ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ជួន ណារ៉ុន បាន​ថ្លែង​ពី​ម្សិលមិញ​ថា​ដើម្បី​ដើរ​ទាន់​ការអប់រំ​តាមបែប​ឌីជីថល​ (Digital) វិស័យ​អប់រំ​កម្ពុជា​ត្រូវមាន​មូលដ្ឋានគ្រឹះ​រឹងមាំ ហើយ​គ្រូ​ត្រូវ​មាន​ចំណេះដឹង​ខ្ពស់​។ លោក​ថ្លែង​បែប​នេះ នៅពេល​លោក​ធ្វើ​បាឋកថា​សាធារណៈ​ក្រោម​ប្រធានបទ​ «​អក្ខរកម្ម​ឌីជីថល​ក្នុង​បរិបទ​កម្ពុជា​ឧស្សាហកម្ម​ ៤.០» ដែល​រៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ​។

លោក​ថ្លែង​ថា​ ការអប់រំ​តាម​បែប​ឌីជីថល គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​នៅក្នុង​ប្រទេស កម្ពុជា ​ដែល​កំពុង​ជួបប្រទះ​ដូចជា​ការលើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ឧស្សាហកម្ម ការធ្វើ​ពាណិជ្ជកម្ម ការដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដោយ​ការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​បែប​ឌីជីថល​ជាដើម​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ដើម្បី​ឈាន​ទៅ​រក​ការអប់រំ​តាមបែប​ឌីជីថល​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ឆ្នាំ​នេះ​ពេល​ប្រារព្ធ​ទិវា​គ្រូបង្រៀន យើង​បាន​ដាក់​ចេញ​ប្រធានបទ​មួយ​ថា គុណភាព គ្រូ គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការអប់រំ​បែប​ឌីជីថល​។ ក្នុង​ឆ្នាំ ២០២០ សន្និបាត​អប់រំ​នឹង​ផ្ដោត​ទៅ​លើ​ការឈាន​ឆ្ពោះ​ទៅ​រក​ការអប់រំ​តាម​បែប​ឌីជីថល​។ ប៉ុន្ដែ​ដើម្បី​សម្រេច​បាន​ការអប់រំ​តាមបែប​ឌីជីថល គឺ​ត្រូវ​មាន​មូលដ្ឋានគ្រឹះ​អប់រំ​រឹងមាំ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ដូច្នេះ​ប្រសិនបើ​យើង​មិន​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​ទេ ក៏​យើង​មិនអាច​ទាញ​យក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​បាន គឺ​យើង​បាន​ត្រឹមតែ​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សើៗ​ដោយ​មិនអាច​យក​បច្ចេកវិទ្យា​ទៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​បាន​នោះទេ​»​។

លោក​រដ្ឋមន្ដ្រី​លើកឡើង​ថា​កម្ពុជា​អាចបង្កើត​ជា​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​តាមបែប​ឌីជីថល​បាន ប៉ុន្ដែ​បើ​បង្កើត​រួចហើយ​មិន​មាន​តម្រូវការ​មិន​មាន​អ្នកយក​ទៅ​ប្រើប្រាស់​ការបង្កើត​នេះ​ក៏​មិន​សូវ​ទទួលបាន​ផលប្រយោជន៍​ដែរ​។ ដូច្នេះ​ទាមទារ​នូវ​ការប្រើប្រាស់ ការផ្លាស់ប្ដូរ​ឥរិយាបថ​របស់​មនុស្ស ដើម្បី​យក​ការអភិវឌ្ឍ​បែប​ឌីជីថល​ទៅ​ជា​ការអភិវឌ្ឍ​ប្រទេស​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​បណ្ដុះ​សិស្ស​ឲ្យ​ពួកគាត់​ចេះ​ស្វ័យ​សិក្សា ស្រាវជ្រាវ​ដោយ​ខ្លួនឯង​។ ចំណុច​សំខាន់​នោះ​គឺ​យុវជន​ត្រូវមាន​អាកប្បកិរិយា​វិជ្ជមាន មាន​វិន័យ មាន​ការត្រិះរិះ​ពិចារណា ចេះ​ដោះស្រាយ​បញ្ហា និង​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​ចេះ​ប្រើប្រាស់​ចំណេះដឹង​របស់​ពួកគេ​ទៅ​ធ្វើ​ការងារ​ជា​ក្រុម​»​។

