តាកែវៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ចាត់​ឱ្យ​មន្ត្រី ស៊ើបអង្កេត និង​ស្រាវជ្រាវ ករណី​លោក ហ៊ិន សុខខេង ស្នងការរង​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​បក្ខពួក បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​ ៣០ ​ម៉ឺន​ដុល្លារ​អាមេរិក និង​ធ្វើឱ្យ​ពលរដ្ឋ​បាត់​ទំនុកចិត្ត​លើ​សមត្ថកិច្ច​នៅក្នុង​ខេត្តតាកែវ​។

តាម​លិខិត​បង្គាប់​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ីវ លាង អគារធិការ​នៃ​ក្រសួងមហាផ្ទៃ​ពី​ថ្ងៃ​ទី​ ១៤ ​មករា ឆ្នាំ​ ២០២១ និង​តាម​ចំណារ​របស់​លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចាត់​លោក​ សេង វណ្ណៈ ប្រធាន​នាយកដ្ឋាន​ទទួល​ពាក្យបណ្តឹង និង​អង្កេត​ស្រាវជ្រាវ​កិច្ចការ​នគរបាល និង​សហការី​ ៥ ​រូប​ចុះ​បំពេញ​បេសកកម្ម​នៅ​ស្នងការរដ្ឋាន​នគរបាល​ខេត្តតាកែវ​រយៈពេល​ ៥ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២៥-២៩ មករា ឆ្នាំ​ ២០២១​។

ការចុះ​បំពេញ​បេសកកម្ម​នេះ​ដើម្បី​អង្កេត​ស្រាវជ្រាវ​ពាក្យបណ្តឹង ចោទប្រកាន់​លោក​ឧត្តមសេនីយ៍ត្រី​ ហ៊ិន សុខខេង អត្តលេខ​ ៣០២៦៦៨ ស្នងការរង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​។

លោក​ អ៊ីវ លាង អគារធិការ​នៃ​ក្រសួងមហាផ្ទៃ​នា​ថ្ងៃទី​ ២២ ខែ កញ្ញា ឆ្នាំ​ ២០២០ បាន​ផ្ញើលិខិត​ ១ ​ច្បាប់​ទៅ​លោក ស ខេង ដើម្បី​ស្នើសុំ​ការអនុញ្ញាត​ចុះ​អង្កេត​ស្រាវជ្រាវ​ករណីនេះ​។ សំណើ​ចុះអង្កេត​នេះ បន្ទាប់ពី​ក្រសួងមហាផ្ទៃ បាន​ទទួល​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​ ៣១ កក្កដា ឆ្នាំ​ ២០២០ របស់​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ​ដែល​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ចោទប្រកាន់​លោក​ ហ៊ិន សុខខេង ថា បាន​ធ្វើឱ្យ​ពលរដ្ឋ​គ្មាន​ទំនុកចិត្ត ភ័យខ្លាច និង​ប្រព្រឹត្ត​បទល្មើស​មួយចំនួន​ដោយផ្ទាល់​ខ្លួន​។

ខ្លឹមសារ​នៃ​បណ្តឹង​បញ្ជាក់ថា​ចាប់តាំងពី​ថ្ងៃ​ចូលកាន់​តំណែង​នៅ​ដើម​ឆ្នាំ​ ២០១៩ លោក​ ហ៊ិន សុខខេង ពុំ​ដែល​មាន​ស្នាដៃ​ក្នុង​ការបង្ក្រាប​បទល្មើស​ទេ គឺ​បានតែ​អួតអាង​បង្កើត​បក្ខពួក គំរាមកំហែង​ថ្នាក់ក្រោម គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

នៅ​ចុងឆ្នាំ​ ២០១៩ លោក​ ហ៊ិន សុខខេង និង​បក្ខពួក​បាន​ចាប់​បង្ខាំង​ជនរងគ្រោះ​ជំរិត​យកប្រាក់​ចំនួន​ ២០ ​ម៉ឺន​ដុល្លារ​អាមេរិក​។ នៅ​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០១៩ ​លោក​ ហ៊ិន សុខខេង និង​លោក​ សាក់ ទូច រួមទាំង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម​ចំនួន​ ៣ ​នាក់ និង​ជនជាតិខ្មែរ​ ២ ​នាក់ ជំរិត​យកប្រាក់​ចំនួន​ ១០ ​ម៉ឺន​ដុល្លារ អាមេរិក​បាន​ដកហូត​យក​ខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រ​ពី​ជនរងគ្រោះ​មាន​លោក​ រស់ សេន នាយរង ការិយាល័យ​បុគ្គលិក​ជា​អ្នកបកប្រែ​។

