ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកជា សុផារ៉ា ពីម្សិលមិញបានព្រមានដល់ប្រតិបត្តិករ និងក្រុមហ៊ុនម៉ៅការសំណង់ទាំងអស់ត្រូវតែអនុវត្តច្បាប់ស្ដីពីសំណង់ និងសាងសង់ឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តឲ្យប្រើប្រាស់ផ្លូវការកាលពីពេលថ្មីៗនេះដោយមានការគាំទ្រពីសង្គមស៊ីវិល និងជំរុញឲ្យអនុវត្តមានតម្លាភាព។
ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់នៅកម្ពុជាពីម្សិលមិញ លោក ជា សុផារ៉ា ថ្លែងថា ក្រសួងបានធ្វើការបណ្ដុះបណ្ដាលច្បាប់ស្ដីពីសំណង់នេះទៅដល់រូបវន្តបុគ្គល ដើម្បីជំរុញឲ្យក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មទៅលើវិស័យសំណង់ ឬអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ត្រូវតែមានវិញ្ញាបនបត្រ។ ប្រតិបត្តិករមិនមានវិញ្ញាបនបត្រដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទេ គណៈកម្មការក្រសួងនឹងចុះទៅត្រួតពិនិត្យជាក់ស្ដែង។ ប្រសិនបើរកឃើញមានភាពមិនប្រក្រតីណាមួយកើតឡើង អាជ្ញាធរប្ដឹងអ្នកទទួលខុសត្រូវការដ្ឋានសំណង់នោះទៅតុលាការ។
កម្មវិធីនេះមានការចូលរួមពីវិស្វករ អ្នកជំនាញស្ថាបត្យកម្ម ប្រតិបត្តិករផ្នែកការងារសំណង់ ក្រុមហ៊ុនម៉ៅការសំណង់ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំណង់ប្រមាណជាង ៤ ពាន់នាក់នៅសណ្ឋាគារសុខាភ្នំពេញនៅថ្ងៃទី ១៤ ខែមករា។
លោកបានបញ្ជាក់ថា៖ «ពីមុនយើងមិនទាន់មានច្បាប់ តែបច្ចុប្បន្នយើងមានច្បាប់ហើយ ហើយជឿជាក់ចុះថា ខ្ញុំនឹងអនុវត្តវាឲ្យបាន។ តែបើអត់ច្បាប់ខ្ញុំអត់ដឹងធ្វើយ៉ាងម៉េចដែរ ព្រោះពីមុនយើងទៅអង្វរគេធ្វើឲ្យមានស្ដង់ដា សុវត្ថិភាព គុណភាព គឺគេអត់ស្ដាប់យើងទេ។ តែឥឡូវនេះខ្ញុំអត់ទៅសំពះអង្វរប្រតិបត្តិករទាំងអស់នោះទៀតទេ គឺយើងអនុវត្តច្បាប់»។
លោករដ្ឋមន្ត្រីបន្ថែមថា៖ «យើងនឹងចុះត្រួតពិនិត្យ ហើយយកមកធ្វើជាឯកសារ រួចយកសំណុំរឿងធ្វើជាដើមបណ្ដឹងដាក់ទៅតុលាការឲ្យព្រះរាជអាជ្ញាចេញលិខិតកោះហៅអ្នកទទួលខុសត្រូវការដ្ឋានហ្នឹង។ បើយើងធ្វើដូច្នេះ ទើបយើងអាចសម្រេចបានដូចគោលបំណងនៃច្បាប់ស្ដីពីសំណង់នេះ»។
លោកបញ្ជាក់ទៀតថា ច្បាប់នេះត្រូវបានធានាឲ្យមានសុវត្ថិភាព សន្ដិសុខ ឬសុវត្ថិភាពដល់ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជននានា។ គោលបំណងរបស់ច្បាប់នេះក៏ចូលរួមលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាដែលនឹងរុញច្រានកំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ថ្លែងថា ដោយសារធ្លាប់មានហានិភ័យចំនួន ២ ករណីកន្លងមកនេះ ទើបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជំរុញឲ្យពង្រឹងគុណភាពបន្ថែមទៀត។ លោកគាំទ្រឲ្យមានការអនុវត្តច្បាប់ និងការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់នៅកម្ពុជា ដើម្បីចៀសវាងហានិភ័យណាមួយកើតឡើងទៀត។
