ភ្នំពេញៈ ដោយ​សំអាង​លើ​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​កាលពី​សប្តាហ៍​មុន​ដែល​ថា​ថ្ងៃ​៧​មករា​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​នោះ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃ​អាទិត្យ​បាន​ចាត់ទុក​ថា​នោះ​ជា​ការ​​ទើប​ទទួល​ស្គាល់ ខណៈ​ពី​មុន​​អាមេរិក​ធ្លាប់​បន្ត​គាំទ្រ​ខ្មែរក្រហម​បន្ទាប់ពី​ការ​បណ្តេញ​ចេញ​ពី​ភ្នំពេញ​កាលពី​ឆ្នាំ​ ១៩៧៩ ។

ថ្ងៃ​ ៧ មករា ត្រូវ​បាន​កំណត់​ថា​ជា​ថ្ងៃ​ដែល​កម្លាំង​គាំទ្រ​ដោយ​វៀតណាម​បាន​កាច់​បំបាក់​របប​ខ្មែរក្រហម​ដោយ​បាន​បណ្ដេញ​ពួកគេ​ឲ្យ​ទៅ​រស់នៅ​តាម​ព្រំដែន​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា ហើយ​គណបក្ស​ប្រជាជន​បាន​ប្រារព្ធ​ពិធី​រំឭក​ថ្ងៃ​៧​មករា​ជា​រៀងរាល់​ឆ្នាំ​។

ទោះ​យ៉ាង​ណា​ក្តី​មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត​រួមមាន អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ថ្ងៃ​នេះ​ថា​ជា​ការ​ចាប់ផ្តើម​ការ​ចូល​កាន់កាប់​ពី​សំណាក់​វៀតណាម​រយៈពេល​មួយ​ទសវត្សរ៍ ហើយ​បាន​ធ្វើឲ្យ​ថ្ងៃ​នេះ​ក្លាយ​ជា​បញ្ហា​ពិភាក្សា​ក្តៅគគុក​នៅ​ក្នុង​ភាសា​​នយោបាយ​នៅ​កម្ពុជា​។

នៅ​ក្នុង​ឆ្នាំ​នេះ​គណបក្ស​ប្រជាជន​បាន​ប្រារព្ធ​ពិធី​ដ៏ធំ​មួយ​នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ​ដោយ​មាន​ការ​ចូលរួម​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​ការ​ប្រារព្ធ​ពិធី​ប្រកួត​កីឡា​​ និង​ពិព័រណ៍​យោធា​ដឹកនាំ​ដោយ​កូនប្រុស​លោក​គឺ​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​ដទៃៗ​ទៀត​។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​ក្នុង​ខេត្ត​កណ្តាល​លោក សុខុន បាន​លើក​ឡើង​ថា​សហរដ្ឋ​អាមេរិក​មិន​ធ្លាប់​ទទួល​ស្គាល់​ថា​មាន​របប​ប្រល័យ​ពូជសាសន៍ ដឹកនាំ​ដោយ​ប៉ុលពត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ចង់​ការពារ​របប​នេះ​ទៀត​ផង​។

លោក​បាន​បន្ត​ថា​៖ «​អាមេរិក​នៅ​តែ​បដិសេធ និង​មិន​ដែល​ទទួល​ស្គាល់​របប​ប្រល័យ​ពូជសាសន៍​នេះ​។ ប៉ុន្តែ​ឥឡូវ​នេះ​ខ្លួន​ទទួល​ស្គាល់​វា​»​។ លោក​បន្ថែម​ថា អាមេរិក​ក៏​បាន​រារាំង​មិន​ឲ្យ​មាន​ការ​លើក​ឡើង​អំពី​របប​ប្រល័យ​ពូជសាសន៍​នេះ​ក្នុង​អំឡុង​ពេល​ចរចា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​កាលពី​ឆ្នាំ​ទសវត្សរ៍ ​៩០ ​ផង​ដែរ​។

លោក ប្រាក់ សុខុន បាន​សំដៅ​លើ​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​​ ៧ មករា​ឆ្នាំ​នេះ​ដែល​ថា​សេរីភាព​របស់​ទីក្រុង​ភ្នំពេញ​ពី​ខ្មែរក្រហម​គឺជា​ការ​ចាប់ផ្តើម​ «​អនាគត​មួយ​ដែល​ភ្លឺ​ថ្លា​ជាង​មុន និង​មាន​សង្ឃឹម​ជាង​មុន​» ​សម្រាប់​កម្ពុជា​។

