ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បានប្រកាស​ស្វាគមន៍​ចំពោះ​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​បំណង​ឱ្យ​អ្នកវិនិយោគ​របស់​ខ្លួន​មក​វិនិយោគ​លើ​ការគ្រប់គ្រង​សំណល់ និង​ការរៀបចំ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ទីក្រុង​មួយ​ចំនួន​នៅ​កម្ពុជា​។

ការប្រកាស​ស្វាគមន៍​បែប​នេះ​ធ្វើឡើង ខណៈ​លោក សាយ សំអាល់ ជួប​ជាមួយ​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​លោក Eldeen Husaini Bin Mohd Hashim កាលពី​ថ្ងៃ​អង្គារ​។

ហ្វេសប៊ុក​ក្រសួងបរិស្ថាន​បាន​ដកស្រង់​សម្ដី​លោក​រដ្ឋមន្ត្រី​រូបនេះ​ថា​៖ «​ឯកឧត្តម សាយ សំអាល់ បាន​លើក​ទឹកចិត្ត និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​លើ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ ២ ​កម្ពុជា-ម៉ាឡេស៊ី នៅ​ឆ្នាំ​ខាងមុខ​លើ​ការចែក​រំលែក​បទពិសោធ​ក្នុង​ការរៀបចំ​ទេសចរណ៍​ធម្មជាតិ និង​មាន​គោលបំណង​ឱ្យ​អ្នក​វិនិយោគិន​ពី​ប្រទេស​ម៉ាឡេស៊ី​មក​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ការគ្រប់គ្រង​សំណល់ ការរៀបចំ​រោងចក្រ​ប្រព្រឹតិ្តកម្ម​ទឹក​កខ្វក់​ពី​ទីក្រុង​»​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា លោក​ឯកអគ្គរាជទូត Eldeen សន្យាថា​នឹង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី និង​បាន​ស្នើ​​លោក សាយ សំអាល់ ទៅ​ចូលរួម​សន្និសីទ​អាស៊ាន​លើក​ទី​ ៣ ​ស្តីពី​ជីវចម្រុះ​នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​ ១៥ ដល់ទី​ ២០ ខែមីនា ខាងមុខ​។

ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​បានបញ្ជាក់​ក្នុង​ហ្វេសប៊ុក​កាលពី​ថ្ងៃ​អង្គារ​ថា​ក្នុង​ជំនួប​នេះ លោក Eldeen និង​លោក សាយ សំអាល់ បាន​ពិភាក្សា​សំខាន់​លើ​អត្ថប្រយោជន៍​របស់​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​បរិស្ថាន និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ជាពិសេស​លើ​ការគ្រប់គ្រង​សំរាម ការថែទាំ​ទឹក និង​អេកូទេសចរណ៍​។

ហ្វេសប៊ុក​ស្ថានទូត​ម៉ាឡេស៊ី​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឯកអគ្គរាជទូត​បាន​ស្នើ​អញ្ជើញ​កម្ពុជា​ក្នុង​ការសហការ​ជាមួយ​ក្រុមហ៊ុន Alam Flora Sdn Bhd និង​ក្រុមហ៊ុន Indah Water Konsortium Sdn Bhd របស់​ម៉ាឡេស៊ី​ក្នុង​ការកាត់​បន្ថយ​សំរាម និង​ផ្តល់នូវ​បរិស្ថាន​ស្អាត​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នេះ​គ្រាន់តែ​ជា​ការពិភាក្សា មិនទាន់​ចេញ​ជា​ផ្លែផ្កា​នោះទេ ទាក់ទងនឹង​គោលបំណង​ឱ្យ​អ្នក​វិនិយោគិន​ម៉ាឡេស៊ី​មក​វិនិយោគ​នៅ​​ប្រទេស​កម្ពុជា​នេះ​។

លោក​ថា​៖ «​អាហ្នឹង​គ្រាន់តែ​ជា​ការលើក​សំណូមពរ​ដំបូង​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​អង្គារ​បញ្ជាក់ថា ការដាក់ចេញ​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​គឺជា​កិច្ចការ​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ពេលបច្ចុប្បន្ន និង​អនាគត ដើម្បី​លើក​កម្ពស់​សុខភាព​សាធារណៈ សោភណភាព​ទីប្រជុំជន និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ជា​ឧត្តម​ប្រយោជន៍​ជាតិ​។

លោក ហេង យ៉ុនគូរ៉ា នាយក​ប្រតិបត្តិ​អង្គការ​កែច្នៃ និង​អនាម័យ​សហគមន៍ (CSARO) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា វា​ជា​ការល្អ​ដែល​ប្រទេស​ម៉ាឡេស៊ី​មាន​បំណង​មក​ជួយ​ដោះស្រាយ​បញ្ហា​កាកសំណល់​នេះ​ជាមួយ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ដូច​គម្រោង​ខាង​ខ្ញុំ ឬ​ខាង​ផ្សេងៗ​ធ្វើ​គឺ​ច្រើនតែ​ពេល​យើង​ធ្វើ​ចប់​ទៅ​វា​ចប់​ដែរ​។ ដូច្នេះ​វា​អត់​មានអី ខាង​អាជ្ញាធរ​យើង​បន្ត​ទៅមុខ​​អ៊ីចឹង​ណា​»​។

លោក ហេង យ៉ុនគូរ៉ា បញ្ជាក់​ថា​ការគ្រប់គ្រង​កាកសំណល់​ដោយ​រដ្ឋ​ចាប់ពី​ថ្នាក់ជាតិ​ដល់​ថ្នាក់ឃុំ សង្កាត់ គឺ​ដើរតួ​សំខាន់​ជាង​ការគ្រប់គ្រង​ដោយ​ឯកជន​។ ប្រសិន​បើ​អាជ្ញាធរ​មាន​គណៈកម្មការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​បាន​ត្រឹមត្រូវ វា​អាច​ប្រសើរ​ជាង​ការគ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន​។ លោក​ថា​៖ «​ខ្ញុំ​ឃើញ​ដែល​គេ​វិនិយោគ​ហ្នឹង​ត្រូវការ​យកចំណេញ​ហើយ​មិនសូវ​គិត​រឿង​បរិស្ថាន​អី​ច្រើន​ទេ​។ បើ​គិត​រឿង​បរិស្ថាន វា​មិន​ចំណេញ​ប៉ុន្មាន​ទេ​»៕