សៀមរាបៈ រដ្ឋមន្ត្រី​មកពី​ក្រសួង​ចំនួន​ ៣ បាន​រួមគ្នា​ស្នើឱ្យ​វិស័យ​ឯកជន​បង្កើន​ការគាំទ្រ​ដល់​សហគមន៍ ដោយ​ជំរុញ​ឱ្យ​មាន​ការរៀបចំ​នូវ​កញ្ចប់​ទស្សនកិច្ច​ទៅកាន់​តំបន់​សហគមន៍​ដែល​អាច​ឱ្យ​ប្រជាសហគមន៍​បាន​ទទួល​ផលប្រយោជន៍​សេដ្ឋកិច្ច ហើយ​បញ្ឈប់​ប្រកប​មុខរបរ​ខុសច្បាប់​ ឬ​អាជីវកម្ម​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​។

ការជំរុញ​ និង​ស្នើឡើង​ឱ្យ​មាន​សកម្មភាព​ទេសចរណ៍​នៅ​តាម​សហគមន៍​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​បើក​វេទិកា​ជាតិ​អេកូទេសចរណ៍​លើក​ទី​ ២ នា​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​ ២០២១ កន្លងមក​នេះ​ក្នុង​ខេត្ត​សៀមរាប​។ វេទិកា​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុម​ការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូទេសចរណ៍​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។

លោក ថោង ខុន បាន​ថ្លែង​ក្នុង​វេទិកា​នោះ​ថា កម្ពុជា​សម្បូរ​ទៅ​ដោយ​សក្តានុពល​ធម្មជាតិ និង​អេកូ​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​រាប់​ចាប់ពី​តំបន់ឆ្នេរ​សមុទ្រ​ដែល​ជា​សមាជិក «​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក​» តំបន់​ជួរ​ភ្នំក្រវាញ រួមបញ្ចូល​ទាំង​តំបន់​អារ៉ែង តំបន់​បឹង​ទន្លេសាប និង​តំបន់​ភូមិភាគ​ឦសាន​ដែល​មាន​សត្វ​ផ្សោត​ដ៏កម្រ​ជាដើម​។

លោក ថោង ខុន បាន​មាន​ប្រសាសន៍​ថា​៖ «​ការអភិវឌ្ឍ​ជា​សហគមន៍​ទេសចរណ៍ និង​អេកូទេសចរណ៍​ពិតជា​បាន​រួម​ចំណែក​សំខាន់​ក្នុង​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន ជាពិសេស​ជំរុញ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរការ​នៃ​ការអភិវឌ្ឍ​ប្រទេស​ជាតិ​តាមរយៈ​ការផ្តល់​សិទ្ធិអំណាច​ជូន​ពួកគាត់​ក្នុង​ការរៀបចំ​ចាត់ចែង និង​អភិវឌ្ឍន៍​សហគមន៍​របស់ខ្លួន​ដោយ​ផ្ទាល់​។

គោលបំណង​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​មាន​ការគាំទ្រ​ដល់​សហគមន៍​នេះ​គឺ​ដើម្បី​ឱ្យ​ប្រជាសហគមន៍​បាន​ទទួល​ផលប្រយោជន៍​សេដ្ឋកិច្ច ហើយ​ឈប់​ប្រកបមុខរបរ​ខុសច្បាប់​ ឬ​អាជីវកម្ម​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​ដោយ​ឈប់​បរបាញ់​សត្វ កាប់បំផ្លាញ​ព្រៃឈើ និង​ងាក​មក​ធ្វើ​ជា​មគ្គុទ្ទេសក៍​នាំ​ភ្ញៀវ លក់ដូរ​ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ រត់ម៉ូតូ​ដឹក​ភ្ញៀវ បើក​ផ្ទះ​ស្នាក់ និង​ចូលរួម​សកម្មភាព​ផ្សេងៗ​ទៀត​។

លោក សាយ សំអាល់ បាន​ថ្លែង​ក្នុង​វេទិកា​នេះដែរ​ថា ក្រសួងបរិស្ថាន​បាននិង​កំពុង​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​អេកូទេសចរណ៍​ស្រប​ទៅ​នឹង​សសរស្តម្ភ​ទាំង​ ៤ ​របស់​ក្រសួង​បរិស្ថាន​ដែល​រួមមាន កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ ការរស់នៅ​ប្រកប​ដោយ​ចីរភាព និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​។