លោកនិយាយថា៖ «ច្បាប់ថ្មីស្ដីពីសំណង់នេះ គឺជាការដាក់បន្ទុកមួយទៀតដល់ប្រតិបត្តិករ និងអ្នកម៉ៅការសំណង់ដោយច្បាប់បានហាមកម្មករមិនឲ្យស្នាក់ក្នុងអគារដែលកំពុងសាងសង់។ អ៊ីចឹងអ្នកទទួលខុសត្រូវការងារនេះកំពុងដោះស្រាយកន្លែងស្នាក់នៅរបស់កម្មករ។ ច្បាប់នេះ វាមានការប៉ះពាល់ខ្លះចំពោះប្រតិបត្តិករ តែយ៉ាងណាយើងកំពុងគិតដោះស្រាយទាំងអស់គ្នា»។
លោក ទី ប៊ុននី សមាជិកវិស្វករអាស៊ានថ្លែងថា ចំពោះច្បាប់ថ្មីស្ដីពីសំណង់នេះបានចូលរួមច្រើនជាមួយវិស័យសំណង់នៅសម័យនេះ ប៉ុន្ដែវាក៏នៅមានចំណុចខ្វះចន្លោះមួយចំនួនដែលគួរតែមានការកែប្រែ ឬធ្វើវិសោធនកម្មដែរ។
លោកបញ្ជាក់ថា៖ «យើងមើលទៅលើលក្ខខណ្ឌមាត្រាមួយចំនួននៃច្បាប់នេះ គឺនៅមានចំណុចខ្វះចន្លោះ។ មើលទៅអង្គច្បាប់ថា តើគេបង្កើតមកនេះ ដើម្បីអ្វី? ច្បាប់នេះគឺមានប្រយោជន៍ច្រើន ប៉ុន្ដែខ្ញុំមិនទាន់ដឹងអនុវត្តបែបណា? យើងចាំមើលទាំងអស់គ្នា»។
លោក សួ ឆ្លូញ មន្ត្រីទំនាក់ទំនងនៃសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាសាទរចំពោះការប្ដេជ្ញាចិត្តរបស់លោករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងការអនុវត្តច្បាប់សំណង់។ លោកជំរុញមន្ត្រីអនុវត្តច្បាប់នេះឲ្យមានតម្លាភាព និងយុត្តិធម៌សម្រាប់សំណង់អ្នកមានអំណាច និងសំណង់របស់អ្នកគ្មានអំណាច។
លោកបន្តថា ទន្ទឹមនឹងការអនុវត្តច្បាប់លើសំណង់អគារនេះ មន្ត្រីពាក់ព័ន្ធក៏ត្រូវតែយកចិត្តទុកដាក់ទៅលើកម្មករសំណង់ដែរ ព្រោះពួកគាត់ជាអ្នករងគ្រោះមុនគេ។ ដូច្នេះក្រុមហ៊ុនម៉ៅការសំណង់ ឬប្រតិបត្តិករផ្នែកសាងសង់ គួររៀបចំកន្លែងស្នាក់នៅឲ្យកម្មករនៅខាងក្រៅសំណង់អគារដែលកំពុងសាងសង់។ ទិញឧបករណ៍សុវត្ថិភាពសម្រាប់កម្មករ និងការបរិភោគអាហារឲ្យមានអនាម័យល្អផងដែរ។
លោកបញ្ជាក់ថា៖ «យើងមើលឃើញថា ទន្ទឹមនឹងសំណង់មិនទាន់មានគុណភាពល្អ មន្ត្រីជំនាញក៏ត្រូវគិតដល់សុវត្ថិភាពកម្មករសំណង់ដែរ។ ការងារនេះ ខ្ញុំយល់ថាយើងគួរពង្រឹងការងាររបស់ មន្ត្រីអធិការកិច្ចបន្ថែមទៀត ព្រោះពួកគាត់មួយចំនួននៅព្រងើយកន្តើយនឹងការងារគាត់នៅឡើយ។ លើសពីនេះបើរកឃើញការដ្ឋានសំណង់ណាដែលមិនប្រក្រតី គួរតែចាត់វិធានការតាមច្បាប់ភ្លាម»៕