
លោក ស ខេង ថ្លែងក្នុងពិធីខួប ៤១ ឆ្នាំនៃជ័យជម្នះលើរបបខ្មែរក្រហមនៅបាត់ដំបងពីម្សិលមិញ។ រូបថត Sar Kheng's FB
បាត់ដំបងៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងថា ការបែកបាក់សង្គមកើតឡើងពីសង្គមដែលអយុត្តិធម៌ ព្រោះតាមបទពិសោធប្រទេសមួយចំនួនក្នុងពិភពលោកដែលមានការបែកបាក់ គឺដោយសារសង្គមអយុត្តិធម៌ ហើយថាការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺជាការងារដ៏សំខាន់មួយ ខណៈមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ គឺត្រូវការចំណាយពេលវេលាយូរ និងទស្សនវិស័យវែងឆ្ងាយ។
នៅក្នុងពិធីអបអរសាទរខួបលើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករានៅឯខេត្តបាត់ដំបងពីម្សិលមិញ លោក ស ខេង មានប្រសាសន៍ថា៖ «តាមបទពិសោធជាប្រវត្តិសាស្ដ្រមកសង្គមដែលបែកបាក់នៅស្រុកណាក៏ដោយ គឺ (ដោយសារ) អយុត្តិធម៌។ អ៊ីចឹងរឿងនេះគឺជាកម្មវត្ថុ ១ យ៉ាងសំខាន់ ដែលយើងត្រូវតែ (ធ្វើ) កំណែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ»។
លោកបានបន្តថា ពាក់ព័ន្ធនឹងការងារធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ រដ្ឋាភិបាលក៏បានបង្កើតឱ្យមានក្រុមការងារដើម្បីចុះដោះស្រាយវិវាទនៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការចាប់ពីឆ្នាំ ២០២០ ទៅ។ លោកបញ្ជាក់ដែរថា ប្រភេទវិវាទល្មមៗនៅតាមមូលដ្ឋាន គឺមិនចាំបាច់ត្រូវបញ្ជូនទៅដោះស្រាយនៅតុលាការនោះឡើយ។
កាលពីឆ្នាំ ២០១៩ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចាត់ចំណាត់ថ្នាក់កម្ពុជាថាជាប្រទេសដែលមាននីតិរដ្ឋខ្សោយជាងគេនៅក្នុងប្រទេសទាំង ១២៦ ខណៈប្រទេសកម្ពុជាបានឈរលេខរៀងទី ១២៥ រីឯប្រទេសវេណេស៊ុយ អេឡាឈរនៅលេខរៀងចុងក្រោយទី ១២៦។ ប៉ុន្តែការចាត់ចំណាត់នោះត្រូវបានលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ចាត់ទុកថា ជាការវាយតម្លៃខុសពីស្ថានភាពជាក់ស្ដែងរបស់ប្រទេសកម្ពុជា ដោយសារបានភ្ជាប់ទៅនឹងរឿងនយោបាយ។
លោក ជិន ម៉ាលីន ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា យុត្តិធម៌នៅក្នុងសង្គម គឺមានសារៈសំខាន់ក្នុងការធ្វើឱ្យសង្គមមួយទទួលបានសុខដុមរមនា និងមានភាពសុខសាន្ត។
លោកបានថ្លែងថា៖ «ក្រសួងបានយល់ពីសារៈសំខាន់ហ្នឹង។ អ៊ីចឹង! ក្រសួងបានផ្ដោតលើការយកចិត្តទុកដាក់ទៅលើការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ។ កន្លងមកក្រសួងធ្វើបានច្រើនតាមរយៈការរៀបចំធនធានមនុស្ស រៀបចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងរូបវន្តរបស់តុលាការ និងយន្តការអធិការកិច្ចតាមដានត្រួតពិនិត្យជាហូរហែកន្លងមក។ ប៉ុន្តែការងារនេះគឺត្រូវការរយៈពេលវែង និងទស្សនវិស័យវែងឆ្ងាយ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ប៉ុន្តែការងារនេះមិនមែនជាការងារមួយដែលធ្វើចប់តែ ១ ថ្ងៃ ១ ខែ ឬ ១ ឆ្នាំនោះទេ»។
លោក ម៉ាលីន បានបន្ថែមថា ការលើកឡើងរបស់លោក ស ខេង ថាមានការបង្កើតក្រុមការងារចុះដោះស្រាយវិវាទតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការចាប់ពីឆ្នាំ ២០២០ នេះទៅនោះគឺលោកយល់ឃើញថា លោក ស ខេង ប្រហែលសំដៅទៅលើការរៀបចំរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តក្រុង ស្រុក ខណ្ឌ ដែលត្រូវមានការិយាល័យសម្រាប់ដោះស្រាយ វិវាទនៅតាមមូលដ្ឋានតាមរយៈ ការសម្របសម្រួល ការផ្ដល់យោបល់ និងការប្រឹក្សាជាដើម។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកឯកភាព ចំពោះការលើកឡើងរបស់លោក ស ខេង ដែលថា អយុត្តិធម៌ធ្វើឱ្យមានការបែកបាក់សង្គមនោះ។ លោកបានបន្តថា គេគ្រប់គ្នាកំពុងរង់ចាំមើលការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាល ថាតើការធ្វើកំណែទម្រង់នោះអាចផ្ដល់ទំនុកចិត្តដល់ពលរដ្ឋ និងគ្រប់គណបក្សនយោបាយឡើងវិញដែឬទេ។ លោកបានបញ្ជាក់ថា បច្ចុប្បន្នពលរដ្ឋជាច្រើនបាត់បង់ជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌ចាប់តាំងពីមន្ត្រីនគរបាលយុត្តិធម៌រហូតដល់តុលាការជាន់ទាប និងជាន់ខ្ពស់។
លោកនិយាយថា៖ «ប្រព័ន្ធយុត្តិធម៌នៅតែមានការបាត់បង់ជំនឿពីប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន និងអន្តរជាតិដដែល។ ប៉ុន្តែយើងរង់ចាំមើល និងតាមដានមើលថាតើមានអ្វីថ្មីបន្ទាប់ពីមានការលើកឡើង (ពីលោក ស ខេង) នេះថាតើមានវិធីសាស្ដ្ររបៀបម៉េច ដើម្បីធ្វើកំណែទម្រង់ទទួលបានប្រព័ន្ធយុត្តិធម៌មួយដែលទទួលបានទំនុកចិត្តឡើងវិញ»។
ក្រៅពីការលើកឡើងអំពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌លោក ស ខេង ក៏បានលើកឡើងពីកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិនៅតាមឃុំសង្កាត់ដែរ ដូចជាការកសាងធនធានមនុស្ស និងការបង្កើតថវិកា ដើម្បីឱ្យការផ្ដល់សេវាដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។ លោកបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលបានទម្លាក់ថវិកាចំនួន ៧ ម៉ឺនដុល្លារក្នុង ១ ឃុំ-សង្កាត់ ដែលចំនួននេះកើនឡើង ២ ដង បើប្រៀបធៀបនឹងឆ្នាំ ២០១៩៕