ភ្នំពេញ៖ លោក ចម ​ប្រសិទ្ធ ​រដ្ឋមន្រ្ដី​ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍​ បាន​ផ្ដួច​ផ្ដើម​គំនិត​ប្រមូល​ផ្ដុំ​ធនធាន​មនុស្ស​ផ្នែក​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ដែល​កំពុង​បែក​ខ្ញែក​គ្នា​បម្រើការ​នៅ​ក្រសួង ​ស្ថាប័ន​ សាកល​វិទ្យាល័យ​ និង​វិស័យ​ឯកជន​ផ្សេង​ទៀត ​ជា​ក្រុម​តែ​មួយ ​ដោយ​ចុះ​បញ្ជី​សារពើភណ្ឌ​ប្រមូល​ផ្តុំ​ទុក​ជា​ខួរ​ក្បាល​ជាតិ​។ នេះ​បើ​តាម​មន្ត្រី​នាំពាក្យ​នៃ​ក្រសួង​នេះ ​ពី​ម្សិលមិញ។

អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​លោក ​អ៊ុំ សុថា ​ប្រាប់​​​ ពី​ម្សិលមិញ​ថា ​បច្ចុប្បន្ន​ក្រសួង​ឧស្សាហកម្ម​កំពុង​​ប្រជុំ​ជាមួយ​ក្រសួង ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​បន្ត​បន្ទាប់​ទៀត ​ដើម្បី​ប្រមូល​​ធាតុ​ចូល និង​សិក្សា​ស្វែង​យល់​ពី​ការងារ​​ពាក់​ព័ន្ធ ​ដើម្បី​អាច​ឈាន​ទៅ​ធ្វើ​សំណើ​ទៅ​​​រដ្ឋាភិបាល​ក្នុង​ការ​​ធ្វើ​បញ្ជី​សារពើភណ្ឌ​បង្កើត​ក្រុម​​ធនធាន​មនុស្ស​ផ្នែក​វិទ្យាសាស្ត្រ​​ បច្ចេកវិទ្យា និង​នវានុវត្តន៍​នេះ​។

លោក​​ថ្លែង​ថា​៖ «បច្ចុប្បន្ន​ធនធាន​មនុស្ស​ទាំង​នេះ​កំពុង​នៅ​បែក​​ខ្ញែក​គ្នា ​តាម​ស្ថាប័ន​ ក្រសួង​ មន្ទីរ​ វិស័យ​ឯកជន​ ក៏​ដូច​ជា​នៅ​ក្នុង​អង្គការ​ក្រៅ​រាជ​រដ្ឋាភិបាល។ ​ធនធាន​មនុស្ស​ទាំង​នេះ​ជា​គោលដៅ​ដ៏​សំខាន់​ដែល​រាជរដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​ការ​សម្រាប់​ជួយ​លើ​ការ​សិក្សា​ស្រាវជ្រាវ​ផ្សេងៗ»។

លោក ​សុថា ​ឱ្យ​ដឹង​ថា​ ជា​ចំណុច​​ចាប់​ផ្តើម​អនុវត្ត​លើ​ការងារ​នេះ​កាល​ថ្ងៃទី ២៩ មិថុនា ​ឆ្នាំ ២០២០ ​លោក​ ចម ប្រសិទ្ធ​ បាន​ដឹកនាំ​រៀបចំ​ជំនួប​ពិភាក្សា​​ជាមួយ​លោក​ ​ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ដែល​ជា​ក្រសួង​ស្នូល​នៃ​ការ​បណ្តុះបណ្តាល​ ​ធនធាន​មនុស្ស​គ្រប់​កម្រិត​ ដើម្បី​ដំណើរការ​ការងារ​ប្រមូល​ផ្ដុំ​ធនធាន​មនុស្ស​នេះ​ផង​ដែរ។

មន្ត្រី​នាំពាក្យ​រូប​នេះ​បន្ត​ថា​៖ «​ឆ្លង​កាត់​ការ​ពិភាក្សា ​និង​ផ្លាស់​ប្តូរ​យោបល់​ទៅ​វិញ​ទៅ​មក​ ក្រសួង​ទាំង ២ ​បាន​បង្ហាញ​នូវ​សារៈសំខាន់​​ នៃ​ការ​បណ្តុះបណ្តាល ​ការ​គ្រប់​គ្រង​ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ និង​ការ​ច្នៃ​ប្រឌិត​ថ្មីៗ ​ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ធ្វើ​បញ្ជី​សារពើភណ្ឌ​មួយ​ទុក​ជា​ធនធាន​ខួរ​ក្បាល​របស់​ជាតិ​ ដែល​បច្ចុប្បន្ន​ធនធាន​ទាំង​នេះ​ នៅ​បែក​ខ្ញែក​គ្នា ​ហើយ​មាន​មួយ​ចំនួន​កំពុង​បំពេញ​ ​ការងារ​ខុស​ជំនាញ»។

