ព្រះវិហារៈ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​ សាយ សំអាល់ បាន​ណែនាំ និង​ពន្យល់​បកស្រាយ​ដល់​ប្រជាពលរដ្ឋ​ដោយ​ប្រាប់​កុំ​បន្ត​ឱ្យមាន​ទំនាស់​ដីធ្លី​កើតឡើង​បន្ត​ទៀត ហើយ​ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ ដែលមាន​នៅក្នុង​តំបន់​ដែន​ជម្រក សត្វព្រៃ​ «​ភ្នំត្នោត-ភ្នំពក​»​។

ការណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ៥ ខែ​មករា ក្នុង​ឱកាសលោក​ចូលរួម​វេទិកាសាធារណៈ និង​ពិភាក្សា​លើ​ករណី​ប្រជាជន​កាន់កាប់​អាស្រ័យផល​ក្នុង​ដែនជម្រក​សត្វព្រៃ «​ភ្នំត្នោត-ភ្នំពក​» ​ដែល​រៀបចំឡើង​នៅ​ទីចាត់ការ​ដែនជម្រក​សត្វព្រៃ​បឹង​ពែរ ភូមិ​អូរពោធិ៍ ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ​។

លោក​ សាយ សំអាល់ បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​មុខរបរ​ដែល​ធ្លាប់​បរបាញ់​សត្វ​មក​ជា​ការចូលរួម​ចិញ្ចឹមសត្វ​ជំនួស​វិញ ព្រោះ​ការបរបាញ់​សត្វព្រៃ​ជា​អំពើ​ល្មើសច្បាប់ ប្រឈម​នឹង​ទោសទណ្ឌ​ចំពោះមុខ​ច្បាប់​។ លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្តល់​ជម្រើស​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការចិញ្ចឹមសត្វ​យក​សាច់ ដូចជា គោ ក្របី ហើយ​ជាពិសេស​នោះ​គឺ​សត្វ​ចៀម និង​ពពែ ជា​សត្វ​ដែល​ចិញ្ចឹម​ក្នុង​ព្រៃ​សហគមន៍​បាន​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ចំណាយពេល​វេលា​តិច ចំណេញ​ច្រើន​។

លោក​ថ្លែងថា​៖ «​យើងខ្ញុំ​ចង់ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ចំណូល​ខ្ពស់​មាន​ជីវភាព​ធូរធារ ហើយ​នៅពេល​បងប្អូន​ប្រជា​ពលរដ្ឋ​មាន​បាន​នោះ​នឹង​មាន​ការចូលរួម​កាន់​តែ​សកម្ម​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​យើង​មាន​»​។

តំណាង​ពលរដ្ឋ​ដែល​បានមក​ចូលរួម​វេទិកាសាធារណៈ​នោះ​បាន​ស្នើឱ្យ​មាន​ការដោះដូរ​ដី ដែល​បច្ចុប្បន្ន​ពួកគាត់​បាននិង​កំពុង​អាស្រ័យ​ផល​លើដី​សហគមន៍ និង​ខ្លះទៀត​ជាប់​ដី​សហគមន៍​ដោយ​មាន​សត្វព្រៃ​បំផ្លាញ​ដំណាំ​របស់​ពួកគាត់​។

លោក​ សាយ សំអាល់ ក៏បាន​ផ្ដល់យោបល់​ដល់​ប្រជាពលរដ្ឋ​ដោយ​ថា នឹង​រៀបចំ​ដី​បម្រុង​ទុក​សម្រាប់​ដោះដូរ​ជូន​ពួកគាត់ ដែល​ត្រូវ​នៅ​ជិត​សេវាសាធារណៈ មន្ទីរពេទ្យ សាលារៀន និង​វត្តអារាម ដើម្បី​ឱ្យ​ពួកគាត់​រស់នៅ​ដោយ​មាន​ភាពងាយស្រួល​។ លោក​បាន​ជំរុញ​ឱ្យ​មាន​ការកំណត់​ព្រំប្រទល់​តំបន់​ដែនជម្រក​សត្វព្រៃ​ឱ្យបាន​លឿន ពង្រឹង​ការអប់រំ​ប្រជាពលរដ្ឋ លើក​ទឹកចិត្ត​ឱ្យ​កូនចៅ​ពលរដ្ឋ​បាន​រៀនសូត្រ​ទាំងអស់​គ្នា និង​ស្នើ​ឱ្យដាំ​ដើមឈើ​ដែល​ឆាប់​បាន​ទទួលផល ដូចជា ដំណាំ​អាកាស្យា​ជាដើម​។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ត​ព្រះវិហារ លោក​ ឡោ ចាន់ ទទួល​ស្គាល់​ថា កន្លង​មក​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដី​ធ្វើជា​កម្មសិទ្ធិ និង​ចូលទៅ​បរបាញ់​សត្វ​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ «​ភ្នំ​ត្នោត-ភ្នំ​ពក​» ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​ខ្លះ បាន​ចូល​ទន្ទ្រាន​យក​ដី​ដែលជា​កម្មសិទ្ធិ​របស់​ដែនជម្រកសត្វព្រៃ «​ភ្នំត្នោត-ភ្នំពក​» ​ដែល​មាន​ការគ្រប់គ្រង​ដោយ​លោក Ben Devis ជា​អ្នក​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​នៅ​ទីនោះ និង​ដី​សហគមន៍​។ ប៉ុន្តែ​ក៏​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ក៏មាន​ដី​កម្មសិទ្ធិ​ពិតប្រាកដ​នៅ​ទីនោះ​ផងដែរ​»​។