លោក​រដ្ឋមន្ដ្រី​បង្ហាញ​ថា​ក្នុង​រយៈពេល​ ៦ ​ឆ្នាំ​ចុងក្រោយ​នៃ​វិស័យ​អប់រំ ក្រសួង​អប់រំ​បាន​ពង្រឹង​វិស័យ​អប់រំ ធ្វើ​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ​លើ​គុណភាព​គ្រូបង្រៀន កំណែទម្រង់​កម្មវិធីសិក្សា​គោល និង​កែលម្អ​បរិស្ថាន​សិក្សា​។ ការដាក់​ឲ្យ​អនុវត្ដ​ធ្វើ​អធិការកិច្ច ការពង្រឹង​ការវាយតម្លៃ​ការសិក្សា និង​ការកែទម្រង់​ការសិក្សា​កម្រិត​ឧត្ដមសិក្សា​ជាដើម​។

យុវជន ​ឈម ឆាយ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឆ្នាំ​ទី​ ៣ ដែល​បាន​ចូលរួម​ស្ដាប់​បាឋកថា​សាធារណៈ​របស់​រដ្ឋមន្ដ្រី ក្រសួង​អប់រំ​ពី​ម្សិលមិញ​លើក​ឡើង​ថា ការសិក្សា​នាពេល​បច្ចុប្បន្ន​នៅ​សាកលវិទ្យាល័យ​ប្លែក​គ្នា​ស្ទើរ​ ១០០ ​ភាគរយ​បើ​ប្រៀបធៀប​ការ​ទៅ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​កាលពី​ ៣ ​ឆ្នាំ​មុន​។ កម្រិត​ឧត្ដមសិក្សា​គ្រូបង្រៀន​បាន​យក​វិធីសាស្ដ្រ​បង្រៀន​តាម​បែប​ឌីជីថល​មក​បង្រៀន​ដល់​សិស្ស​។

យុវជន​វ័យ​ ២២ ​ឆ្នាំ​រូបនេះ​ថ្លែងថា​៖ «​លោកគ្រូ​បង្រៀន​នៅ​មហាវិទ្យាល័យ គាត់​បាន​ប្រាប់​ឲ្យ​សិស្ស​ចេះ​សិក្សា​ជ្រាវជ្រាវ​ដោយ​ខ្លួនឯង​តាមរយៈ​គេហទំព័រ​លើ​មុខវិជ្ជា​ផ្សេងៗ​ជាដើម​។ ចំណែក​ការបង្រៀន​គឺ​បាន​ប្រើប្រាស់​ផ្ទាំង​បង្ហាញ​បែប​ឌីជីថល​ដល់​សិស្ស ដើម្បី​ផ្ដល់​ភាពងាយស្រួល​ឲ្យ​សិស្ស​អាច​យក​ប្រភព​មេរៀន​ដែល​បាន​រៀន​ហើយ​ទៅ​ស្វ័យ​សិក្សា​បន្ត​ឯផ្ទះ​»​។

យុវជន​រូបនេះ​បន្ថែម​ថា គ្រូបង្រៀន​នៅ​ថ្នាក់​បរិញ្ញាបត្រ​បច្ចុប្បន្ន​បាន​កែប្រែ​ឥរិយាបថ​ក្នុង​ការបង្រៀន​ដោយ​ប្រាប់​ឲ្យ​សិស្ស​ទៅ​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​ច្រើន ខណៈ​កាលពី ៤-៥ ​ឆ្នាំ​មុន ​គ្រូបង្រៀន​សិស្ស​ត្រឹម​តាម​សៀវភៅ​ដែល​ពួកគាត់​ធ្លាប់​យល់​ដឹង​ប៉ុណ្ណោះ​៕