ភ្នំពេញ៖រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​ ម៉ម ប៊ុនហេង បាន​សម្រេច​កំណត់​ទៅលើ​បុគ្គល​ចំនួន ៦ ប្រភេទ​ដែល​នឹង​ត្រូវយក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូវីដ១៩។ នេះ​បើ​យោងទៅលើ​លិខិត​ដែល​លោក​ ម៉ម ប៊ុនហេង ផ្ញើជូន​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​នៅ​ថ្ងៃនេះ។

លោក​ ម៉ម ប៊ុនហេង បាន​លើកឡើង​ថា ក្នុង​ការជំរុញ​ការប្រើ​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ក្នុង​រាជធានី-ខេត្ត ដែល​កំពុង​ឆ្លង​ក្នុង​សហគមន៍ និង​សម្ភារៈ​បរិក្ខារ​មន្ទីរពិសោធន៍​មាន​ចំនួន​កម្រិត​ក្នុង​ទីផ្សារ​អន្តរជាតិ រួមទាំង​លទ្ធភាព​ និង​សមត្ថភាព​មន្ទីរពិសោធន៍​ក្នុង​ការធ្វើតេស្ត​លើ​សំណាក ទើប​ក្រសួង​បាន​សម្រេច​កំណត់​ប្រភេទ​មនុស្ស​ដែល​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ​នេះ។

ហ៊ាន រង្សី

លោក​ថា៖ «ក្រសួង​សុខាភិបាល​សូម​សម្រេច​ការយក​សំណាក​មក​ធ្វើតេស្ត​ចំពោះ​ទី ១ បុគ្គល​ឆ្លងកាត់​ព្រំដែន​ដែល​មាន​រោគសញ្ញា និង​បុគ្គល​មកពី​ខេត្ត​ប្រទេស​ជិតខាង​មាន​ហានិភ័យ​ខ្ពស់ ទី ២ បុគ្គល​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន ឬ​ករណី​សង្ស័យ»។

លោក​ ម៉ម ប៊ុនហេង ​បន្តថា៖ « ទី ៣ បុគ្គល​ចូលក្នុង​និយមន័យ​ករណី​សង្ស័យ ទី៤ ទីតាំង​មាន​ហានិភ័យ​ខ្ពស់​ដែល​វាយតម្លៃ​ដោយ​មន្ត្រី​ជំនាញ​សុខាភិបាល ទី ៥ អ្នកជំងឺ​រលាក​សួត ដែល​កំពុង​សម្រាក​ពេទ្យ និង​ទី ៦ ជា​បុគ្គល​ដែល​ស្ថិត​នៅក្រោម​ប្រព័ន្ធ​តាមដាន​ជំងឺឆ្លង​របស់​ក្រសួង​សុខាភិបាល»។

ហ៊ាន រង្សី

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រៅពី​បុគ្គល​ទាំង ៦ ប្រភេទ​ដែល​បាន​កំណត់​ខាងលើ ពលរដ្ឋ​ឆ្លងដែន បុគ្គល​ប៉ះពាល់​ប្រយោល ទីតាំង​ដែលមាន​ហានិភ័យ​ទាប បុគ្គល​ទាំងនោះ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ស្ម័គ្រចិត្ត​នៅផ្ទះ ឬ​នៅ​ទីតាំង​ដែល​កំណត់​ដោយ​អាជ្ញាធរ ដោយ​មាន​ការត្រួតពិនិត្យ ហ្មត់ចត់ និង​ត្រូវ​ធ្វើតេស្ត​តែម្តង​គត់​នៅ​ថ្ងៃទី ១៣ នៃ​ការធ្វើ​ចត្តាឡីស័ក៕

ហ៊ាន រង្សី