ភ្នំពេញៈ លោកឧប​នាយក​រដ្ឋ​មន្ត្រី ​ស ខេង ​បង្ហាញ​ក្ដី​បារម្ភ​ខ្លាច​កម្ពុជា​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ ​នៃ​ការ​លាង​លុយ​កខ្វក់ បន្ទាប់​ពី​មាន​ការ​ចាប់​បាន​ការ​នាំ​ប្រាក់​ដុល្លារ​មិន​មាន​ប្រភព​ច្បាស់លាស់​ចូល​ពី​ហុង​កុង​មក​កម្ពុជា ​ដោយ​ផ្ទាល់​កាល​ពី​ពេល​ថ្មីៗ ដោយ​លោក​ប្រាប់ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ប្រភព​នៃការ​នាំ​ចូល​លុយ​ទាំង​នោះ។

ការបង្ហាញ​ក្តីបារម្ភ​បែបនេះ ​ខណៈដែល​លោក​ចូលរួម​ធ្វើជា​អធិបតី​នៃ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ។ លោក​ ស ខេង​ ដែលជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ផងដែរ​នោះ​ថ្លែង​ថា៖ «​គេ​ចាត់​ទុក​ថា​ឥឡូវ​កម្ពុជា​យើង​វា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ប្រទេស​ប្រផេះ អ៊ីចឹង​គេ​ឃ្លាំ​មើល​ហើយ។ មួយ​ជំហាន​ទៀត​វា​ទៅ​ខ្មៅ នោះ​បើ​សិន​ណា​ជា​យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប។ ខ្ញុំ​យល់​ថា អ្នក​ឃុប​ឃិត​រក​ស៊ី​រឿង​នេះ​បាន​ផល​ប្រយោជន៍ ក៏​ប៉ុន្តែ​បាន​តែ​មនុស្ស​មួយ​ក្រុម​ហ្នឹង​ទេ យក​មក​ទិញ​ដី​ទិញ​ធ្លី​អ៊ីចឹង​ទៅ បាន​អ៊ីចឹង​ទៅ ឬ​ក៏​ទីផ្សារ​ដី​វា​អាច​ឡើង​ថ្ងៃ​បន្តិច»។

រដ្ឋមន្ត្រី​មហាផ្ទៃ​រូបនេះ ​បន្ត​ថា​៖ «​ប៉ុន្តែ​វា​ងាប់ គឺ​ងាប់​ប្រទេស​ជាតិ​តែ​ម្ដង។ ងាប់​ប្រទេស​ជាតិ​ត្រង់​ណា​ ត្រង់​ថា​បើ​ថ្ងៃ​ណា​មួយ​ដល់​កម្រិត​មួយ​គេ​ថា ​កម្ពុជាជា​ប្រទេស​ខ្មៅ​ ជា​ប្រទេស​លាងលុយ​ ចប់! ​ចប់!។ ចរា​ចរណ៍​លុយ​កាក់​ពីធនាគារ​ណា​ទាំងអស់​ ខ្ញុំ​មិន​ហ៊ាន​ថា​ ១០០ ភាគរយ​ចប់ទេ ប៉ុន្តែ​វា​ពិត​ជា​ប្រឈម​នឹង​ការ​លំបាក​ដ៏​ធំ​ហើយ។ នោះ​ជា​ហានិភ័យ​ដ៏ធំ​បំផុត»។

កាល​ពី​ចុង​ខែ​មេសា ​សមត្ថ​កិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ ៣​ នាក់​ ដែល​នាំ​ចូល​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន ៣​,៥២ ​លាន​ដុល្លារ​ ពី​ទីក្រុង​ហុង​កុង​ ដោយ​មិន​មាន​ប្រភព​ច្បាស់​លាស់។ ជន​សង្ស័យ​និយាយ​ថាលុយ​នោះ​ជា​លុយ​ឈ្នះ​ល្បែង​។​ នៅចុង​ខែ​ឧសភា ​សមត្ថកិច្ច​ក៏​ចាប់​បាន​ការ​នាំ​ចូល​សាច់​ប្រាក់​ចំនួន ៨៥៥ ០០០​ ដុល្លារ​ ពី​ទីក្រុង​ហុងកុង​ដូចគ្នា។

លោក ស ខេង ​និយាយ​ថា ​សមត្ថ​កិច្ច​បាន​យក​លុយ​ដែល​នាំ​ចូល​ស្រុក​ខ្មែរ​ទាំង​នោះ​ហើយ​បាន​ប្រគល់​ទៅ​សមត្ថកិច្ច​ដែល​ពាក់​ព័ន្ធ ប៉ុន្តែ​ពួក​គេ​មិន​បាន​ឆែក​មើល​ថា​តើ​លុយ​នេះ​មាន​ប្រភព​ពី​ណា​ទេ។

