ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (​គ.ជ.អ.ប​) ​លោក ង៉ាន់ ចំរើន បាន​អះអាង​ថា​លោក​​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ថា ចាប់ពី​ឆ្នាំ​ ២០២០ ​ទៅ​បើ​រដ្ឋមន្ត្រី​ក្រសួង​ណា​មួយ​មិន​ព្រម​ផ្ទេរ​មុខងារ​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​ទេ​អាច​នឹង​ត្រូវ​ដក​តំណែង​។

ការ​ថ្លែង​របស់​លោក ង៉ាន់ ចំរើន បែប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ប្រមាណ​ជា​ ៤០ ​ស្ថាប័ន​កាលពី​ថ្ងៃទី​ ២១ ធ្នូ ដោយ​លោក​អះអាង​ថា​ជា​ការ​ព្រមាន​ពី​លោក​នាយក​រដ្ឋមន្ត្រី​នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​សប្តាហ៍​មុន​។

លោក​ថា​៖ «​សម្តេច​តេជោ​លោក​លើក​ឡើង​នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​ ៤១ ​ដោយ​សម្តេច​តេជោ​បាន​ប្តេជ្ញា​ដាច់​ខាត​កំណត់​ថា​ ២០២០ ​គឺជា​ឆ្នាំ​ដែល​វាស់វែង​អំពី​វឌ្ឍនភាព​នៃ​ការផ្ទេរ​មុខងារ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។​...​សម្តេច​បាន​មាន​ប្រសាសន៍​ច្បាស់​តែ​​ម្តង​។ ​នេះ​គឺជា​ការតាំង​ចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​»​។

លោក​បាន​បន្ថែម​ថា​ការផ្ទេរ​​មុខងារ ភារកិច្ច និង​ការទទួល​ខុសត្រូវ​ពី​ថ្នាក់ជាតិ​ ឬ​ថ្នាក់​ក្រសួង​ទៅ​កាន់​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន​ ឬ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គឺ​ទាក់ទង​ស្ទើរតែ​គ្រប់​ស្ថាប័ន លើកលែង​តែ​ក្រសួង​ការពារ​ជាតិ ក្រសួង​ការបរទេស ធនាគារ​ជាតិ​កម្ពុជា​។

យ៉ាង​ណា​ក្ដី​លោក ង៉ាន់ ចំរើន ថ្លែង​ថា​ការផ្ទេរ​នេះ​មិន​អាច​ធ្វើ​ទាំង​តក់ក្រហល់​បាន​ទេ​គឺ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន​ និង​ជំហានៗ​ហើយ​ក្រសួង​ និង​ស្ថាប័ន​សំខាន់​បំផុត​នោះ​គឺ​ក្រសួង​អប់រំ និង​សុខាភិបាល​ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​។

ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​ភាព​យឺតយ៉ាវ និង​ស្ទាក់ស្ទើរ​​នេះ​ក៏​ដោយសារ​មាន​ការ​ភ័យខ្លាច​បាត់បង់​សិទ្ធិ​អំណាច និង​ផលប្រយោជន៍​ផង​ដែរ តែ​លោក​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ដើម្បី​​ធានា​បាន​នូវ​ការផ្ទេរ​បុគ្គលិក​ពី​ក្រសួង​ស្ថាប័ន​ឲ្យ​ទៅ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ យើង​ចាំបាច់​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​​បន្តិច​។ ​...​អ្វី​ដែល​ជា​ការ​ស្ទាក់ស្ទើរ​ ឬ​ក៏​ភាព​អូសបន្លាយ​...​របស់​ក្រសួង និង​ស្ថាប័ន​មួយ​ចំនួន​វា​សំខាន់​ទាក់ទង​នឹង​ការព្រួយបារម្ភ​របស់​គាត់​ពាក់ព័ន្ធ​នឹង​សមត្ថភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ​ជា​បញ្ហា​ភាគច្រើន​ដែល​គាត់​បាន​លើក​ឡើង​...​សម្តេច​ក៏​បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ហ្នឹង​ដែរ​អំពី​ភាពយឺតយ៉ាវ​របស់​ក្រសួង និង​ស្ថាប័ន​មួយ​ចំនួន​នៅ​តែ​យក​លេស​អំពី​បញ្ហា​សមត្ថភាព​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។ សម្តេច​បាន​មាន​ប្រសាសន៍​ថា បើ​មិនទាន់​ផ្ទេរ​ភារកិច្ច និង​ការទទួល​ខុសត្រូវ​ឲ្យ​គេ​ផង ហេតុអ្វី​បាន​ជា​ប្រញាប់​វាយតម្លៃ​គេ​ម្ល៉េះ?»​។

លោក ទូច ចាន់នី អ្នក​នាំពាក្យ​​ និង​អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា​បាន​​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រសួង​លោក​បាន​ធ្វើ​អនុក្រឹត្យ​ទាក់ទង​នឹង​បញ្ហា​នេះ​រួច​ហើយ ប៉ុន្តែ​​លោក​ថា​មាន​វា​ការលំបាក​ដោយសារ​មន្ត្រី​មួយ​ចំនួន​មិន​ចង់​ទៅ​ធ្វើការ​នៅ​ក្រោម​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។

