ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា បាន​សម្រេច​អនុញ្ញាត​ឱ្យ​មន្ត្រី​អប់រំ​បម្រើការ​នៅ​តាម​អង្គភាព​ថ្នាក់​ជាតិ​ត្រូវ​អនុវត្តន៍​តាម​ប្រព័ន្ធ​អនឡាញ​ទាំង​ស្រុង ដោយ​មិន​បាច់​មាន​មន្រ្តី​ប្រចាំ​ការ​ឡើយ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ នៅ​ថ្ងៃសុក្រ ទី ០៩ ខែ មេសា ឆ្នាំ ២០២១ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហង់ជួន ណារ៉ុន បាន​ឱ្យ​ដឹង​ថា ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ណែនាំ​ដល់​មន្ត្រី​អប់រំ​បម្រើការ​នៅ​តាម​អង្គភាព​ថ្នាក់​ជាតិ​ទាំង​អស់ ត្រូវ​អនុវត្តន៍​តាម​ប្រព័ន្ធ​អនឡាញ​ទាំង​ស្រុង។

លោក​បាន​លើក​ឡើង​ថា៖ «មន្ត្រី​អប់រំ​ទាំង​អស់​ត្រូវ​បំពេញ​ការងារ​នៅ​តាម​ផ្ទះរៀងៗ​ខ្លួន តាម​ប្រព័ន្ធ​អនឡាញ​ហើយ​គ្រប់​អង្គភាព​ទាំង​អស់​មិន​ចាំបាច់​រៀបចំ​វេន​ការងារ ឬ​មន្ត្រី​ប្រចាំ​ការ​ឡើយ»។

លោក​ថា អង្គភាព​ថ្នាក់​ជាតិ​ទាំង​អស់​ត្រូវ​តាមដាន និង​រាយការណ៍​ជា​ប្រចាំ​អំពី ស្ថានភាព​សុខភាព​របស់​មន្ត្រី ប៉ុន្តែ​ក្នុង​ករណី​មាន​ការ​សង្ស័យ ឬ​សភាព​មិន​ប្រក្រតី ដែល​ជា​រោគសញ្ញា​នៃ​ជំងឺ​កូវីដ ១៩ ត្រូវ​រាយការណ៍៕