លោក សាយ សំអាល់ បាន​ថ្លែង​ឱ្យ​ដឹងថា​៖ «​ដើម្បី​ឱ្យ​ការអភិរក្ស​ជីវចម្រុះ​ និង​ធនធាន​ធម្មជាតិ​ទទួលបាន​ជោគជ័យ​នោះ​គឺ​ត្រូវមាន​ការចូលរួម​យ៉ាង​សំខាន់​ពី​ប្រជាពលរដ្ឋ​នៃ​សហគមន៍​មូលដ្ឋាន ហើយ​ដើម្បី​ឱ្យ​មាន​ការចូលរួម​ទៅ​បាន​លុះត្រាតែ​ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​ជម្រើស​ថ្មី​ក្នុង​ការរស់នៅ ចៀសវាង​ការពឹង​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ​ទាំងស្រុង​»​។

លោក​ សាយ សំអាល់ ថ្លែង​ថា ជម្រើស​ថ្មី​ទាំងនោះ​រួមមាន មុខរបរ ដាំ​បន្លែ ឬ​ចិញ្ចឹមសត្វ​ជាដើម និង​តម្រូវការ​ជាក់ស្តែង​រួមមាន អគ្គិសនី និង​ទឹកស្អាត​ជាដើម​។ ក្នុង​នោះដែរ​ការរៀបចំ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​គឺជា​យន្តការ​ចាំបាច់​ដើម្បី​អាច​ឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ចូលរួម​ការងារ​អភិរក្ស​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​។

ពាក់ព័ន្ធ​នឹង​វិស័យ​អេកូទេសចរណ៍​នេះដែរ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​គូសបញ្ជាក់​ផងដែរ​ថា សក្តានុពល​អេកូទេសចរណ៍​ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម​ដែល​រួមមាន សហគមន៍​នេសាទ​ចំនួន ៥១១ (​ក្នុងនោះ​ ១៣១ ​សហគមន៍ មាន​សក្តានុពល​បង្កើត​ជា​តំបន់​អេកូទេសចរណ៍​) សហគមន៍​ព្រៃឈើ​ចំនួន​ ៦៣៨ ​សហគមន៍ និង​សហគមន៍​កសិកម្ម​ចំនួន​ ១១៩០ ​សហគមន៍​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​យើង​សង្ឃឹម​ និង​ជឿជាក់ថា វេទិកា​ជាតិ​នេះ​នឹង​ផ្តល់ឱកាស​ជួបជុំគ្នា​ដើម្បី​ពិនិត្យ​តាមដាន​អំពី​វឌ្ឍនភាព កាលានុវត្តភាព បញ្ហា​ប្រឈម ព្រម​ទាំង​រួមគ្នា​រិះរក​វិធានការ​ដោះស្រាយ​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត និង​ការបំពេញ​ភារកិច្ច​តាម​គន្លង​ថ្មី​ដើម្បី​ផលប្រយោជន៍​រួម​»​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ការចូលរួម​ចំណែក​ពង្រឹង​ការងារ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​វិស័យ​កសិទេសចរណ៍​រួមគ្នា​ជួយ​ទ្រទ្រង់ និង​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ចជាតិ និង​ការធានា​នូវ​ចីរភាព​បរិស្ថាន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។

គួរ​បញ្ជាក់ថា អង្គការ​ទេសចរណ៍​ពិភពលោក​ក៏បាន​ចាត់ទុក​ថា​អេកូទេសចរណ៍​ និង​ទេសចរណ៍​សហគមន៍​រួមទាំង​ទេសចរណ៍​ជនបទ​ផងដែរ គឺជា​អនុវិស័យ​នៃ​ទេសចរណ៍​ពិភពលោក​ដែល​នៅតែ​មាន​សកម្មភាព និង​ដំណើរការ​ទោះ​ក្នុង​ដំណាក់កាល​វិបត្តិ​កូវីដ​១៩ ពិសេស​ទ្រទ្រង់​ដល់​សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង និង​ជា​ឧបករណ៍​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​។

បើ​តាម​ការឱ្យ​ដឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អះអាងថា ដោយសារ​តែ​ជួប​នូវ​វិបត្តិ​ជំងឺ​កូវីដ​១៩ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​តែ ១,៣១ ​លាន​នាក់​ប៉ុណ្ណោះ ដោយ​មាន​ការថយចុះ​ប្រមាណ​ ៨០ ​ភាគរយ និង​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ចំនួន​ ៩ ​លាន​នាក់ ដោយ​មាន​ការថយចុះ ២០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