សៀមរាបៈ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក​ ទៀ បាញ់ និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​ សាយ សំអាល់ បានរួម​គ្នា​ដាំ​កូនឈើ​ព្រៃ​ចំនួន​ជាង​ ១៧ ០០០ ​ដើម​កាលពី​ថ្ងៃ​សៅរ៍ នៅ​តំបន់​ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន​ស្ថិត​នៅ​ភូមិ​តាពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ដើម្បី​អភិរក្ស​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​។ សង្គម​ស៊ីវិល​បាន​សាទរ និង​ថា​នេះ​ជា​ការចូលរួម​ស្តារ​គម្រប​ព្រៃឈើ​នៅ​តំបន់​ដែល​ធ្លាប់​ទទួល​រង​នូវ​ការកាប់​បំផ្លាញ​។

ថ្លែង​ក្នុង​ពិធី​ដាំ​កូនឈើ​ព្រៃ​ក្រោម​ប្រធានបទ​ «​សៀមរាប​ផ្ទះ​ខ្ញុំ ភ្នំ​គូលែន​ខ្ញុំ​»​ លោក សាយ សំអាល់ បាន​បញ្ជាក់​ថា ការដាំ​ស្តារ​ព្រៃឈើ​នេះ​ជួយ​បង្កើន​ធនធាន​ជីវចម្រុះ ធានា​ការការពារ និង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ វប្បធម៌​ធម្មជាតិ​នៅក្នុង​ឧទ្យាន​ជាតិ​នេះ​។ នេះ​បើតាម​ហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​សៅរ៍​។

លោក​បន្ត​ថា​ការដាំ​កូនឈើ​ក៏​ជា​ការធានា​ផ្តល់​ការផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រជាសហគមន៍ ដែល​រស់​នៅលើ​ភ្នំ​គូលែន និង​ពលរដ្ឋ​នៃ​ខេត្ត​សៀមរាប​ផងដែរ​។

លោក​​ សាយ សំអាល់ ថ្លែងថា​៖ «​ព្រៃឈើ​រក្សាបាន​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ រក្សា​ខ្យល់​បរិសុទ្ធ បង្កើន​អុកស៊ីហ្ស៊ែន និង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​»​។

បើ​តាម​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​ឱ្យដឹង​ថា​លោក​ ទៀ បាញ់ ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​នោះ​បាន​ថ្លែង​លើក​ទឹកចិត្ត​ឱ្យ​ប្រជា​សហគមន៍​ចូលរួម​ពង្រឹង និង​អនុវត្ត​ច្បាប់ ដើម្បី​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​សហគមន៍​ឲ្យ​មាន​និរន្តរភាព និង​បង្កើត​តំបន់​ទេសចរណ៍​ធម្មជាតិ​ផ្តល់​សេវា​។ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ការបរបាញ់​សត្វ​។ ងាក​មក​រួមគ្នា​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បី​រួមចំណែក​កាត់បន្ថយ​នូវ​ការប្រែប្រួល​អាកាសធាតុ​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​ ទៀ បាញ់ បាន​ថ្លែង​ថា​៖ «​ការដាំ​ស្តារ​កូនឈើ​នៅ​លើ​ខ្នង​ភ្នំ​គូលែន​នាពេល​នេះ​បានបង្ហាញ​ឱ្យឃើញ​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាសហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បានចាត់ទុក​ការដាំ​កូនឈើ​គឺជា​កាតព្វកិច្ច​ចម្បង​របស់​យើង​គ្រប់គ្នា​»​។

លោក ស ម៉ូរី អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ដែល​តែងតែ​ចូលរួម​ចុះ​ល្បាត​ឃ្លាំ​មើល​ព្រៃឈើ​ដើម្បី​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា​លោក​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​រដ្ឋមន្ត្រី​ទាំង​ ២ ​រូបនេះ​ក្នុង​ការដាំ​ដើមឈើ​ឡើង​វិញ​នៅ​តំបន់​ដែល​រេចរឹល ឬ​នៅ​តំបន់​ដែល​ទទួលរង​នូវ​ការកាប់​បំផ្លាញ​រួចហើយ​។ នេះ​គឺជា​ការចូលរួម​ស្តារ​គម្រប​ព្រៃឈើ និង​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​ដែល​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ​។

លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​សម្រាប់​ខ្ញុំ ការដាំ​ដើមឈើ​បន្ថែម យើង​គួរតែ​ចូលរួម​ទាំងអស់​គ្នា​។ តែ​អ្វីដែល​សំខាន់ ក្រសួង​បរិស្ថាន​ក៏ដូចជា​ក្រសួង​ដែល​ពាក់ព័ន្ធ​ហ្នឹង​គួរតែ​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ក្នុងការ​ការពារ​ព្រៃឈើ​ធម្មជាតិ​ដែល​នៅ​សេសសល់​នៅ​កម្ពុជា ទោះបី​ជាច្រើន​ឆ្នាំ​កន្លង​មក គម្រប​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទទួលរង​ការកាប់បំផ្លាញ​ពី​ការកាប់​ឈើ​ខុសច្បាប់​ពី​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ការកាប់​ទន្ទ្រាន កាន់កាប់​ដី​អី​ជាដើម​»​។

លោក ស ម៉ូរី បាន​បន្ថែម​ថា​ទោះបី​ជា​យ៉ាងណា​ក៏ដោយ​គម្រប​ព្រៃឈើ​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ ដែនជម្រក​សត្វព្រៃ និង​តំបន់​ការពារ​ទេសភាព​ជាដើម​នៅ​មិន​ទាន់​ត្រូវ​បាន​ការពារ​ឱ្យបាន​ល្អប្រសើរ​នៅ​ឡើយ​ទេ​។ ព្រៃ​ទាំងនោះ​នៅ​តែ​ប្រឈម​នឹង​ការកាប់ទន្ទ្រាន​ពី​ការកាន់កាប់​ដី​ខុសច្បាប់ និង​ការកាប់​ឈើ​ដើម្បី​ធ្វើ​អាជីវកម្ម​ជាដើម​៕