គេហទំព័រ​របស់​ក្រសួង​ទាំង ២​ ឲ្យ​ដឹង​ថា ​ក្រោយ​កិច្ច​ប្រជុំ​ក្រសួង​ទាំង ​២ ​បាន​បង្ហាញ​លទ្ធផល​នៃ​ជំនួប​នេះ​ថា ​ជា​យន្តការ​ក្រសួង​ស្ថាប័ន និង​ដៃគូ​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​សហការ​គ្នា​ធ្វើ​សមាហរណកម្ម​​​ធនធាន​ទាំង​នោះ ​តាមរយៈ​កិច្ច​សហការ​រវាង​ស្ថាប័ន​រដ្ឋ​ជាមួយ​សាកល​វិទ្យាល័យ​ជំនាញ ​វិស័យ​ឯកជន​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​​ជា​ដើម។ កិច្ច​សហការ​នេះ​ ដើម្បី​ឱ្យ​ប្រាកដ​ថា​ ធនធាន​មួយ​ណា​មាន​តម្រូវ​ការ​ជាក់​ស្តែង ​និង​ក៏​ជា​មូលដ្ឋាន​បែង​ចែក​ធនធាន​ឱ្យ​ត្រូវ​មុខ​សញ្ញា​ការងារ​។

ក្រសួង​ទាំង ​២ បញ្ជាក់​ថា​៖ «ក្នុង​នោះ​រដ្ឋ​ត្រូវ​សហការ​រៀបចំ​វេទិកា ​ឬ​សិក្ខាសាលា​នានា​ ដើម្បី​ធ្វើ​ជា​ព្រឹត្តិការណ៍​ជួប​ជុំ​គ្នា​ផ្លាស់​ប្តូរ​បទពិសោធ ឬ​ការ​ផ្ទេរ​ចំណេះ​ដឹង​ថ្មីៗ​ រវាង​អ្នក​បាន​ប្រឡូក​ក្នុង​ការងារ​ជាក់​ស្តែង​តាម​ចំណេះ​ដឹង​ដែល​ខ្លួន​មាន​ និង​អ្នក​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ជំនាញ​ពី​សាលា»។

លោក ​សុថា ​បញ្ជាក់​ថា ​នា​ពេល​​ខាង​មុខ​ថ្នាក់​ដឹកនាំ​ក្រសួង​ឧស្សាហកម្ម​ នឹង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​ផែនការ និង​ចុះ​សិក្សា​​ ស្វែង​​យល់​តាម​សាកល​វិទ្យាល័យ​ផ្សេងៗ​ ​ដើម្បី​ទទួល​បាន​ធាតុ​ចូល​ថ្មីៗ​ថែម​ទៀត​ផង​ដែរ​។

លោក ​រស់ ​សុវាចា ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ថ្លែង​​ពី​ម្សិលមិញ​​ថា​ ជំនួប​ប្រជុំ​រវាង​ក្រសួង​ទាំង ​២ ​​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​ STEM (Science Technology Engineering and Mathematics) ​របស់​ក្រសួង​អប់រំ​ក្នុង​ការ​​ចូលរួម​ពង្រឹង​ការ​អប់រំ​តាម​បែប​ឌីជីថល​សម្រាប់​ចូលរួម​អភិវឌ្ឍ​​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា។

លោក​ថ្លែង​ថា​៖ «ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង ​នវានុវត្តន៍​ និង​ក្រសួង​ស្ថាប័ន​​ ពាក់ព័ន្ធ​កំពុង​បន្ត​រៀបចំ​ផែនការ​ប្រតិបត្តិ​យោង​តាម​យន្តការ​ដែល​បាន​សម្រេច​ក្នុង​ស្មារតី​អង្គ​ប្រជុំ​សម្រាប់​សហការ​គ្នា​ក្នុង​ការ​ស្រង់​បញ្ជី​សារពើភណ្ឌ​ប្រមូល​ផ្តុំ​មូលធន​មនុស្ស​ដែល​មាន​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍ ​សម្រាប់​ដើរ​តួនា​ទី​ជា​ឃ្លាំង​ចំណេះ​ដឹង​របស់​ជាតិ»៕