ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាស​ធ្វើ​កំណែ​ទម្រង់​លែង​ឱ្យ​មាន​មន្ត្រី​ប៉ូលិស ដែល​មិន​ចេះ​អក្សរ​នៅ​ក្នុង​ក្របខ័ណ្ឌ​បន្ត​ទៀត​ហើយ ខណៈ​លោក​អំពាវនាវ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ បម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​គុណភាព និង​គុណតម្លៃ។

ការ​ប្រកាស​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​អំឡុង​ពេល​លោក​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កង​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក កាល​ពី​ថ្ងៃទី ១២ ខែ​កុម្ភៈ នៅ​ភូមិ​វាល ឃុំ​មានជ័យ ​ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម។

លោក ស ខេង ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​នោះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​កំពុងតែ​រៀបចំ ដើម្បី​កែ​ទម្រង់​បន្តទៀត នូវ​កងកម្លាំង​នគរបាលជាតិ។ មាន​រឿង​ច្រើន​ណាស់ ហើយ​ពី​មុន​យើង​ក៏​ធ្លាប់​កែ​ទម្រង់​ច្រើន​ដែរ​ហើយ ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​ថា ប៉ូលិស​យើង​វា​មិន​ដែល​មាន​ទេ លើ​សកល​លោក​ប៉ូលិស​មិន​ចេះ​អក្សរ ប៉ុន្តែ​យើង​វា​មាន»។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​មន្ត្រី​ប៉ូលិស​មិន​ចេះ​អក្សរ​អាច​បម្រើការ​ក្នុង​វិស័យ​នេះ ​បាន​លោក ស ខេង បញ្ជាក់​ថា៖ «វា​មាន​ដោយសារ​អី គឺ​ដោយសារ​តែ​សង្គ្រាម ព្រោះ​សម័យ​សង្គ្រាម យើង​ទៅ​រក​ប៉ូលិស ដែល​រៀន​បាន​បាក់ឌុប ឌីប្លូម​ពី​ណា​មក​ធ្វើ​ប៉ូលិស​បាន។ គឺ​ឱ្យ​តែ​ចេះ​កាច់​កៃ​កាំភ្លើង យក​ទៅ​ហើយ គឺ​យក​ទៅ​ច្បាំង​សិន។ ដល់​ពេល​ចប់​សង្គ្រាម មិន​យក​គាត់​មក​ធ្វើ​ប៉ូលិស [ដដែល]! រឿង​ប៉ូលិស​មិន​ចេះ​អក្សរ ធ្វើ​ម៉េច​កើត​ប្រជាជន​មក​ប្តឹង កត់ត្រា​របៀប​ម៉េច»។

បើ​តាម​លោក ស ខេង មាន​មន្ត្រី​ប៉ូលិស​មិន​ចេះ​អក្សរ​ជិត ៤ ០០០ នាក់ ដែល​បាន​និង​កំពុង​បំពេញ​ការងារ​ទូទាំង​ប្រទេស ដោយ​ពួក​គេ​នៅ​តែ​​អាច​បន្ត​ការងារ​រហូត​ដល់​ចូលនិវត្តន៍។ លោក​អះអាង​ថា ចំពោះ​មន្ត្រី​ដែល​ចូល​បម្រើ​ការងារ​ថ្មី គឺ​ត្រូវ​ចេះអក្សរ និង​ត្រូវ​ធ្លាប់​ឆ្លង​កាត់​ការ​បណ្តុះបណ្តាល​ផ្នែក​ប៉ូលិស ទើប​អាច​អនុញ្ញាត​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​បាន។

ក្រៅ​ពី​ថ្លែង​យ៉ាង​ដូច្នេះ លោក ស ខេង ក៏​បាន​អំពាវនាវ​ដល់​មន្ត្រី​នៅ​មូលដ្ឋាន ដែល​មាន​ដូចជា​មេភូមិ មេឃុំ ស្មៀន មន្ត្រី​ប៉ូលិស​ដែល​ចាត់​ទុក​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​កែ​ទម្រង់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើន គឺ​ត្រូវ​បម្រើសេវា​រដ្ឋបាល​ជូន​ពលរដ្ឋ​ឱ្យ​មាន​គុណភាព និង​គុណ​តម្លៃ។

