ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ថ្លែងថា ការធ្វើកំណែទម្រង់កម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនគឺដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំកម្ពុជាដែលត្រូវប្រណាំងប្រជែងជាមួយនឹងបណ្ដាប្រទេសផ្សេងៗក្នុងតំបន់ដែលមានលទ្ធផលប្រសើរជាងនៅប្រទេស កម្ពុជា។
ក្នុងបាឋកថាស្ដីពីកំណែទម្រង់កម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀននៅវិទ្យាស្ថានជាតិអប់រំកាលពីថ្ងៃ ២៧ មករាលោក ហង់ជួន ណារ៉ុន បានថ្លែងថា៖ «មូលហេតុនៃការកែលម្អកម្មវិធីសិក្សានេះគឺដើម្បីធ្វើយ៉ាងម៉េចលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ឬនិស្សិតកម្ពុជា។ កម្ពុជាត្រូវប្រណាំងប្រជែងជាមួយប្រទេសផ្សេងៗក្នុងតំបន់ ហើយយើងឃើញថាប្រទេសក្នុងតំបន់គេមានលទ្ធផលសិក្សាល្អប្រសើរ។ មូលហេតុគឺដោយសារតែកម្ពុជាយើងឆ្លងកាត់នូវសង្គ្រាមជាង ៣ ទសវត្សរ៍ ហើយយើងទើបតែកសាងឡើងវិញនូវប្រព័ន្ធអប់រំរបស់យើងចេញពីសង្គ្រាម»។
លោក ហង់ជួន ណារ៉ុន ថ្លែងទៅកាន់គរុនិស្សិតថា ក្រសួងអប់រំត្រូវពង្រឹងគុណភាពគ្រូដើម្បីឆ្លើយតបនឹងយុគសម័យបច្ចេកវិទ្យា។ នៅចុងឆ្នាំនេះក្រសួងអប់រំនឹងរៀបចំឱ្យមានការប្រឡងគរុនិស្សិតដែលនឹងដាក់ឱ្យអនុវត្តវិធីសាស្ត្របង្រៀនតាមបែបថ្មី និងតម្រូវឱ្យចេះគ្រប់វិធីសាស្ត្របង្រៀន។
លោកបានបញ្ជាក់ថា៖ «ឱ្យយល់ដឹងស្អីទៅ វិធីសាស្ត្រគ្រូមជ្ឈមណ្ឌល វិធីសាស្ត្រចាស់ ហើយស្អីទៅវិធីសាស្ត្រថ្មី។ ការបង្រៀនជាសិល្បៈ។ ដូច្នេះប្អូនៗគរុនិស្សិតអាចអនុវត្តបានវិធីសាស្ត្រផ្សេងៗធ្វើយ៉ាងម៉េចឱ្យសិស្សយើងចេះ។ ព្រោះសិស្សដើម្បីត្រៀមខ្លួនចូលទៅរៀនឧត្តមសិក្សា ហើយបើមិនចេះវិធីសាស្ត្រថ្មីទេ មិនអាចទៅរៀនទាន់គេទេ។ អ៊ីចឹងហើយបានជាយើងដាក់ចេញជាគោលការណ៍មួយថា តើចំណេះដឹងយុគសម័យថ្មីហ្នឹងវាយ៉ាងម៉េច?»។
យោងតាមវីដេអូខ្លីរបស់ក្រសួងអប់រំដែលបានផ្សព្វផ្សាយក្នុង Youtube កាលពីចុងឆ្នាំមុនបានឱ្យដឹងថា បច្ចុប្បន្នវិធីសាស្ត្របង្រៀនតាមបែបគ្រូមជ្ឈមណ្ឌលដែលតម្រូវឱ្យសិស្សចេះស្តាប់ចងចាំ ទន្ទេញ និងសូត្រ មិនអាចឆ្លើយតបទៅនឹងតម្រូវការទាំងស្រុងរបស់សង្គមទំនើបនេះបានទៀតទេ ពីព្រោះព័ត៌មាន និងទិន្នន័យគ្រប់ប្រភេទត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស។ ពិភពលោកមានការវិវឌ្ឍលឿនជាងមុន។ ទីផ្សារការងារមានការប្រកួតប្រជែងខ្ពស់ដែលទាមទារឱ្យមានជំនាញខ្ពស់ និងសមត្ថភាពសម្បូរបែប។
ក្រសួងអប់រំកាលពីខែវិច្ឆិកាឆ្នាំមុនបានបើកសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាស្ថានជាតិអប់រំ ដើម្បីបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំដល់និស្សិតកម្ពុជា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីថ្ងៃទី ២៧ ខែមករាថា ការបង្កើតមជ្ឈមណ្ឌលនេះគឺដើម្បីលើកកម្ពស់ការបង្រៀន។ ប៉ុន្តែលោកមិនបានអត្ថាធិប្បាយលម្អិតទេដោយលោកស្នើឲ្យផ្អែកលើខ្លឹមសារនៃវីដេអូរបស់ក្រសួងអប់រំវិញ។
បើតាមខ្លឹមសារក្នុងវីដេអូខ្លីរបស់ក្រសួងអប់រំនេះបានឱ្យដឹងថា គ្រូបង្រៀនគួរតែផ្លាស់ប្តូរវិធីសាស្ត្របង្រៀនដើម្បីអប់រំឱ្យសិស្សចេះអាន សរសេរ គិតលេខ ភាសាបរទេស ប្រព័ន្ធបច្ចេកវិទ្យា ត្រិះរិះពិចារណា វិភាគច្នៃប្រឌិត ដោះស្រាយបញ្ហា សម្រេចចិត្តដោយភាពឆ្លាតវៃចង់ចេះ ចង់ដឹង ចេះផ្តួចផ្តើមធ្វើអ្វីថ្មីៗមានវិន័យ ទន់ភ្លន់ សុចរិត មានស្មារតីទទួលខុសត្រូវខ្ពស់ ចេះប្រាស្រ័យទាក់ទង សហការ និងធ្វើការជាក្រុមជាមួយមនុស្សដែលមានភេទ គំនិត ជំនឿ វប្បធម៌ ឬជាតិសាសន៍ផ្សេងៗគ្នា។
យោងតាមឯកសារទស្សនទានស្តីពីវិធីសាស្ត្របង្រៀនក្នុងបរិបទថ្មីរបស់ក្រសួងអប់រំបានឱ្យដឹងថា ដើម្បីឱ្យការអនុវត្តវិធីសាស្ត្របង្រៀនតាមបែបថ្មីអាចដំណើរការទៅបានដោយមានគុណភាព ក្រសួងអប់រំបានផ្តល់អាទិភាពបណ្តុះបណ្តាលគ្រូដោយកំណត់ផែនការសម្រាប់ឆ្នាំ ២០១៩ ដល់ ២០២៣។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា លោកស្រីសាទរចំពោះការកែទម្រង់ការអប់រំតាមបែបបច្ចេកវិទ្យាថ្មីនេះ។ ប៉ុន្តែលោកស្រីបានស្នើសុំឱ្យក្រសួងមានទាំងសម្ភារទាំងអស់នេះដោយមិនត្រូវឱ្យសិស្សចំណាយប្រាក់ទៅលើការទិញសម្ភារដើម្បីរៀនទាំងនេះទេ។
លោកស្រីថ្លែងថា៖ «គឺយើងមិនអាចទទួលយកបានទេប្រសិនបើតម្រូវឲ្យសិស្សចំណាយទិញសម្ភារសម្រាប់រៀនព្រោះអីវាជាការដាក់បន្ទុកកាន់តែខ្លាំងដល់សិស្សានុសិស្ស»៕