ភ្នំពេញៈ លោក Hulusi AKAR រដ្ឋមន្ត្រីការពារជាតិតួកគីបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ទៀ បាញ់ និងគណៈប្រតិភូក្រសួងការពារជាតិនៅសាធារណរដ្ឋតួកគីថា បានបង្កើតឱកាសមួយដ៏ល្អសម្រាប់ឱ្យកងទ័ពទាំង ២ បានធ្វើការចែករំលែកចំណេះដឹង និងបទពិសោធពីគ្នាទៅវិញទៅមក និងធ្វើការងាររួមគ្នា ដើម្បីផលប្រយោជន៍ប្រទេសទាំង ២។ នេះបើយោងតាម គេហទំព័ររបស់ក្រសួងការពារជាតិ។
ការថ្លែងរបស់លោក Hulusi AKAR ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយនឹងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូក្រសួងការពារជាតិកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅរដ្ឋធានីអង់ការ៉ា។
គេហទំព័រក្រសួងការពារជាតិបានដកស្រង់សម្តីលោក Hulusi AKAR មកចុះផ្សាយថា ទោះបីជាកម្ពុជា-តួកគីនៅឆ្ងាយពីគ្នាពិតមែន ក៏ប៉ុន្តែប្រទេសទាំង ២ អាចធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នានៅលើវិស័យជាច្រើន។ លោកក៏បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ទៀ បាញ់ ថា ពិតជាមានសារៈសំខាន់ ពីព្រោះដំណើរទស្សនកិច្ចនេះបានបង្កើតឱកាសមួយដ៏ល្អ សម្រាប់ឱ្យកងទ័ពទាំង ២ បានធ្វើការចែករំលែកចំណេះដឹង និងបទពិសោធពីគ្នាទៅវិញទៅមក។
លោកបញ្ជាក់ថា៖ «ការហ្វឹកហ្វឺនកងទ័ពតាមរយៈការផ្លាស់ប្ដូរការសិក្សាក្នុងបណ្ឌិត្យសភាយោធាក៏ដូចជាការផ្លាស់ប្ដូរទៅវិញទៅមក យោធាចារ្យតាមវិស័យផ្សេងៗទៀត។ យើងអាចចែករំលែកបទពិសោធ ចំណេះដឹងទាក់ទងនឹងវិស័យការពារជាតិ និងធ្វើការងាររួមគ្នា ដើម្បីផលប្រយោជន៍ប្រទេសទាំង ២ ក៏ដូចជាដើម្បីបុព្វហេតុសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ»។
ជាការឆ្លើយតបលោក ទៀ បាញ់ ថ្លែងថា ដំណើរទស្សនកិច្ចជាលើកដំបូងនេះ គឺធ្វើឡើងក្នុងការពង្រឹង និងរៀបចំទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យយោធាប្រទេសទាំង ២។ ទោះបីជាមិនទាន់មានវិស័យជាច្រើនដែលត្រូវធ្វើកិច្ចសហប្រតិបត្តិការក្តី តែប្រទេសទាំង ២ បានសម្លឹងឃើញជាមួយនឹងការបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេសឧស្សាហកម្ម និងសម្ភារផ្នែកយោធាដែលមានខ្លះនាពេលកន្លងមក។
លោកបញ្ជាក់ថា៖ «ការផ្លាស់ប្តូរទស្សនៈយោបល់ជាមួយនឹងការចែករំលែកព័ត៌មានភេរវកម្ម និងគោលនយោបាយបទពិសោធទៅវិញទៅមកតាមរយៈជំនាញនយោបាយការពារជាតិ និងអាចពិនិត្យពិគ្រោះគ្នា និងផ្តល់បទពិសោធលើវិស័យកងទ័ពជាមួយនឹងការធានា និងគោលការណ៍សង្គមព្រមទាំងបញ្ហាមួយចំនួនទៀត»។
លោកបន្ថែមថា ដំណើរការអភិវឌ្ឍន៍ក្រោមទង់សុខសន្តិភាព និងឯកភាពជាតិពេញលេញ ក្រោមការដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យកម្ពុជាមានការលើកកម្ពស់នូវកំណែទម្រង់នានាគ្រប់វិស័យ ទន្ទឹមនេះវិស័យកងទ័ពក៏ត្រូវបានលើកកម្ពស់សមត្ថភាពក្នុងការកសាងខឿនការពារជាតិ ហើយក៏បានរួមចំណែកក្នុងសន្តិភាពពិភពលោកតាមរយៈការបញ្ជូនកងកម្លាំងទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាបន្តបន្ទាប់តាំងពីឆ្នាំ ២០០៦ មកប្រកបដោយជោគជ័យដ៏ធំធេង។
ជាមួយគ្នានេះកាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ ក្រុមគណៈប្រតិភូក្រសួងការពារជាតិបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន នូរ៉ូ ម៉ាគីណា (NuroMakina) ដែលជាក្រុមហ៊ុន ឧស្សាហកម្មយោធាផលិតរថពាសដែកដ៏ធំមួយនៅក្នុងទីក្រុងអង់ការ៉ានៃសាធារណរដ្ឋតួកគី។ រថពាសដែកដែលផលិតដោយក្រុមហ៊ុន NuroMakina ត្រូវបានទទួលស្គាល់ និងប្រើប្រាស់ជាទូទៅ នៅលើពិភពលោកក្នុងវិស័យយោធាលើកិច្ចការការពារសន្តិសុខ និងប្រតិបត្តិការរក្សាសន្តិភាព។
គណៈប្រតិភូក៏បានទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន អែហ្វ អិន អេស អេស ( FNSS) ជាក្រុមហ៊ុន ឧស្សាហកម្មយោធាផលិតយានយន្ត រថក្រោះ រថពាសដែក និងវិស្វកម្មសម្រាប់កងទ័ពតួកគី និងបានទៅទស្សនាខ្សែចង្វាក់ផលិតយានយន្ត និងបានអញ្ជើញទៅទស្សនាវាំង Topkapi និងទៅទស្សនា សារមន្ទីរ Hagia Sofia ស្ថិតនៅទីក្រុង អ៊ីស្តង់ប៊ុលផងដែរ។
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិឲ្យដឹងថា ដំណើរទស្សនកិច្ចនេះជាផ្នែកមួយនៃការពង្រឹង និងពង្រីកទំនាក់ទំនង និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងប្រទេសតួកគីទៅលើវិស័យយោធា និងការពារជាតិដែលនឹងជួយលើកស្ទួយឲ្យវិស័យការពារប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើនតែលោកថា ប្រទេសតួកគីអាចជួយតិចតួចណាស់ដល់ប្រទេសកម្ពុជាទាំងវិស័យយោធា និងសេដ្ឋកិច្ច។
លោកថ្លែងថា៖ «វាជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសតួកគីដូចដែលយើងបានឃើញកាលពីលើកមុនសម្តេចនាយកបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសនេះហើយបានជួបថ្នាក់ដឹកនាំមួយចំនួនរបស់ប្រទេសតួកគី។ វាជាការល្អដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេស ១ និងប្រទេស ១ ទៀត»៕