លោក​ថ្លែង​ថា​៖ «បើ​មាន​ករណី​អ៊ីចឹង ​ត្រូវ​រាយការណ៍​មក​ខ្ញុំ​ភ្លាម​។ ឥឡូវ​ ៣​ លាន​កន្លះ។ លុយ​នៅ​ធនាគារ​ទេ​ឥឡូវ។ ប៉ុន្តែ​ឲ្យ​សិក្សា​ស្រាវ​ជ្រាវ ថា​តើ​លុយ​ហ្នឹង​វា​ចេញ​​ពី​ណា​មក។ ព្រោះ​សាមីខ្លួន​ថា ​ច្រើន​តែ​លេង​ល្បែង​ឈ្នះ​យក​មក។ តែ​អត់​មាន​ក្រដាស​ស្នាម​អី​ទាំង​អស់។ អ៊ីចឹង​យើង​ធ្វើ​ម៉េច? មិន​តែ​ប៉ុណ្ណោះ បើ​សិន​ជា​លុយ​នោះ​ជា​លុយ​ត្រឹម​ត្រូវ អត់​នាំ​គ្នា​ចែក​ផ្លូវ​គ្នា​រត់ការ​ទេ»។

លោក​បន្ត​ថា​៖ «ចុះ​បើ​លុយ​ខ្ញុំ​ត្រឹម​ត្រូវ ចាំ​បាច់​ឲ្យ​លោក​ឯង​ ១០ ​ឬ​ ២០ ​ភាគ​រយ ឬ​ ៤០ ភាគរយ ឬ​កន្លែង​ខ្លះ ៥០​ ភាគ​រយ ជិត​ ៥០ ភាគ​រយ។ ចុះ​ម៉េច​ក៏​ចិត្ត​ល្អ​ម្ល៉េះ? បើ​ថា​លុយ​នោះ​យក​បាន​ទៅ​វិញ គឺ​គេ​សុខ​ចិត្ត​ឲ្យ​​ ៥០ ភាគ​​រយ គេ​ទុក​ ៥០​ ភាគ​រយ។ បើ​លុយ​ល្អ​ចាំ​បាច់​ធ្វើ​អ៊ីចឹង។ ហ្នឹង​បាន​ន័យ​ថា លុយ​ហ្នឹង​មិន​ល្អ​បាត់​ទៅ​ហើយ។ រឿង​នេះ​មិន​មែន​​ស្រួល​ទេ​សម្រាប់​អ្នកបាន​ផល​ប្រយោជន៍ ​តែ​យើង​ធ្វើ​ដើម្បី​មុខ​មាត់​កិត្តិយស​សម្រាប់​ជាតិ​យើង។ រឿង​មិន​ធម្មតា​ទេ ហើយ​ស្មុគ​ស្មាញ​ណាស់​ វា​មិន​ខុស​អីពី​គ្រឿង​ញៀន​ទេ»។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីសប្ដាហ៍​មុន លោកឌី ​វិជ្ជា ​អគ្គស្នង​ការរង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ​ បាន​ថ្លែង​ថា សម្ទុះ​នៃ​បទ​ល្មើស​សម្អាត​ប្រាក់​ចូល​មក​កម្ពុជា​មាន​ការកើន​​ ឡើង​ដោយ​ប្រ​ទាក់​ក្រឡា​គ្នា​ស្មុគស្មាញ​តាម​រយៈ​ការ​នាំ​ចូលលុយសុទ្ធ​ ​បច្ចេក​វិទ្យា​ទំនើប​ហិរញ្ញវត្ថុ​និង​តាមរយៈ​ធនាគារ។​ លោកថា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​ ២០១៩ នេះ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​សម្អាត​ ប្រាក់​បាន​ប្រមាណ​ ១៤ លាន​ដុល្លារ ទាំង​ការ​នាំ​ចូល​ដោយ​ផ្ទាល់​ តាម​រយៈ​លំហូរ​ចេញ​ចូល​នៃ​បច្ចេក​វិទ្យា ​ឬ​តាមរយៈ​ធនាគារ។

លោក​ ព្រាប កុល​ ប្រធាន​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជានិយាយ​ថា ​អ្វី​ដែល​ជា​ក្តី​បារម្ភ​របស់​ លោក ​ស ខេង ​ជា​រឿង​ត្រឹម​ត្រូវ ហើយថា ​បើ​ទោះ​បី​ជា​ករណី​បង្ក្រាប​ការ​លាង​សម្អាត​ប្រាក់​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ពេល​ថ្មី​នេះ បញ្ជាក់​ពី​សមត្ថភាព​របស់​សមត្ថ​កិច្ច​ក៏​ដោយ ​ក៏ជា​ការ​រំឭក​មួយ​អំពី​បញ្ហា​លាង​សម្អាត​ប្រាក់​នៅ​កម្ពុជា។​

លោកថា ករណី​ទាំង​ ២ នេះ​វា​គ្រាន់​តែ​ជា​ករណី​មួយ​ចំនួន​ក្នុង​ចំណោម​ករណី​ធំ​ច្រើន​ទៀត។​ លោក​ជំរុញឲ្យ​កំពង់​ផែ ​និង​ច្រក​ឆ្លង​កាត់​ព្រំ​ដែន​ផ្សេងៗ​ទៀត​ក៏​ត្រូវ​តែ​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​ផងដែរ៕