ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ចេញ​បម្រាម​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការទិញ លក់ និង ទទួលទាន​ស្រាស និង​ស្រាថ្នាំ​ដែល​ផលិត ឬ​បិត ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ ពិសេស​ស្រា​ដែល​ផ្សំ​ឡើង​ពី​សារធាតុ​មេតាណុល​។ បម្រាម​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​មាន​ករណី​ពុល​ស្រា​ថ្នាំ​ចិនសែ​តាំងគួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ចំនួន​ ៤៤ ​ករណី​ក្នុង​នោះ​ ៧ ​ករណី​បាន​ស្លាប់​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ១៣ ខែ​ មិថុនា ឆ្នាំ​ ២០២០ បាន​ធ្វើការ​ណែនាំ​ដល់​គណៈអភិបាល​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អាជីវករ​ឲ្យ​បញ្ឈប់​ជាដាច់ខាត​នូវ​ការលក់ដូរ​ស្រាស ឬ​...​ស្រាថ្នាំ​ដែល​ផលិត ឬ​បិត ឬ​លាយ​ផ្សំ ដោយ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ពិសេស​ការយក​សារធាតុ​មេណុល​មក​ផ្សំ​ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង អាយុជីវិត​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​ស្រា​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ដើម្បី​ចៀស​ផុតពី​ការពុល​ស្រាស និង​ស្រាថ្នាំ សូម​បងប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​ការទទួលទាន​ស្រាស និង​ស្រាថ្នាំ​ដែល​ផលិត​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​ស្ដង់ដា​បច្ចេកទេស​ត្រឹមត្រូវ​»​។

សេចក្ដី​ណែនាំ និង​បម្រាម​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ខាង​មន្ទីរពិសោធន៍​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការវិភាគ​ទៅលើ​សំណាក​ស្រាថ្នាំ​ចិនសែ​តាំងគួយ​ដែល​ប្រមូល​បាន​ពី​ជនរងគ្រោះ​ក្នុង​ទីតាំង​ចំនួន​ ៣ ​ផ្សេង​គ្នា ក្នុង​នោះ​ទីតាំង​ទី​ ១ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​ ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​ ២ ​កន្លែង​ទៀត​ ស្ថិត​នៅ​ភូមិ​ខ្លា​ងាប់ ឃុំ​ទួលពង្រ និង ភូមិ-ឃុំ​អូរសំព័រ ស្រុក​ម៉ាឡៃ ត្រូវ​បាន​គេ​រកឃើញ​មាន​កំហាប់​សារធាតុ​មេតាណុល​ក្នុង​កម្រិត​ពី​ ១៣,៥% ដល់ ១៥,១%​។

យោងតាម​ឯកសារ​ដែល​សរសេរ​នៅលើ​ហ្វេសប៊ុក​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា មេតាណុល​ជា​សារធាតុ​មួយ​ដែល​កើតឡើង​ដោយ​សំយោគ​គីមី ឬ​ដោយ​ចំណិត​ឈើ​។ ជាទូទៅ​វា​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។ ក្នុង​ប្រទេស​កម្ពុជា ការពុល​ដោយសារ​ធាតុ​នេះ ច្រើន​កើតឡើង​ពី​ការបរិភោគ​ស្រា​ដែល​បិត​ពុំបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ជាពិសេស​ការបិតស្រា​លាយ​ជាមួយ​សម្បក​ឈើ​ផ្សេង​ចម្រុះ​គ្នា​។ នៅពេល​សារធាតុ​មេតាណុល​ត្រូវបាន​បំប្លែង​ជា​អាស៊ីត ហ្វកមិក (Acide formique) តាមរយ:​ថ្លើម​ដែល​ជា​សារធាតុ​សំខាន់​ក្នុង​ការបង្ក​ឲ្យ​ពុល​។ វា​ជា​ប្រភេទ​នៃ​ការពុល​ធ្ងន់ធ្ងរ​ដែល​អាច​បណ្តាល​ឲ្យ​មាន ពិការភាព​ផ្នែក​ប្រព័ន្ធ​ប្រសាទ ឬ អាច​ឈាន​ដល់​ងងឹតភ្នែក និង​ស្លាប់​។