នៅ​ថ្ងៃទី​ ១ មករា ឆ្នាំ ​២០២០ មាន​តំណាង​របស់​ជនរងគ្រោះ​ចំនួន​ ២ ​នាក់​បាន​មក​ប្តឹងតវ៉ា​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ គឺ​ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និង​លោក​ឧត្តមសេនីយ៍ទោ សុខ សម្បត្តិ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ ហិរញ្ញវត្ថុ នៃ​ក្រសួង​ការពារជាតិ​ក្នុង​គោលបំណង​ទាមទារ​ឱ្យ​អនុវត្ត​ច្បាប់​លើ​មន្ត្រីនគរបាល​រូបនេះ និង​ទាមទារ​យក​សម្ភារ​ដែល​បាន​ដកហូត​ពី​ជនរងគ្រោះ​ជា​អ្នក​វិនិយោគិន​ជនជាតិ​វៀតណាម​ត្រឡប់​មក​វិញ​។

ក្រោយ​មានការ​តវ៉ា​ក៏មាន​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ ១ ​រូប​ (​មិន​ស្គាល់​ឈ្មោះ​) បាន​យក​សម្ភារ​ទៅ​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ដល់​រាជធានី​ភ្នំពេញ​។ ករណី​នេះ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ធ្លាប់បាន​កោះហៅ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង សាកសួរ​រឿង​បង្ខាំង មនុស្ស​ខុសច្បាប់​ម្តង​រួចហើយ​។

ម្យ៉ាងទៀត​លោក​ ហ៊ិន សុខខេង បានធ្វើឱ្យ​ពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ ភ័យខ្លាច និង​បាត់​ទំនុកចិត្ត​មកលើ​សមត្ថកិច្ច​ដែលជា​អ្នករក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​។ ​ពិសេស​ការ​កើតមាន​បទល្មើស​ជា​បន្តបន្ទាប់​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ លោក​ ហ៊ិន សុខខេង រង់ចាំតែ ហៃអើ​ជាមួយ​បទល្មើស​ដោយ​ពុំមាន​ចំណាត់ការ​ជាក់ស្តែង​ឡើយ​។

លោក​ លឹម សុខន អ្នកនាំពាក្យ​តុលាការ​ខេត្ត​តាកែវ​ឱ្យ​ដឹងពី​ម្សិលមិញ​ថា លោក​ក៏​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ករណីនេះ​ដែរ បន្ទាប់ពី​មាន​ការប្រាប់​ពី​ប្រធាន​តុលាការ​ខេត្ត​កាលពី​អាទិត្យ​មុន​។ ប៉ុន្តែ​មិនមែន​ជា​ផ្លូវការ​នោះទេ ហើយ​ករណី​នេះ​ស្ថិត​ក្នុង​ដៃ​អយ្យការ​ក្នុង​ការធ្វើ​កិច្ចការ​នេះ​។

បើតាម​លោក​ លឹម សុខន នៅពេល​មាន​ការចោទប្រកាន់​រួច ហើយ​បាន​បញ្ជូន​មកកាន់​តុលាការ​ទើប​លោក​ទទួល​បាន​ព័ត៌មាន​លម្អិត​។ លោក​ថ្លែងថា​៖ «​តាម​ការសង្កេត​បឋម​គឺ​នៅ​ខាង​អយ្យការ​ទេ មិនទាន់​ដាក់​មក​តុលាការ​ទេ​។ ខ្ញុំ​ធ្លាប់​ឮ​ប៉ុន្តែ​ក្រៅ​ផ្លូវការ​ដោយសារ​យើង​មិនទាន់​ទទួល​បាន​ឯកសារ​ណា​ច្បាស់លាស់​ពី​តំណាង​អយ្យការ គាត់​បាន​បញ្ជូនមក​»​។

នៅពេល​ទាក់ទង​ទៅ​លោក​ ជីវ ច័ន្ទតារា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តតាកែវ​ពី​ម្សិលមិញ លោក​ឆ្លើយថា កំពុង​ជាប់រវល់​មិន​មាន​ពេល​ឆ្លើយ​នោះទេ​។

ចំណែក​លោក​ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ក៏​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដែរ ដោយ​ថា​លោក​កំពុង​ជាប់រវល់​៕