ភ្នំពេញ: ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ការ​បរ​ទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ​កម្ពុជា​លោក ​ប្រាក់​ សុ​ខុន​ បាន​អះ​អាង​​ថា ទំនាក់​ទំនងនិង​ទំនុកចិត្ត​ផ្នែក​នយោ​បាយ​រវាង​កម្ពុជា-ចិន​ បច្ចុ​ប្បន្ន​ ល្អ​ប្រសើរ​ជាង​ពេល​ណាៗ​ទាំង​អស់ ដោយ​សារ​មាន​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ជា​ញឹកញាប់។

ការ​ថ្លែង​ដូចនេះ បាន​ធ្វើឡើ​ង​បន្ទាប់ពី​លោក​​វិល​ត្រឡប់​មកពី​បំពេញ​ទស្សន​កិច្ច​ផ្លូ​វការ​នៅ​សា​ធារណរដ្ឋ​ប្រជា​មា​និត​ចិន​​ (ថ្ងៃ​ទី​ ៣០ ខែ ​ឧសភា​ ដល់​ថ្ងៃទី​ ១ ​ខែ មិថុនា) ដោយ​បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ចិន លី កេឈាង​ និង​ជួប​ប្រជុំ​ទ្វេ​ភាគី​ជា​មួយ​លោក ​វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​ផងដែរ។

តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​ ១ មិ​ថុនា​​ ថា ជំនួប​រវាង លោក ប្រាក់ សុខុន និង​លោក​ វ៉ាង យី បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ភាពស្និទ្ធ​ស្នាល​និង​គ្រប​ដណ្តប់​លើ​វិស័យ​ជា​ច្រើន ហើយភាគីទាំង​ ២​ បាន​យល់​ស្រប​គ្នា​ថា​ទំនាក់​ទំនង​ និង​ទំនុក​ចិត្ត​ផ្នែក​នយោ​បាយ​រវាង​កម្ពុជា ​និង​ចិននាពេល​​​នេះ​គឺល្អ​ប្រសើរ​ជាង​ពេល​ណាៗ​ទាំង​អស់​ដោយ​សារ​មាន​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​កម្រិត​ខ្ពស់​ជា​ញឹក​ញាប់​។ ដូច្នេះ​គួរ​តែ​បន្ត​រក្សា​ការ​អនុវត្ត​នេះ។

សេចក្ដី​ប្រកាស​បន្ត​ថា ភាគី​ទាំង​ ២ បាន​ឯក​ភាព​ធ្វើ​ការ​រួមគ្នាដើម្បី​​ធានា​ការ​អនុវត្ត​ឲ្យ​បាន​ជោគ​ជ័យ​លើ​ផែនការ​សក​ម្ម​ភា​ព​កសាង​សហ​គមន៍​មានអនា​គត​រួមគ្នា​កម្ពុជា-ចិន ឆ្នាំ​ ២០១៩-​២០២៣ ​ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ខែមេ​សា​ឆ្នាំ​នេះ ដើម្បី​នាំមក​នូវកិច្ច​សហ​ប្រតិប​ត្តិការ​ស​ន្តិ​សុខនយោបា​យ​ឲ្យកាន់​តែ​ស្អិត​ល្មួ​ត ពង្រីក​ទំនា​ក់ទំ​នង​សេ​ដ្ឋ​កិ​ច្ច​ ពា​ណិជ្ជ​កម្ម និង​វិនិយោគ និង​ជំរុញ​កំណើ​ន​ការ​ផ្លាស់ប្តូរ​ទេស​ចរណ៍ និង​វប្បធម៌។

​លោ​ក​ ប្រាក់ ​សុខុន បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​កិច្ចស​ហប្រ​តិ​បត្តិ​ការ​ក្នុង​ក្រប​ខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ដើម្បី​លើក​កម្ពស់​ការ​តភ្ជាប់​និង​បាន​តាំង​ចិត្ត​ខិត​ខំ​ធ្វើ​ឲ្យ​គម្រោងខ្សែក្រ​វាត់​ និង​ផ្លូវ​នៅ​កម្ពុជា​ក្លាយជា​គំរូ​នៃ​ជោគជ័យ។

លោក​បន្ត​ថា ចំពោះ​កិច្ចសហ​ប្រតិ​បត្តិ​ការ​អា​ស៊ាន-ចិន រដ្ឋមន្ត្រី​ការ​បរទេស​ទាំង ២​ បាន​ប្តេជ្ញាចិត្ត​សហ​ការ​ជា​មួយ​ប្រ​ទេ​ស​​សមា​ជិក​អាស៊ាន​ផ្សេង​ទៀត​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​អា​ស៊ាន-ចិន​ និង​បាន​យល់​ស្រប​គ្នា​ថា​ គួរ​គិត​ពិ​ចារ​ណា​​អំពី​លទ្ធភាព​ជំរុញ​ឲ្យ​មាន​ថាមពល​រួមគ្នា​រវាង​គំនិត​ផ្តួច​ផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ និង​ផែន​ការមេ​ស្តីពី​កា​តភ្ជាប់​អា​ស៊ា​ន ​ដើម្បី​ផល​ប្រយោជន៍​ក្នុង​តំបន់។

លោក ​លី កេ​ឈាង ​ថ្លែង​ថា ការ​រឹត​បន្តឹង​ទំនាក់​ទំនង​ជា​ប្រពៃ​​ណី​រវាង​កម្ពុជា និង​ចិន​ឲ្យ​កាន់​តែរឹ​ង​មាំគឺធ្វើ ឡើងលើ​មូល​ដ្ឋា​ន​នៃ​ការគោរព​គ្នា​ទៅវិញទៅ​​មក​ដោយ​ស្មើ​ភាព ​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឈ្នះឈ្នះ។ ប្រ​​ទេ​​ស​ ចិន​ នឹង​បន្ត​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ចសង្គម​របស់​កម្ពុជានិ​ង​គាំទ្រ​ឲ្យ​បាន​ជោគ​ជ័យ​នូវ​កិច្ច​​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ លើក​​ទី១៣ នៅ​ប្រ​ទេស​​​ កម្ពុជា​ ក្នុង​ឆ្នាំ ២០២០ ខាងមុខ​នេះ៕