លោក ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ចំណោម​ជនរងគ្រោះ ដោយ​ករណី​ពុល​ស្រា​ថ្នាំចិនសែ​តាំងគួយ​ដែល​ត្រូវបាន​បញ្ជូន​ចូលមក​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ម៉ាឡៃ និង​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​នៃ​ខេត្ត​បន្ទាយមានជ័យ​មាន​អ្នក​ខ្លះ​មាន​អាការ ក្អួត ចុក​ដើមទ្រូង ស្រវាំងភ្នែក វិលមុខ និង​ពិបាក​ដកដង្ហើម​។ ចំណែក​អ្នក​ខ្លះទៀត​មាន​អាការ​ធ្ងន់ធ្ងរ ដោយ​មាន​ស្ថានភាព​សន្លប់​បាត់ស្មារតី ដែល​ជា​ទូទៅ​រោគសញ្ញា​នៃ​ការពុល​ស្រា​នេះ ភាគច្រើន​បង្កឡើង​ដោយសារ​ធាតុ​មេតាណុល បំប្លែង​ជា​អាស៊ីត ហ្វកមិក​។

លោក​បាន​បញ្ជាក់ថា​៖ «​ការពុល​ស្រា​ក្នុង​សភាព​ធ្ងន់ធ្ងរ​អាច​បណ្ដាល​ឲ្យ​អ្នកជំងឺ ងាយ​ប្រឈម​ទៅ​នឹង​ពិការភាព​ផ្នែក​ប្រព័ន្ធ​ប្រសាទ ឬ​ងាយ​នឹង​ស្លាប់​បាន​»​។

លោក ច័ន្ទសង្វាត បាន​ឲ្យ​ដឹង​ទៀតថា ករណី​ពុល​ស្រា​ថ្នាំចិនសែ​តាំងគួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​កើតឡើង​តាំងពី​ថ្ងៃទី​ ៧ ខែ​ មិថុនា ឆ្នាំ​ ២០២០ ដែល​គិត​មកទល់​ថ្ងៃទី​ ១៤ ខែ​មិថុនា ម្សិលមិញ​នេះ​មាន​ចំនួន​ ៤៤ ​ករណី​ ក្នុង​នោះ​មាន​ ៧ ​ករណី​បាន​ស្លាប់​។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ស្រាវជ្រាវ និង​រឹបអូស​ស្រាថ្នាំ​នេះ​ពី​លើ​ទីផ្សារ​ទាំងអស់​នៅក្នុង​ខេត្ត​នេះ​បាន​ចំនួន ១៣ ៨៧៦ ​លីត្រ​ក្នុង​នោះ​ដកហូត​ពី​ក្នុង​ផ្សារ​នៃ​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត​ចំនួន​ ៩ ៦៣៣ ​លីត្រ​ ពី​ស្រុក​ម៉ាឡៃ ៣ ៥៨០ ​លីត្រ​ ពី​ក្រុង​សេរីសោភ័ណ ៥៩១ ​លីត្រ និង​ពី​ស្រុក​ថ្មពួក​ ៧២ ​លីត្រ​។

លោក​ប្រធាន​សាខា​កាំកុងត្រូល​រូបនេះ​បាន​ថ្លែង​ឲ្យ​ដឹង​​ថា​៖ «​នៅពេល​នេះ សមត្ថកិច្ច​ជំនាញ​កាំកុងត្រូល​បាន​ស្រាវជ្រាវ​រកឃើញ​ប្រភព ទីតាំង​ផលិត​ស្រា​នេះ​ឃើញ​ហើយ​ក្នុង​រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ចំណាត់ការ​លើ​សំណុំ​រឿងនេះ​ទៅតាម​នីតិវិធី​ច្បាប់​»៕

វីដេអូ៖