៈប្រពៃណីជាតិខ្មែរបានជាពិសេសក្នុងពិធីមង្គលការ និងពិធីបុណ្យផ្សេងៗ។
ដើម្បីលើកកម្ពស់ការពង្រឹង និងការប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់ខ្មែរឲ្យបានគត់មត់ ស្របតាមចរន្តហូរចូលនៃសកលភាវូបនីយកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យ រដ្ឋមន្ត្រីក្រសួងធម្មការ បានណែនាំទៅអាចារ្យទាំងឡាយទៀតថា ត្រូវមានសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងល្អ ជាមួយនឹងគណៈកម្មការវត្ត ចៅអធិការវត្ត ព្រមទាំងព្រះមេគណ ព្រះអនុគណ មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទមិនប្រកាន់បក្ខពួក និងរើសអើងវណ្ណៈសង្គម។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បញ្ជាក់ថា៖ «គោលបំណង និងទិសដៅរបស់ឯកឧត្ដមរដ្ឋមន្រ្ដី គាត់ចង់ឲ្យអាចារ្យរបស់យើងជួយពង្រឹងការផ្សព្វផ្សាយ ការអប់រំ ការណែនាំ ឲ្យបានត្រឹមត្រូវ»។
លោកបន្ថែមថា ទាក់ទងនឹងបញ្ហានេះ លោករដ្ឋមន្រ្ដីក៏ចង់ឲ្យអាចារ្យទាំងឡាយ ត្រូវប្រតិបត្ដិខ្លួនឯងឲ្យបានត្រឹមត្រូវ និងត្រូវយកចំណុចល្អទៅអប់រំបន្ដទៅដល់ពុទ្ធបរិស័ទ ដែលនៅចំណុះជើងវត្ដរបស់ខ្លួនឲ្យបានយល់ដឹង។
បើតាមលោក សុមុនី អាចារ្យដែលបានចូលរួមសិក្សា ក្នុងវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ សរុបមានចំនួនជាង ១ ម៉ឺននាក់ហើយ ខណៈក្រសួងកំពុងរៀបចំវគ្គបណ្ដុះបណ្ដាលនេះ រយៈពេល ៣ ខែម្ដង ចាប់តាំងពីឆ្នាំ ២០០៩ មកដែលអាចឲ្យអាចារ្យទូទាំងប្រទេសមកសិក្សា និងតម្រង់ទិសបន្ថែម។
លោក ញឹក កៅ អាចារ្យនៅវត្ដចំពុះក្អែកដែលធ្លាប់ចូលរៀនវគ្គបណ្ដុះបណ្ដាលអាចារ្យនេះដែរ តាំងពីលើកទី ១ មក បានថ្លែងថា ការណែនាំរបស់រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនានេះ គឺជាការត្រឹមត្រូវ ដើម្បីកុំឲ្យអាចារ្យក្មេងៗជំនាន់ក្រោយ មានការប្រព្រឹត្ដខុសគន្លងបែបបទចាស់បុរាណ។
លោកបន្ដថា៖ «កាលពីខ្ញុំទៅចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ក៏គេបានណែនាំបែបនេះដែរ។ ការណែនាំបែបនេះគឺត្រឹមត្រូវណាស់ គឺកុំឲ្យមានការប្រព្រឹត្ដខុសពីបែបបទបុរាណយើងដែលបានបន្សល់ទុកមក»។
លោកបន្ថែមថា៖ «វត្ដចំពុះក្អែក ក៏ជាវត្ដចាស់បុរាណមួយដែរ ចំណែកការអនុវត្ដកិច្ច សម្រាប់ពិធីបុណ្យផ្សេងៗ មិនខុសគ្នាទេ គឺធ្វើដូចគ្នាតាមបែបបទបុរាណទាំងអស់»៕