ភ្នំពេញៈ លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ច្រានចោល​នូវ​ព័ត៌មាន​របស់​ប្រទេស​វៀតណាម ​ដែល​ផ្អែក​តាម​ការផ្សាយ​របស់​កាសែត​ដែល​ថា យុវជន​ម្នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ពេល​ចេញពី​កម្ពុជា និង​បាន​រិះគន់​វៀតណាម​ថា មិន​គោរព​តាម​ប្រព័ន្ធ​ចែករំលែក​​ព័ត៌មាន​ឱ្យ​គ្នា​ក្នុង​ក្របខ័ណ្ឌ​​អាស៊ាន​អំពី​ជំងឺឆ្លង​នេះ​។

លោក​ ម៉ម ប៊ុនហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា យុវជន​ជនជាតិ​វៀតណាម​ដែល​ត្រូវបាន​អះអាង​ថា ឆ្លង​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​ចាកចេញ​ពី​កម្ពុជា​នោះ​គឺ​មិន​ដូច​ការចុះផ្សាយ​នោះទេ​។

លោក​ថា​៖ «​ខាង​ភាគី​វៀតណាម​អត់​មាន​ផ្ដល់ដំណឹង​មក​កម្ពុជា​ថា យុវជន​ហ្នឹង​ចេញពី​កន្លែង​ ឬ​តំបន់​ណា​ (​នៃ​ប្រទេស​កម្ពុជា​) ​ទេ​។ ធម្មតា គេ​មាន​ប្រព័ន្ធ​ទំនាក់ទំនង​ជំងឺឆ្លង​របស់​គេ​ (​អាស៊ាន​) មិនមែន​កាសែត​ចុះផ្សាយ​អ៊ីចឹង​ទេ​។ គេ​មាន​ប្រព័ន្ធ​ព័ត៌មាន​តាមដាន​ផ្លូវការ ដើម្បី​ជូន​ព័ត៌មាន​ឱ្យ​គ្នា​ថា តើ​អ្នក​ហ្នឹង​មកពីណា ? ​ឈ្មោះ​អី​? នៅ​ទីណា​? ធ្វើ​ដំណើរ​ពី​ណា​មក​ណា​?»​។

កាលពី​ថ្ងៃទី​ ៨ មិថុនា សារព័ត៌មាន VnExpress បាន​ចុះផ្សាយ​ដោយ​ដកស្រង់​ប្រភព​ពី​ក្រសួង​សុខាភិបាល​វៀតណាម​ថា យុវជន​វៀតណាម​ម្នាក់​អាយុ​ ១៨ ​ឆ្នាំ​ ដែល​មាន​លំនៅ​ក្នុង​ឃុំ Thuong Phuoc ស្រុក Hong Ngu ខេត្ត Dong Thap ជា​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ព្រៃវែង​ត្រូវ​បាន​ធ្វើតេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ ​១៩ កាលពី​ថ្ងៃអាទិត្យ​ទី​ ៧ មិថុនា​។

សារព័ត៌មាន​នេះ​បន្ត​ថា យុវជន​​នេះ​ត្រូវ​បាន​ដាក់​ឱ្យនៅ​ដាច់​ដោយ​ឡែក​ភ្លាមៗ​នៅ​មណ្ឌល​សុខភាព បន្ទាប់ពី​ធ្វើ​ដំណើរ​មកដល់​ច្រក​ទ្វារ​ព្រំដែន Thuong Phuoc ចេញពី​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ២៥ ​ឧសភា​។ ​យុវជន​​នេះ​ត្រូវ​បាន​ធ្វើតេស្ដ​លើក​ទី​ ២ ដោយសារ​ជិត​ផុតកំណត់​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក ដើម្បី​អនុញ្ញាត​ឱ្យ​វិល​ទៅផ្ទះ​វិញ ប៉ុន្តែ​បែរ​ជា​ចេញ​លទ្ធផល​វិជ្ជមាន​។

កាលពី​ខែ​មុន សារព័ត៌មាន​វៀតណាម​ក៏បាន​ផ្សាយ​ដែរ​ថា​បុរស​ជនជាតិ​វៀតណាម​ម្នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​ចេញ​ពី​ខេត្តសៀមរាប​ប្រទេស​កម្ពុជា ​ទៅ​ដល់​ប្រទេស​វៀតណាម​។

ការផ្សព្វផ្សាយ​ពេលនោះ​ក៏​ត្រូវ​បាន​ក្រសួង​សុខាភិបាល​កម្ពុជា​បដិសេធ​ផងដែរ និង​ចាត់ទុក​​ព័ត៌មាន​នោះ​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺឆ្លង​កូវីដ​១៩​។

កាលនោះ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ស្នើឱ្យ​ភាគី​វៀតណាម​​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​​ និង​គោលការណ៍​និយតកម្ម​អន្តរជាតិ​មុននឹង​ធ្វើការ​សន្និដ្ឋាន ឬ​ចុះផ្សាយ​ចៀសវាង​ធ្វើឱ្យ​ប៉ះពាល់​ដល់​កម្ពុជា​ទៀត​។

ក្រោយ​មាន​ប្រតិកម្ម​ពី​កម្ពុជា​​នាពេល​នោះ​លោក វ៉ូ ក្វាងមិញ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ការពារ​ថា វៀតណាម​មិនបាន​បញ្ជាក់​ថា បុរស​នោះ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ពី​កម្ពុជា​ឡើយ ដោយសារ​ក្នុង​សេចក្ដី​ជូនដំណឹង​របស់​វៀតណាម​មិន​បាន​បញ្ជាក់​ពី​ពេលវេលា ទីតាំង និង​របៀប​ដែល​បុរស​រូបនោះ​​បាន​ឆ្លង​ជំងឺ​នេះ​។

គិត​ត្រឹម​ថ្ងៃទី​ ១០ ​មិថុនា ​ប្រទេស​កម្ពុជា​ បាន​រាយការណ៍​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ ​កើន​ដល់​ ១២៥ ​នាក់ ​ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំងអស់​ ១២៦ ​នាក់ ខណៈ​នៅ​វៀតណាម​វិញ បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​ ៣៣២ ​នាក់​ក្នុងនោះ​ជាសះស្បើយ ៣១៧ ​នាក់​ និង​ ១៧ ​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​។ ​ប្រទេស​ទាំង​ ២ ​សុទ្ធ​តែ​បាន​រាយការណ៍​ថា​​គ្មាន​អ្នកស្លាប់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ឡើយ​។

កាលពី​ថ្ងៃទី​ ៩ ឧសភា ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​វៀតណាម​បាន​ជូនដំណឹង​ដល់​ក្រុម​និស្សិត​​សិក្ខាកាម​យោធា និង​នគរបាល​កម្ពុជា​ថា នាយករដ្ឋមន្ត្រី​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ចូល​ទៅ​បន្ដ​ការសិក្សា​នៅ​ប្រទេស​វៀតណាម​វិញ និង​ត្រូវធ្វើ​ចត្តាឡីស័ក​។ ​ប៉ុន្តែ​អាជ្ញាធរខេត្ត​តៃនិញ​បាន​បញ្ជាក់​ថា គ្មាន​កន្លែង​នៅ​សល់​សម្រាប់​ឱ្យ​និស្សិត​កម្ពុជា​ធ្វើ​ចត្តាឡីស័ក​ឡើយ តែ​ថា​ក្រសួង​អប់រំ និង​បណ្ដុះបណ្ដាល​វៀតណាម​កំពុង​រក​កន្លែង​ផ្សេង​នៅ​ជិត​ខេត្ត​តៃនិញ​៕