
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមទិវាជាតិអំណានលើកទី៤ នាពេលកន្លងមក។ សហការី
ភ្នំពេញៈ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ការបោះពុម្ពសៀវភៅមានការកើនឡើងច្រើន មានទាំងសៀវភៅប្រភេទអភិវឌ្ឍខ្លួនឯង ជំនាញវិជ្ជាជីវៈ ពិសេសសៀវភៅប្រលោមលោក ដែលបានផ្ដល់ជម្រើសច្រើនសម្រាប់ការអានរបស់យុវជន ដែលផ្ទុយកាលពីជាង ១០ ឆ្នាំមុន ប៉ុន្ដែការបោះពុម្ពសៀវភៅដែលនិយាយពីបញ្ហារបស់កម្ពុជា ដែលបច្ចុប្បន្ននៅមានតិចនៅឡើយ។
លោករដ្ឋមន្រ្ដីបានថ្លែងបែបនេះកាលពីថ្ងៃសៅរ៍ ទី ៩ ខែ មីនា ក្នុងពេលពិធីបើកទិវាជាតិអំណានលើកទី ៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) កាលពីថ្ងៃទី ៩ ខែ មីនា លោក ណារ៉ុន ថ្លែងថា៖ «សៀវភៅដែលយើងឃើញបោះពុម្ពច្រើនជាងគេនោះ គឺសៀវភៅប្រលោមលោកសម្រាប់យុវវ័យ ហើយអ្នកនិពន្ធក្មេងៗក៏ច្រើន ដែលមានទាំងការបោះពុម្ពសៀវភៅជាភាសាបរទេសប្រហាក់ប្រហែលទៅនឹងរឿងប្រលោមលោកទំនើបបរទស។ យើងចង់លើកកម្ពស់ និងជំរុញបន្ថែមនោះ គឺជាការបោះពុម្ពសៀវភៅពាក់ព័ន្ធនឹង ការស្រាវជ្រាវពីបញ្ហាកម្ពុជា ដែលនេះនៅមានតិចនៅឡើយ»។
លោកបន្ដថា៖ «យើងឃើញថា ចំនួនសៀវភៅ ក៏ដូចជាបញ្ជីរាយនាមសៀវភៅហ្នឹង នៅមិនទាន់គ្រប់គ្រាន់សម្រាប់ទាក់ទាញអ្នកអានជាភាសាខ្មែរនៅឡើយទេ ហើយក៏នៅមិនទាន់អាចទាក់ទាញ យុវជនឲ្យអានជាភាសាខ្មែរនៅឡើយទេ ដោយយើងត្រូវតែលើកកម្ពស់ ឬគួរតែមានការប្រឡងប្រណាំង»។
លោករដ្ឋមន្ត្រីក៏បានអះអាងផងដែរថា មានសៀវភៅរឿងប្រលោមលោកច្រើន ប៉ុន្ដែមិនទាន់ឃើញមានការប្រឡងប្រណាំង ការវាយតម្លៃថា អក្សរសិល្ប៍ណាមួយ ឬអ្នកនិពន្ធណាមួយពូកែ ឬសរសេរបានល្អ គឺនៅមិនទាន់មាននោះទេ។ ដើម្បីលើកកម្ពស់អំណាននេះ គឺត្រូវមានកម្មវិធីផ្សេងៗ ក្នុងការធ្វើការវាយតម្លៃ ក៏ដូចជា ប្រកួតប្រជែងផ្ដល់ជាជយលាភី ដល់អ្នកនិពន្ធ ក៏ដូចជាស្នាដៃនិពន្ធប្រចាំឆ្នាំជាដើម។
លោក ណារ៉ុន ថ្លែងថា៖ «យើងចង់លើកទឹកចិត្ដឲ្យមានការសរសេរច្រើន ពីវប្បធម៌ អរិយធម៌ខ្មែរ ប៉ុន្ដែជាបញ្ហាមួយត្រង់ថា ការសរសេរ តែងនិពន្ធនេះ វាមិនបានទទួលនូវកម្រៃ ដោយសារអ្នកអាននៅមានចំនួនតិច ដែលនេះក៏ជាបញ្ហាត្រូវការលើកទឹកចិត្ដ។ ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ ខ្ញុំចង់លើកទឹកចិត្ដឲ្យសាកលវិទ្យាល័យធំៗ បង្កើតមូលនិធិស្រាវជ្រាវ ហើយបង្កើតក្រុមស្រាវជ្រាវមួយ ដើម្បីសរសេរ និងសិក្សាឲ្យបានច្រើនពីបញ្ហាភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ។ ក្រសួងអប់រំ ចង់ឲ្យអ្នកនិពន្ធសរសេរ ដើម្បីអភិវឌ្ឍអក្សរសាស្រ្ដជាតិ មិនមែនសរសេរដើម្បីតែលក់ឲ្យដាច់ទេ»។
លោកបន្ដថា៖ «យើងមានប្រាសាទអង្គរវត្ដ មានអក្សរសាស្រ្ដខ្មែរ ភាសាខ្មែរ មានអរិយធម៌ខ្មែរ តែខ្មែរយើងមិនសូវចាប់អារម្មណ៍សិក្សាស្រាវជ្រាវទេ ជាពិសេសក្នុងចំណោមយុវជន។ អ៊ីចឹង ចង់ឲ្យមានការលើកកម្ពស់អ្វីៗទាំងអស់ដែលពាក់ព័ន្ធនឹងខ្មែរយើង វប្បធម៌យើងដើម្បីយុវជន មានជំនឿលើខ្លួនឯង ហើយជឿជាក់លើខ្លួនឯង ជឿលើប្រទេសជាតិ ហើយចូលរួមអភិវឌ្ឍបាន»។
លោក ឡឹក ជំនោរ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ បានថ្លែងថា ការតែងនិពន្ធសម្រាប់ប្រជាជនខ្មែរ មួយរយៈចុងក្រោយនេះ មានការផុសផុលខ្លាំង។
លោកបន្ដថា អ្នកនិពន្ធបច្ចុប្បន្នអាចស្រាវជ្រាវសរសេរបាន ប៉ុន្ដែពេលសរសេរហើយ អាចមានប៉ះពាល់តិចតួច។
លោកថា៖«បើការសរសេរនេះ ចាត់ទុកជាឯកសារស្រាវជ្រាវនោះមិនអីទេ ប៉ុន្ដែអ្នកខ្លះបានទាញយករឿងដែលអ្នកនិពន្ធសរសេរ ទៅជារឿងមួយផ្សេងទៀត ដែលអាចជាបញ្ហាប្រឈមក្នុងការសរសេរសៀវភៅបែបសិក្សាស្រាវជ្រាវពីបញ្ហានៅកម្ពុជានេះ។ ពេលខ្លះរឿងដែលយើងធ្វើទៅមានការស្រាវជ្រាវជាលក្ខណៈពាក់កណ្ដាលការពិត»៕