ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបា​ល បាន​ឲ្យ​ដឹង​ថា ក្រសួង​​សុខាភិបាល​​បាន​រក​ឃើញ​នូវ​ករណី​វីរុស​កូវីដ​ ១៩ មួយ​ករណីទៀត​ លើខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ អាយុ ៦៥ ​ឆ្នាំ​​ ដែល​បាន​ចូល​មក​​ខេត្ត​ កំពង់ចាម តាម​ទូក​ទេសចរណ៍​ដែល​ចេញ​ពី​កំពង់ផែ ហូជីមិញ​ ប្រទេស​វៀតណាម​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​ រដ្ឋ​មន្ត្រី​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​យប់​មិញ។

លោក​​ ម៉ម ប៊ុនហេង​ បាន​បញ្ជាក់​ថា នៅ​រសៀល​ម៉ោង​ ៤ ថ្ងៃទី​ ១០ ខែមីនា ​នេះ​ លទ្ធផល​​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​ បាន​បង្ហាញ​ថា ស្ត្រី​ជនជាតិ​ អង់គ្លេស ​ម្នាក់​ អាយុ ៦៥ ឆ្នាំ មាន​វីរុស​កូវីដ ១៩។ ស្ត្រី​រូប​នេះ គឺ​ជា​អ្នក​ដំណើរ​តាម​នាវា​មួយ​ចេញ​ពី​កំពង់ផែ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស វៀតណាម ​ដោយ​ឆ្លង​កាត់​ចំណុច​​ក្អមសំណ​សំដៅ​មក​ទីក្រុង​ ភ្នំពេញ និង​បាន​ធ្វើ​ដំណើរ​ហួស​ទៅ​ចូល​ចត​នៅ​កំពង់​ចំណត​នាវា​ក្នុង​ទីក្រុង​កំពង់ចាម។

លោក​បន្តថា បច្ចុប្បន្ន ក្រសួង​បាន​យក​ស្ដ្រី​អង់គ្លេស​នោះ មក​ដាក់​ក្នុង​បន្ទប់​ដោយ​ឡែក​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​ខេត្ត កំពង់ចាម។ ចំណែក​ស្ដ្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ទៀត ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ស្ដ្រី​ជនជាតិ​ អង់គ្លេស​ឆ្លង Covid-19 មាន​លទ្ធផល​តេស្ដ​អវិជ្ជមាន ហើយ​ស្ដ្រី​នោះ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ក្នុង​បន្ទប់​នៅ​ក្នុង​នាវា។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ចំពោះ​អ្នក​ដំណើរ​ផ្សេងទៀត​សរុប​ ៣០ ​នាក់ និង​នាវិក​សរុប​ ៣៤ ​នាក់​ត្រូវបាន​ណែនាំ​ឱ្យនៅ​លើ​នាវា​ទាំងអស់​មិន​ឱ្យ​ចុះចេញ មក​លើ​គោក​ឡើយ ដើម្បី​ឱ្យ​មន្ត្រី​ក្រសួង​សុខាភិបាល​យក​សំណាក​មក​ធ្វើតេស្ដ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បន្តទៀត​។​

ស្ដ្រី​អង់គ្លេស​ឆ្លង Covid-19 គឺ​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ចេញពី​ទីក្រុង​ ឡុងដ៍ ​ប្រទេស​ អង់គ្លេស មក​ដល់​ទីក្រុង​ ហាណូយ ​ប្រទេស​ វៀតណាម ​នៅ​ថ្ងៃទី​ ២ ​ខែមីនា ​ឆ្នាំ​ ២០២០ ដោយ​មាន​គ្នា​ចំនួន​ ៥ ​នាក់​ជា​ជនជាតិ​អង់គ្លេស​ទាំងអស់ ប៉ុន្តែ​ការធ្វើ​តេស្ដ​អវិជ្ជមាន​ទាំង​ ៥ ​នាក់។

បន្ទាប់​មក ពួកគាត់បាន​បន្ត​ធ្វើ​ដំណើរ​តាម​នាវា​ចេញពី​ទីក្រុង​ ហូជីមិញ ​នៅ​ថ្ងៃទី​ ៥ ​ខែ មីនា មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៧​ ខែមីនា​។ នៅ​ពេល​មក​ដល់​រាជធានី​ ភ្នំពេញ អ្នក​ដំណើរ​តាម​នាវា​នេះ​បាន​ទទួល​ដំណឹង​ថា យន្តហោះ​ដែល​ស្ដ្រី​ជនជាតិ​អង់គ្លេស ​បាន​ជិះ​នៅ​ថ្ងៃទី​ ២ ​ខែ មីនា គឺ​មាន​ជនជាតិ​វៀតណាម​ម្នាក់​ដែល​អង្គុយ​ជិត​ស្ដ្រី​ជនជាតិ​អង់គ្លេស​អាយុ​ ៦៥ ​ឆ្នាំ​នោះ ត្រូវ​បាន​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ ១៩ នៅ​ទីក្រុង​ ហាណូយ។

ពេល​មក​ដល់​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​ ៧ ខែមីនា ស្ដ្រី​ជនជាតិ​អង់គ្លេស​ទាំង​ ៥ ​រូប ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត ហើយ​បាន​យក​សំណាក​វត្ថុ​វិ-ភាគ​ចំនួន​៣​នាក់ ដោយសារ​ ២ ​នាក់​ទៀត​ប្រកែក​មិនឱ្យ​យក​សំណាក​មក​ពិនិត្យ​ដាច់​ណាត់ ដោយ​សំអាងថា​ ខ្លួន​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់។ ជា​លទ្ធផល​អ្នក​ទាំង​ ៣ ​នាក់​នោះ​មាន​អវិជ្ជមាន​វីរុស Covid-19។

ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់​លាស់ មន្ទីរពេទ្យ​ខ្មែរ-សូវៀត បាន​ផ្ដល់​ព័ត៌មាន​មក​មន្ទីរ​សុខាភិបាល​ខេត្ត កំពង់ចាម ដើម្បី​ឱ្យ​រង់​ចាំ​យក​វត្ថុ​សំណាក​ស្ដ្រី​ជនជាតិ​ អង់គ្លេស ​ចំនួន​ ២ ​នាក់​ទៀត នៅ​ពេល​នាវា​នោះ​ចូលចត។

នៅ​ក្រោយ​ពី​មាន​ការ​សម្រប​សម្រួល​ពី​អ្នក​គ្រប់គ្រង​នាវា ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​និង​យក​សំណាក​ស្ដ្រី​ជនជាតិ​អង់គ្លេស​ទាំង​ ២ ​នាក់មក​ធ្វើតេស្ដ​នៅ​វិទ្យាស្ថាន​ ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​ ៩​ ខែមីនា ហើយ​នៅ​ថ្ងៃទី​ ១០ ​ខែមីនា វេលា​ម៉ោង ៤ និង​៣០​នាទី ក៏បាន​លទ្ធផល​វិជ្ជមាន​លើ​ស្ដ្រី​ជនជាតិ​អង់គ្លេស​ម្នាក់​អាយុ​ ៦៥ ឆ្នាំ​នោះ៕

វីដេអូ៖