លោក​បញ្ជាក់​ថា៖ «បើ​តួអង្គ​ទាំង​ប៉ុន្មាន​ហ្នឹង មិន​នាំ​គ្នា​ធ្វើ​ឱ្យ​ល្អ​ទេ គឺ​ជះឥទ្ធិពល​ដល់​រដ្ឋាភិបាល ដែល​នាំ​ឱ្យ​គេ​ថា រដ្ឋាភិបាល​មិន​កើត​ទេ។ (បញ្ហា​នេះ) នាំ​ឱ្យ​គេ​ជេរ​ដល់​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទៀត។ តាម​ពិត ស្មៀន​ភូមិ មេភូមិ...សោះ ដែល​ធ្វើ​មិន​ល្អ ដែល​នេះ គឺ​បញ្ហា​ដែល​យើង​សុំ​ត្រូវ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យ​បាន​ល្អ ទាំង​ការធ្វើ​ផ្លូវ ធ្វើ​សាលារៀន មន្ទីរពេទ្យ។ ការ​ជីក​អណ្តូង ដោះស្រាយ​បញ្ហា​ទឹក ភ្លើង ​ឬ​បញ្ហា​ផ្សេងៗ​ដែល​មាន​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ»។

អស់​រយៈពេល ១០ ឆ្នាំ​មក​ហើយ ដែល​ក្រសួង​មហាផ្ទៃ​បាន​ដាក់​ចេញ និង​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ប្រកប​ជោគជ័យ។ នៅ​ឆ្នាំ​នេះ​គោល​នយោបាយ នេះ ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល ប្រកាស​ដាក់​ចេញ​ជា​គោល​នយោបាយ​ថ្នាក់​ជាតិ​ដោយ​មាន​គោលដៅ កែ​ទម្រង់​ចំនួន ៧ ចំណុច​សំខាន់ៗ ដើម្បី​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ឱ្យ​បាន​ជោគជ័យ។

លោក ​សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា ការ​ធ្វើ​កំណែ​ទម្រង់​មន្ត្រី​ប៉ូលិស​មិន​ចេះ​អក្សរ គឺ​ជា​រឿង​មួយ​តូច​ប៉ុណ្ណោះ។ លោក​បន្ត​ថា ចំពោះ​ឆន្ទៈ​ពិត​ប្រាកដ គឺ​រដ្ឋាភិបាល​អាច​ពិចារណា​ដាក់​អ្នក​ជំនាញ​នៅ​តាម​រដ្ឋបាល​នីមួយៗ ​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ពួក​គេ​អាច​បំពេញ​ការងារ​ផ្នែក​រដ្ឋបាល​ឱ្យ​បាន​ទូលំទូលាយ​ក្នុង​ការ​ឆ្លើយ​តប​ជូន​ប្រជាពលរដ្ឋ​តាម​តម្រូវការ។

លោក​បញ្ជាក់​ថា៖ «យើង​ទទួល​ស្គាល់​ថា មាន​ការ​លំបាក​ដែរ នៅ​ពេល​ដែល​ពលរដ្ឋ​ទៅ​ស្វែងរក​សេវា​ផ្នែក​អត្តសញ្ញាណកម្ម ហើយ​ត្រូវ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល។ បើ​សិន​ជា​ទៅ​ជួប​ប៉ូលិស ដែល​មិន​សូវ​ចេះ​អក្សរ ឬ​មិន​អាច​បំពេញ​ការងារ​រដ្ឋបាល​បាន នោះ​គឺ​ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​ការ​លំបាក និង​បង្ខំ​ចិត្ត​ក្នុង​ការ​ចំណាយ​លុយ»៕

វីដេអូ៖