ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រោមឱវាទ​ជួយ​សម្រួល​នីតិវិធី​ដែល​អាចធ្វើ​ឲ្យ​វិស័យ​ឯកជន នៅតែ​អាច​បន្ត​និរន្តរភាព​បាន​ល្អ​ប្រសើរ​ស្របពេល​លោក​ទទួលស្គាល់​ពី​ផលប៉ះពាល់​ដែល​កម្ពុជា​កំពុង​ទទួលរង​ពី​វីរ៉ុសកូរ៉ូណា និង​ការដក​ផ្នែក​ខ្លះ​នៃ EBA របស់​សហភាព​អឺរ៉ុប​ដែល​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ចកម្ពុជា​។

លោក អ៊ិត សំហេង បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​របស់​ក្រសួង​ការងារ ឆ្នាំ ២០២០ នៅ​ទីស្តីការ​ក្រសួង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដែលមាន​មន្ត្រី និង​ដៃគូ​អភិវឌ្ឍន៍​ចូលរួម​ប្រមាណ ៥០០ ​នាក់​។

លោក​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កើនឡើង​ជា​មធ្យម ៧ ​ភាគរយ​ រហូត​បាន​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ក៏ប៉ុន្តែ​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមជាតិ​បាន​ឈានចូល​មក​ដល់​បរិបទ​ប្រឈម​នឹង​បញ្ហា​ថ្មី​ទាំង​នៅ​កម្រិត​តំបន់ និង​សកលលោក​ដែល​តម្រូវ​ឲ្យ​កម្ពុជា ខិតខំ​ជម្នះ​ និង​ដោះស្រាយ​។

លោក​បន្តថា ភាពតានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ សន្តិសុខ​សកល ការកើត​ចលាចល​នៅក្នុង​ប្រទេស​មួយ​ចំនួន ការប្រែប្រួល​អាកាសធាតុ និង​គ្រោះធម្មជាតិ​ហើយ​ករណី​ថ្មីៗ​នេះ​ទៀត វីរ៉ុស​កូរ៉ូណា ហៅ​កូវីត ១៩ និង​ការដក​ផ្នែក​ខ្លះ​នៃ EBA របស់​សហភាព​អឺរ៉ុប​ជាដើម បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដែល​ជា​សេដ្ឋកិច្ច​បើកចំហ​ខ្លាំង និង​ពឹង​ផ្អែកលើ​កត្តា​ខាងក្រៅ​។

លោក​បញ្ជាក់​ថា​៖ «​អង្គសន្និបាត​របស់​យើង ត្រូវ​ជជែក​ពី​អ្វី​ដែល​ជា​វិធានការ​មុត​ស្រួច​ដែល​ខ្ញុំ​បាន​ជម្រាប​អម្បាញ់មិញ ហើយ​សំខាន់​ការសម្រួល​បរិយាកាស ការបន្ត​ផ្តល់​នូវ​ភាពងាយស្រួល​ក្នុង​ការបន្ត​ផលិតកម្ម អាជីវកម្ម​របស់​វិស័យ​ឯកជន ហើយ​និង​ការពារ​ផលប្រយោជន៍​ដល់​បងប្អូន​កម្មករ​របស់​យើង​»​។

យ៉ាងណាក្តី​លោក​ សំហេង ​បញ្ជាក់ថា បើ​ទោះ​ជា​មាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ «​យើង​មិន​ត្រូវ​ធ្វើឲ្យ​បងប្អូន​កម្មករ​យើង​រងគ្រោះ​នោះទេ​ព្រោះ​វា​មាន​ប៉ះពាល់​កន្លែង​ខ្លះ ប៉ុន្តែ​ក៏មាន​កន្លែង​ខ្លះ​ហ្នឹង​ខ្វះ​កម្លាំង​ពលកម្ម​។ អ៊ីចឹង​ទេ យើង​ត្រូវតែ​សម្របសម្រួល ដោយ​ស្រូបយក​ឲ្យ​អស់​សក្តានុពល​ជាពិសេស​បងប្អូន​កម្មករ​របស់​យើង​»​។

បើតាម​លោក សំហេង បញ្ហា​ចំពោះមុខ​ទាំង​ ២ ​នេះ​គឺ​សុទ្ធតែ​ជា​បញ្ហា​បន្ទាន់ ដែល​លោក​ជំរុញ​ឲ្យ​មាន​ការដោះស្រាយ​ជាបន្ទាន់ ព្រោះ​បញ្ហា វីរុស​កូរ៉ូណា គឺជា​ជំងឺ​មួយ​កំពុង​ផ្ទុះឡើង​នៅ​ប្រទេស​ចិន​ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ខ្សែចង្វាក់​ផលិតកម្ម​របស់​ពិភពលោក​ក្នុងនោះ​មាន​កម្ពុជា​យើង​ដែរ ហើយ​ចំណែក​បញ្ហា EBA គឺជា​កត្តា​មួយ​ដែល​កម្ពុជា​ត្រូវ​ធ្វើការ​ប្រកួតប្រជែង​បន្ថែម​ទៀត បន្ទាប់ពី​អឺរ៉ុប​បាន​កាត់ EBA ២០ ​ភាគរយ​ចេញពី​កម្ពុជា​។