លោក​បញ្ជាក់​ថា​៖ «​យើង​មាន​រហូត​ដល់​អនុក្រឹត្យ​ហើយ​និង​មាន​ ៣ ​ផ្នែក ទី​ ១ គឺ​ការគ្រប់គ្រង​កុមារកំព្រា​របស់​រដ្ឋ​ទៅ​ឲ្យ​ថ្នាក់ រដ្ឋបាលខេត្ត​,​ទី​ ២ គឺ​ការត្រួត​ពិនិត្យ​សម្រាប់​ធ្វើ​អធិការកិច្ច​អង្គការ​ដៃគូ អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្នាក់ស្រុក ខណ្ឌ និង​ទី​ ៣ ​មុខងារ​ផ្តល់​សេវា​ដល់​កុមារ​ងាយ​រងគ្រោះ​ដល់​ក្នុង​សហគមន៍​»​។

អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គ្រប់​ក្រសួង​បាន​ចាប់ផ្ដើម​ផ្ទេរ​មុខងារ ភារកិច្ច និង​ការទទួល​ខុសត្រូវ​ពី​ថ្នាក់ជាតិ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ខេត្ត​​របស់​លោក​ដោយ​ប្រុងប្រយ័ត្ន​។

លោក​បាន​បញ្ជាក់​ថា​៖ «​នៅពេល​ដែល​គាត់​បាន​ផ្ទេរ​ទៅ​ហ្នឹង​គឺ​ខេត្ត​ជា​អ្នកសម្រេច​ដូចជា​ទាក់ទង​នឹង​ការតែងតាំង និង​ការប្រើប្រាស់​គឺ​យើង​បាន​ធ្វើ​ការសម្រេច​ និង​គ្រប់គ្រង​ដោយ​ខ្លួន​យើង​។

វា​អត់​មាន​អ្វី​ជា​បញ្ហា​ទេ​»​។

លោក សាល ដែល​ជា​អ្នក​រត់ម៉ូតូឌុប​នៅ​ខេត្ត​សៀមរាប​ម្នាក់​កាលពី​ម្សិលមិញ​បាន​ស្វាគមន៍​ចំពោះ​ការផ្ទេរ​មុខងារ​ភារកិច្ច និង​ការទទួល​ខុសត្រូវ​ពី​ថ្នាក់ជាតិ​មក​ថ្នាក់​ក្រោម​ជាតិ​នេះ ដោយសារ​វា​ជួយ​ផ្តល់​សេវាកម្ម​ដល់​ពលរដ្ឋ​បាន​ឆាប់​រហ័ស​។

លោក​បាន​បញ្ជាក់​ថា​៖ «​វា​ជា​ការល្អ​សម្រាប់​ពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន ដោយសារ​ពួកគាត់​អាច​ទទួល​សេវាកម្ម​ដោយ​ផ្ទាល់​ពី​មន្ត្រី​ថ្នាក់មូលដ្ឋាន​ហើយ​ជួយ​កាត់បន្ថយ​អំពើ​ពុករលួយ​»​។

បើ​តាម​របាយការណ៍​របស់​ (​គ.ជ.អ.ប​) ​បាន​ឲ្យ​ដឹង​ថា​មក​ទល់​ឆ្នាំ ២០១៨ នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទម្លាក់​ថវិការដ្ឋ​សរុប​ជាង ២ ៤១២ លាន​ដុល្លារ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​​ជាតិ​សម្រាប់​ការគ្រប់គ្រង​ចាត់ចែង និង​ប្រើប្រាស់​ក្រោម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​។

របាយការណ៍​ក៏​បាន​បង្ហាញ​​ដែរ​ថា ក្រសួង និង​ស្ថាប័ន​ចំនួន​ ១២ ​បាន​ធ្វើ​ប្រតិភូកម្ម​មុខងារ​ផ្តល់​សេវា​រដ្ឋបាល​ចំនួន​ប្រមាណ​ជាង​ ៦០០ ​ប្រភេទ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​តាមរយៈ​ការិយាល័យ​/​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​។ ក្នុង​នោះ​​រួមមាន មូលនិធិ​ឃុំ​សង្កាត់​ប្រមាណ​ជាង​ ៧១៦ ​លាន​ដុល្លារ​ (​គិត​ពី​ឆ្នាំ​ ២០០២ ​ដល់​ឆ្នាំ​ ២០១៨) មូលនិធិ​ក្រុង-ស្រុក​ចំនួន​ប្រមាណ ១៥២ ​លាន ដុល្លារ​ (​គិត​ពី​ឆ្នាំ ​២០១៣ ​ដល់​ឆ្នាំ​ ២០១៨) ​និង​ថវិកា​រាជធានី-ខេត្ត​ចំនួន​ប្រមាណ​ ១៥៤៤ ​លាន​ដុល្លារ (​គិត​ពី​ឆ្នាំ​ ២០០៩ ​ដល់​ឆ្នាំ​ ២០១៨) ​។

កាលពី​ពេល​កន្លង​មក​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​ធ្លាប់​បាន​លើក​ដែរ​ថា ការយឺតយ៉ាវ​ក្នុង​ការ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅ​ថ្នាក់ក្រោម​ជាតិ​បាន​ធ្វើឲ្យ​មាន​​ការរាំងស្ទះ​ដល់​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដោយ​លោក​ថា ក្រសួង​មួយ​ចំនួន​មាន​ភាពស្ទាក់ស្ទើរ ដោយសារ​ខ្លាច​បាត់បង់​សិទ្ធិអំណាច និង​ផលប្រយោជន៍​៕