ស្វាយរៀងៈ លោក​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ធ្វើ​ជា​អធិបតី​ក្នុង​កម្មវិធី​ដុតបំផ្លាញ​គ្រឿងញៀន​ជិត ៣៧ ​គីឡូក្រាម​ ដែល​បង្ក្រាប​បាន​នៅក្នុង​ខេត្ត​ចំនួន ៤ នៅ​ថ្ងៃទី​ ៤ ខែ​សីហា ដោយ​លោក​ជំរុញ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់ និង​ត្រូវ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

គ្រឿងញៀន​ដែល​ត្រូវ​ដុតបំផ្លាញ​ទាំងនេះ​គឺ​មាន​ដូចជា ប្រភេទ​មេតំហ្វេតាមីន ប្រភេទ​អិចស្តាស៊ី កញ្ឆា​ក្រៀម និង​សារធាតុ​គីមី​ផ្សំ​ដែល​ត្រូវបាន​នគរបាល​យុត្តិធម៌​បង្ក្រាបបាន​នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង​។

លោក កើត រិទ្ធ ថ្លែង​នៅក្នុង​ពិធី​នេះ​ថា មន្ត្រី​អនុវត្ត​ច្បាប់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់ និង​ត្រូវ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការបន្ត​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​ដើម្បី​ភាពសុខដុមរមនា​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​សង្គមជាតិ​ទាំងមូល​។

លោក​ថា​៖ «​អ្នកញៀន​គ្រឿងញៀន​​ដែល​ជា​ជនរងគ្រោះ​ពិតប្រាកដ​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ដោះស្រាយ និង​ជួយសង្គ្រោះ​ឱ្យបាន​សមស្រប ប៉ុន្តែ​ឧក្រិដ្ឋជន និង​ជនលើ្មស​ពាក់ព័ន្ធ​នឹង​ការផលិត ការកែច្នៃ ការរក្សា​ទុក ការជួញដូរ និង​ការចរាចរ​គ្រឿងញៀន​ខុសច្បាប់ គឺ​ត្រូវតែ​បាន​ផ្តទ្ទាទោស​យ៉ាង​តឹងរ៉ឹង​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​»​។

លោក​ ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ក៏​បាន​ថ្លែង​ដែរ​ថា ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​នៅពេល​នេះ​គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន និង​សម្រេចបាន​លទ្ធផល​ដ៏ជោគជ័យ​ក្នុង​ការអនុវត្ត​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។

លោក​ថា​៖ «​ទន្ទឹម​នេះ​ក៏បាន​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ និង​សាធារណជន​បាន​ឃើញ​យ៉ាងច្បាស់​ថា រាល់​វត្ថុតាង​គ្រឿងញៀន​ដែល​កងកម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាប​បាន​គឺ​មិន​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​មុខសញ្ញា​ផ្សេង​នោះឡើយ​គឺ​បាន​រក្សាទុក​យ៉ាងត្រឹមត្រូវ​ប្រកប​ដោយ​សុវត្ថិភាព ដើម្បី​ធ្វើ​ពិធី​ដុតបំផ្លាញ​ដូច​អ្វីដែល​បានឃើញ​ និង​ដុត​បំផ្លាញចោល​នៅ​ថ្ងៃ​នេះ​»​។

រដ្ឋាភិបាល​បាន​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ជា​លើកដំបូង​នៅ​ឆ្នាំ​ ២០១៧​។ គិត​ត្រឹម​ដើមខែ​សីហា ឆ្នាំ​ ២០២០ នេះ​មាន​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន​ ៣២ ២០៥ ​ករណី​ ត្រូវបាន​បង្ក្រាប​ក្នុង​នោះ​ជនសង្ស័យ​ចំនួន​ជាង​ ៦ ​ម៉ឺន​ ៧ ​ពាន់​នាក់​ ត្រូវបាន​ឃាត់ខ្លួន និង​គ្រឿងញៀន​គ្រប់​ប្រភេទ​សរុប​ជាង ២ ៣០០ គីឡូក្រាម​ត្រូវ​បាន​ដកហូត​។

កាលពី​ខែមីនា​កន្លងទៅ​លោក មាស វីរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បានចេញ​លិខិត​មួយ​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ​រដ្ឋាភិបាល​បាន​ជ្រើសរើស​ខេត្ត-ក្រុង​​ចំនួន​ ៦ សម្រាប់ធ្វើ​ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​ក្នុង​នោះ​មានដូចជា រាជធានី​ភ្នំពេញ បាត់ដំបង ស្វាយរៀង ព្រះសីហនុ ស្ទឹងត្រែង និង​បន្ទាយមានជ័យ​។

លោក​ លឹម តុងហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា មកទល់​ពេល​នេះ​រដ្ឋាភិបាល​បាន​ធ្វើ​ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​បាន​ចំនួន​ ៥ ​ខេត្តហើយ ហើយ​ការដុត​លើក​ចុងក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​បន្ទាយមានជ័យ​នា​ថ្ងៃទី​ ១៨ ខែ​សីហា ខាងមុខ​៕