សេចក្តី​ថ្លែងការណ៍​នៅ​លើ​ហ្វេសប៊ុក​ថា​៖ «​នៅ​ខួប​ទី​ ៣៩ ​នៃ​ទិវា​ប្រវត្តិសាស្ត្រ​នោះ​ស្ថានទូត​អាមេរិក​ចងចាំ​អំពី​ការ​បាត់បង់​ជីវិត​ពលរដ្ឋ​ ២ ​លាន​នាក់​នៅ​​ក្នុង​អំឡុង​នៃ​សម័យ​កាន់កាប់​​ដោយ​ខ្មែរក្រហម និង​ ២ ​លាន​នាក់​ទៀត​រង​ការ​ឈឺចាប់​»​។

ស្ថានទូត​អាមេរិក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ពី​ការ​លើក​ឡើង​នេះ​ទេ​គិត​ត្រឹម​ម៉ោង​ដែល​កាសែត​ត្រូវ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​។

បន្ទាប់ពី​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ខ្មែរក្រហម អាមេរិក​បាន​គាំទ្រ​ការ​បោះឆ្នោត​មួយ​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​ ១៩៧៩ ដើម្បី​អនុញ្ញាត​ឲ្យ​ខ្មែរក្រហម​តំណាង​កម្ពុជា​ជា​ផ្លូវការ​នៅ​វេទិកា​នោះ​ដែល​ត្រូវ​បាន​ឃើញ​ថា ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ឥទ្ធិពល​ពី​ប្រទេស​​វៀតណាម​មក​លើ​កម្ពុជា​។

ទាក់ទិន​នឹង​ការ​បដិសេធ​របស់​​អាមេរិក​ចំពោះ​របប​ខ្មែរក្រហម​លោក David Chandler ដែល​ជា​អ្នក​ប្រវត្តិសាស្ត្រ​ល្បី​ម្នាក់​បាន​ចង្អុល​ទៅ​លើ​ការ​គាំទ្រ​របស់​អាមេរិក​លើ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​មាន​បំណង​ពិនិត្យ​របប​ប្រល័យ​ពូជសាសន៍​។ អាមេរិក​បាន​បន្ត​គាំទ្រ​មជ្ឈមណ្ឌល​នេះ​តាមរយៈ​អង្គការ USAID ​របស់​ក្រសួង​ការបរទេស​អាមេរិក​។

ចំពោះ​ការ​មិន​លើក​ពី​របប​ខ្មែរក្រហម​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក Chandler បាន​ថ្លែង​ថា​អ្នក​ចូលរួម​ទាំងអស់ លើក​លែង​តែ​រដ្ឋាភិបាល​ពេល​នោះ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​លើក​ឡើង​ពី​របប​ប្រល័យ​ពូជសាសន៍​ក្នុង​អំឡុងពេល​កំពុង​ចរចា​ដោយ​មាន​ទាំង​ប្រទេស​ចិន​ផង​។

ចិន​គាំទ្រ​ការ​តស៊ូ​របស់​ខ្មែរក្រហម​តាម​ព្រំដែន​ថៃ បន្ទាប់ពី​ថ្ងៃ​៧​មករា ខណៈ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន ថា​ការ​ពាក់ព័ន្ធ​របស់​ចិន​ជាមួយ​ខ្មែរក្រហម​មិន​ចាំបាច់​លើក​ឡើង​ទៀត​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​មិន​ចាំបាច់​លើក​រឿង​នេះ​ឡើង​ទេ ដោយសារ​ចិន​បាន​ទទួល​ស្គាល់​ថ្ងៃ​ ៧ ​មករា​ជា​យូរ​មក​ហើយ​»​។

លោក​ថា​៖ «​ជា​រៀងរាល់​ឆ្នាំ​ក្នុង​អំឡុង​ពេល​នៃ​ការ​រំឭក​ខួប​ ៧ ​មករា ឯកអគ្គរដ្ឋទូត​ចិន​តែងតែ​ចូលរួម​»៕ PS