
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងលោក ហូរីណូអ៊ុជិ ហីុដេហុីសា (ស្ដាំ) ឯកអគ្គរាជទូតជប៉ុន នៅក្នុងពិធីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន សង្ឃឹមថា នឹងមានការពង្រីកបន្ថែមមជ្ឈមណ្ឌលសូត្រខ្មែរ ទៅដល់បណ្ដាខេត្ដ ដើម្បីផ្ដល់ឱកាសដល់កសិករឱ្យទទួលបានបច្ចេកទេសថ្មីក្នុងការកាត់បន្ថយការធ្វើចំណាកស្រុក និងលើកកម្ពស់វប្បធម៌កីតម្បាញខ្មែរ។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលសូត្រខ្មែរដំបូងបង្អស់នៅកម្ពុជា ស្ថិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃពុធម្សិលមិញ។
លោករដ្ឋមន្រ្ដីថ្លែងថា៖ «ការងារនេះក៏កាត់បន្ថយនូវចំណាកស្រុក ជួយលើកកម្ពស់ដល់បរិស្ថាន ប្រែក្លាយដីកសិកម្មមួយចំនួន ទៅជាដីដាំដើមមនសម្រាប់ចិញ្ចឹមដង្កូវនាង ធ្វើសូត្រ និងជាការអភិរក្សលើកស្ទួយវប្បធម៌ការតម្បាញសូត្រខ្មែរថែមទៀត»។
លោកបន្ដថា មជ្ឈមណ្ឌលនេះ ក៏បានចូលរួមលើកកម្ពស់កិច្ចការងារសិក្សាស្រាវជ្រាវរបស់និស្សិតនៅសាកលវិទ្យាល័យជាផ្នែកមួយ នៃការលើកកម្ពស់គុណភាពអប់រំ ហើយក្រសួងលើកទឹកចិត្ដការងារស្រាវជ្រាវនេះ ព្រោះមិនត្រឹមតែជាការងារស្រាវជ្រាវតែមួយមុខទេ ប៉ុន្ដែបានផ្សារភ្ជាប់ជាមួយការងារសហគមន៍ និងសេដ្ឋកិច្ចសង្គមផងដែរ។
លោក ណារ៉ុន បញ្ជាក់ថា៖ «សង្ឃឹមថា មជ្ឈមណ្ឌលសូត្រខ្មែរនេះ នឹងពង្រីកបន្ថែមនូវសាខាតាមកន្លែងផ្សេងៗទៀតពិសេសនៅតាមទីរួមខេត្ដ ដើម្បីបើកឱកាសឱ្យកសិកររបស់យើង បានទទួលយកនូវបច្ចេកទេសថ្មី ហើយលើកកម្ពស់នូវវប្បធម៌កីតម្បាញ ដែលជាវប្បធម៌ដ៏ចាស់យូរលង់របស់កម្ពុជា និងបង្កើតជាអ្វីថ្មីថែមទៀត»។
លោករដ្ឋមន្រ្ដីបានមើលឃើញថា កម្ពុជាអាចលើកកម្ពស់សិប្បកម្មសូត្រខ្មែរនេះបានតាមរយៈការតម្បាញជាវត្ថុផ្សេងៗ និងអាចផលិតជាវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរផងដែរ។
លោក ហូរីណូអ៊ុជិ ហ៊ីដហ៊ើសា ឯកអគ្គរាជទូតនៃប្រទេស ជប៉ុន ប្រចាំនៅកម្ពុជា ក៏បានថ្លែងក្នុងពិធីសម្ពោធនេះដែរថា មជ្ឈមណ្ឌលសូត្រត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ។
លោកបន្ដថា ជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុននេះ មានគោលបំណងឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផលិតពងដង្កូវនាងដែលគ្មានជំងឺ ហើយផ្គត់ផ្គង់ទៅដល់កសិករប្រមាណ ៥០ គ្រួសារ ព្រមទាំងផ្ទេរបច្ចេកទេស ទៅដល់កសិករដើម្បីឱ្យកសិករអាចចិញ្ចឹមដង្កូវនាងប្រកបដោយស្ថិរភាព និងអាចបង្កើនប្រាក់ចំណូលទាំងកសិករ និងភាគីពាក់ព័ន្ធ។
លោកឯកអគ្គរាជទូតបន្ថែមថា៖ «ខ្ញុំបានឮថា ពងដង្កូវនាង ដែលផលិតដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ ត្រូវបានចាប់ផ្ដើមចែកជូនកសិករគំរូមួយចំនួន ក្នុងខេត្ដកំពង់ស្ពឺហើយ។ ខ្ញុំសង្ឃឹមថា គម្រោងនេះ នឹងអាចរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែទូលំទូលាយ»។

លោក ហង់ ជួនណារ៉ុន ក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលសូត្រកាលពីម្សិលមិញ។ ហេង ជីវ័ន
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ក៏សង្ឃឹមដែរថា មជ្ឈមណ្ឌលនេះនឹងក្លាយជាទីកន្លែងមួយ ដែលភាគីពាក់ព័ន្ធនៃឧស្សាហកម្មសូត្រទាំងអស់ ទាំងរដ្ឋ និងឯកជន នឹងរួមសហការគ្នា ដើម្បីស្ដារឡើងវិញនូវវិស័យសូត្រខ្មែរ ហើយនិងក្លាយជានិមិត្ដរូបនៃមិត្ដភាពរវាងជប៉ុន និងកម្ពុជាផងដែរ។