ទោះជា​យ៉ាងណា​លោក​ ឡោ ចាន់ និយាយថា បើ​លោក​រដ្ឋមន្ត្រី​ដោះស្រាយ និង​ចាត់វិធានការ​ម៉ឺងម៉ាត់​ទៅ​លើ​អ្នក​ដែល​ទន្ទ្រាន​ដី​ពិតប្រាកដ​ (​អ្នក​ចំណូល​ថ្មី​) ​គឺជា​រឿង​មួយ​ល្អ​។ ប៉ុន្តែ​បើ​ចាត់​វិធានការ​ពលរដ្ឋ​ដែល​រស់នៅ​យូរ​ឆ្នាំ និង​មាន​ដី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នោះ​គឺជា​រឿង​អយុត្តិធម៌​។

លោក​សម្តែង​ការគាំទ្រ​ចំពោះ​លោក​រដ្ឋមន្ត្រី​ចំពោះ​ការជំរុញ​ឱ្យ​ពលរដ្ឋ​រស់នៅ​ទីនោះ ចិញ្ចឹម​សត្វស្រុក​ជំនួស​ដោយ​ការបរបាញ់​សត្វព្រៃ​។ ព្រោះ​ការបរបាញ់​សត្វព្រៃ​យកមក​ធ្វើ​អាជីវកម្ម​ចិញ្ចឹមជីវិត គឺជា​អំពើ​ខុសច្បាប់​។

ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ទាក់ទង​លោក Ben Devis អ្នក​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​តាមរយៈ​ទូរស័ព្ទ និង​ផ្ញើ​សារ​តាម​ប្រព័ន្ធ​តេឡេក្រាម​ពី​ម្សិលមិញ លោក​មិន​បាន​ឆ្លើយតប​ទេ​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ លោក​ថា មាន​ពលរដ្ឋ​ព្យាយាម​ចូល​ទន្ទ្រាន​កាន់កាប់​ដី យក​ធ្វើ​ជា​កម្មសិទ្ធិ​មាន​ជាច្រើន​ករណី​ដែល​ភាគច្រើន​ជា​ពលរដ្ឋ​ចំណាកស្រុក​មកពី​ខេត្ត​ផ្សេង​។

តាម​លោក​ Ben Devis ពលរដ្ឋ​ដែល​ចូលទៅ​ទន្ទ្រាន​ដី​នោះ បាន​បោះ​ព្រំដី​តាមរយៈ​ការកាប់​ដើមឈើ ដើម្បី​បោះបង្គោល និង​បាញ់ថ្នាំ ធ្វើ​ជា​ព្រំដី​របស់​ពួកគេ​។ ជាមួយ​គ្នា​នេះ​លោក​បានឃើញ​បង្គោល​ព្រំដី​ជាច្រើន​ទីតាំង​ផងដែរ ដែល​នេះ​គឺជា​សញ្ញា​មួយ​មិនល្អ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំត្នោត-ភ្នំពក​។

លោក​ Ben ​ថ្លែងថា​៖ «​ភាគច្រើន​ពលរដ្ឋ​ដែល​ចូល​ទន្ទ្រាន​កាន់កាប់​ដី​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំត្នោត-ភ្នំពក​នេះ គឺ​ពួកគេ​រក​ម៉ូយ​ទិញ​បាន​ភ្លាម​ដោយ​ពួកគាត់​មិន​ចង់​រស់នៅ​ទីនោះ​ទេ​ហើយ​ដី​ដែល​ពួកគេ​ចាប់បាន​នេះ ធ្វើ​ដំណាំ​ក៏​មិនកើត​។ សូម្បីតែ​ដាំ​ដើម​ស្វាយចន្ទី​ក៏​មិនអាច​រស់​ដែរ ព្រោះ​វា​ជា​ប្រភេទ​ដី​ថ្ម​»​។

តាម​ការសង្កេត​របស់​លោក Ben Devis នៅក្នុង​ខែធ្នូ​មាន​ពលរដ្ឋ​ដែល​ចូលទៅ​ទន្ទ្រាន​យក​ដី ជាច្រើន​ទីតាំង​ក្នុង​តំបន់​ការពារ​នេះ​មាន​ជាង​ ៥០ ​ហិកតា ​ដែល​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​ដែនជម្រក​សត្វព្រៃ «​ភ្នំត្នោត-ភ្នំពក​» ​នេះ​។

ដែនជម្រក​សត្វព្រៃ​ «​ភ្នំត្នោត-ភ្នំពក​» ​ត្រូវបាន​បង្កើត​ដោយ​អនុក្រឹត្យ​លេខ​ ១៤៣ អនក្រ.បក ចុះ​ថ្ងៃ ទី​ ៣១ សីហា ឆ្នាំ​ ២០១៧ ដែល មាន​ផ្ទៃដី​ចំនួន ៤២ ០៩៧ ​ហិកតា​ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប​៕