លោក​ កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ទាំងនេះ​គឺជា​វិធានការណ៍​មួយ​ដែល​ក្រសួង​ការងារ រួមទាំង GMAC បាន​គិតគូរ​ និង​រួម​ពិភាក្សា​គ្នា មួយរយៈ​មកហើយ ដើម្បី​ធ្វើយ៉ាងណា ចូលរួម​ដោះស្រាយ​ផលប៉ះពាល់​ដែល​កើតចេញ​ពី​បញ្ហា​ទាំង​ ២ ​នេះ​ឲ្យ​មាន​កម្រិត​ទាប​បំផុត​។

លោក​បន្តថា​៖ «​នេះ​គ្រាន់​ជាការលើកឡើង​បន្ថែមទៀត​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ញាប់ដៃ​ញាប់ជើង​ធ្វើ​យ៉ាងណា​គាំពារ​ដល់​វិស័យ​ឯកជន​របស់​យើង ដើម្បី​ការពារ​ផលប្រយោជន៍​ដល់​បងប្អូន​កម្មករ​របស់​យើង​។ ការសម្រួល​នេះ​គឺ​ឧទាហរណ៍ ពាក់ព័ន្ធ​ទៅ​នឹង​កម្មករ បើសិន​ជា​មាន​ការព្យួរ​ការងារ​ជា​បណ្តោះអាសន្ន​កើតឡើង​ដោយសារ​កង្វះ​វត្ថុ​ធាតុដើម​ហ្នឹង​នឹង​ត្រូវ​បាន​ទទួល​ការការពារ​ដោយ​ច្បាប់ ដោយ​មាន​ការចរចា​ពិភាក្សា​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ​រវាង​អ្នកគ្រប់គ្រង​ជាមួយ​តំណាង​កម្មករ​»​។

ទោះយ៉ាងណា​លោក ម៉ូនីកា រំពឹង​ថា​ក្នុង​ពេល​ខាងមុខ​រដ្ឋាភិបាល​នឹងមាន​វិធានការ​បន្ថែម​ទៀត​ក្នុង​ការជួយ​ដល់​កម្មករ ខណៈ​ដែល​បច្ចុប្បន្ន​មិនទាន់​មាន​តួលេខ​ច្បាស់លាស់​ណាមួយ​ដែល​បង្ហាញថា បញ្ហា​ទាំង​ ២ ​នេះ​អាច​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​រោងចក្រ​ចំនួន​ប៉ុន្មាន​នៅ​កម្ពុជា​នៅ​ឡើយ​ទេ​គ្រាន់តែ​ដឹងថា រោងចក្រ​នៅ​កម្ពុជា​ទាំងអស់​បាន​នាំចូល​វត្ថុធាតុដើម​ប្រមាណ ៦០ ភាគរយ​ពី​ប្រទេស​ចិន​។

លោក​ ប៉ាវ ស៊ីណា ​ប្រធាន​សហជីព​ចលនា​កម្មករ​បាន​លើកឡើង​ថា បញ្ហា​ដែល​កម្ពុជា​ទទួលរង​ពី​វីរុស​កូរ៉ូណា​ក្នុង​ពេលនេះ គ្រាន់តែ​ផ្នែក​មួយ​ធ្វើឲ្យ​ប៉ះពាល់​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការបាត់បង់ EBA ដែល​អាច​នឹង​បង្ក​ផលប៉ះពាល់​ក្នុង​រយៈពេល​វែង​។

លោក​បន្តថា ការសម្រេច​ចូល​ជា​ធរមាន​នៃ​ការដកហូត​ផ្នែក​ខ្លះ​នៃ EBA នឹង​ចូល​ជាធរមាន​នៅ​ខែ​ ៨ ឆ្នាំ​ ២០២០ ​ខាងមុខ​ស្រប​ពេល​នៃ​ការចរចា​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​សម្រាប់​ឆ្នាំ​ ២០២១ ​ដែល​កត្តា​នេះ​អាច​នឹង​ជះឥទ្ធិពល​ដល់​ដំណើរការ​នៃ​ការចរចា​ប្រាក់​ឈ្នួល​របស់​កម្មករ​។

លោក​ថា​៖ «​ខ្ញុំ​មើលឃើញ​ការលើកឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ក្នុងការ​ជំរុញ​ឲ្យ​មន្ត្រី​រក​យុទ្ធសាស្ត្រ​ក្នុងការ​បង្រួម​ផលប៉ះពាល់ ដើម្បី​ធ្វើ​មិន​ឲ្យ​មាន​ផលប៉ះពាល់​ការងារ​ឧស្សហកម្ម​ក្នុង​វិស័យ​កាត់ដេរ​នេះ​គឺ​មាន​តែ​ការកែតម្រូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ប្រជាពលរដ្ឋ​មើលឃើញ​ពី​ការរំលោភសិទ្ធិ​ការងារ​រំលោភសិទ្ធិ​មនុស្ស​នោះទេ​»៕