លោកស្រី ស្រី ច័ន្ទសោភា តំណាងក្រុមសូត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងថា ប្រទេស កម្ពុជា ធ្លាប់មានប្រវត្តិជាប់ទាក់ទងទៅនឹងវិស័យកោសេយ្យវប្បកម្មតាំងពីយូរយារណាស់មកហើយ។
ការដាំមន ការចិញ្ចឹមដង្កូវនាង និងការត្បាញសូត្រ គឺជាផ្នែកមួយនៃទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ។ តែជាអកុសលប្រទេស កម្ពុជា បានជួបសង្រ្គាមជាញឹកញាប់ ធ្វើឱ្យការផលិតសរសៃសូត្រនិងសកម្មភាពត្បាញ ត្រូវបានបាត់បង់ស្ទើរគ្មានសល់ ។
លោកស្រីថ្លែងថា៖ «បច្ចុប្បន្នការផលិតសូត្រក្នុងស្រុក ក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជាខ្វះខាតពូជដង្កូវនាងល្អ ដង្កូវនាងមានជំងឺ ខ្វះខាតបចេ្ចកទេស និងការស្រាវជ្រាវជាដើម»។
លោកស្រីបន្ថែមថា តាមរបាយការណ៍ដែលបានបង្ហាញក្នុងយុទ្ធសាស្ត្រសូត្រជាតិឆ្នាំ ២០១៦-២០២០ ការផលិតសរសៃសូត្រក្នុងស្រុកមានត្រឹមតែប្រមាណ ១ ភាគរយ ហើយការនាំចូលរហូតដល់ ៩៩ ភាគរយ ដែលស្មើនឹងចំនួនប្រមាណជាង ៤០០ តោនក្នុង ១ ឆ្នាំ។
បើតាមលោកស្រី ច័ន្ទសោភា ដោយការមើលឃើញបញ្ហាខាងលើទើបថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផ្តួចផ្តើមបង្កើតក្រុមសូត្រដែលមានការប្តេជ្ញាចិត្តខ្ពស់ និងមានបេះដូងចង់ជួយស្តារឡើងវិញនូវវិស័យសូត្រខ្មែរ ទើបសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ផ្តើមការសិក្សាស្រាវជ្រាវសូត្រពីខែកក្កដា ឆ្នាំ ២០១៧ ដោយបាន បង្កើតក្រុមសូត្រដែលមានការ ចូលរួមពីនិស្សិត និងសាស្ត្រាចារ្យមកពីដេប៉ាតឺម៉ង់ចំនួន ៤ នៃ សាកលវិទ្យាល័យ។
លោកស្រី ច័ន្ទសោភា បញ្ជាក់ថា៖ «គោលដៅ សំខាន់របស់យើង គឺស្រាវជ្រាវ និងផលិតឱ្យបាននូវពូជដង្កូវនាង ដែលមានសុខភាពល្អ និងអាចផលិតបាន សរសៃសូត្រវែង និងគុណភាពខ្ពស់ ហើយចែកចាយទៅឱ្យកសិករតាមរយៈកសិករបង្គោលដែលបានជ្រើសរើស។ យើងធ្វើការស្រាវជ្រាវពីដើមមន ដង្កូវនាងនិងសរសៃសូត្រដើម្បីផលិតនូវផលិតផលនានាដូចជាសាប៊ូ គ្រឿងសម្អាង និងអាហារបំប៉នជាដើម»។
គួរបញ្ជាក់ថា ក្នុងខែ មីនា ឆ្នាំ ២០១៨ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានទទួលគម្រោងថវិកា ជំនួយឥតសំណងចំនួនសរុប ៩០ ៨៣៤ ដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅប្រទេស កម្ពុជា ដើម្បីអនុវត្តលើគម្រោង «The Project for Constructing Silk Center at Royal University of Phnom Penh» ចាប់ពីថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៩ ដោយក្នុងនោះថវិកាចំនួន ៨០ ៥១៤ ដុល្លារ សម្រាប់សាងសង់អគារមជ្ឈមណ្ឌល និងថវិកាចំនួន ១០ ៣២០ ដុល្លារ សម្រាប់ចំណាយលើជំនាញការសូត្រមកពីសាកលវិទ្យាល័យ Mahasarakham នៃប្រទេស ថៃ។
ក្រៅពីថវិការបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាសម្រាប់សាងសង់អគារមជ្ឈមណ្ឌលក៏ទទួលបានការជួយឧបត្ថម្ភជាសម្ភារបរិក្ខារនិងសម្ភារស្រាវជ្រាវមួយចំនួនពីអង្គការ UNDP ផងដែរ ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ ១៦ ៣០០ ដុល្លារ៕
(សូមអានព័ត៌មានពាក់ព័ន្ធនៅទំព័រសេដ្ឋកិច្ច)
វីដេអូ៖