ភ្នំពេញៈ សមាជិក​រដ្ឋសភា​គ្រោង​ជួបប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ​ និង​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​ជួយ​ពង្រឹង​​ប្រសិទ្ធភាព​ការងារ​។ ​នេះ​បើ​​តាម​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋសភា​។

លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់ពី​គណៈកម្មការ​អចិន្រៃ្តយ៍​រដ្ឋសភា​បាន​ប្រជុំ​ចប់​កាលពី​ម្សិលមិញ​ថា សមាជិក​រដ្ឋសភា​គ្រោង​ជួបប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​អនុម័ត​លើ​សេចក្ដី​​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ និង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។

លោក​បាន​បន្ត​ថា​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំងនេះ​ជា​ការ​ផ្ដួចផ្ដើម​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​ចំនួន​ ៩២ ​រូប​ក្នុង​គោលបំណង​បង្កើន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ​ដើម្បី​ពង្រឹង ប្រសិទ្ធភាព ការងារ​ក្នុង​ការដោះស្រាយ​បញ្ហា និង​បម្រើ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

លោក​បញ្ជាក់​ថា​៖ «​យើង​សម្រេច​ប្រជុំ​ពេញអង្គ​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ៣ ខែ​មករា ខាង​មុខ​នេះ​។ ​ច្បាប់​នេះ​មាន​គោល​បំណង​សំខាន់​គឺ​ដើម្បី​ជំរុញ​​ធ្វើ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មាន​លទ្ធភាព​គ្រប់គ្រាន់​ទៅ​នៅ​ជិត​ប្រជាពលរដ្ឋ​របស់​គាត់​។ ​យើង​មើល​ឃើញ​ការខ្វះខាត សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក និង​ខណ្ឌ​មួយ​ចំនួន ដូច្នេះ​ហើយ​យើង​បង្កើន​អាសនៈ​មួយ​ចំនួន ដើម្បី​ឲ្យ​មាន​មន្ត្រី​អាច​ចុះ​ទៅ​នៅ​ជិត និង​ស្តាប់​​ប្រជាពលរដ្ឋ​របស់​គាត់​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​»​។

លោក​ពន្យល់​ថា​វិសោធនកម្ម​ច្បាប់​ទាំង​ ២ ​នេះ​គឺជា​ការកែទម្រង់​ដើម្បី​បំពេញបន្ថែម​ច្បាប់​មុន​ពេល​យក​ទៅ​អនុវត្ត​មាន​ការខ្វះ​ចន្លោះ ដូច្នេះ​ការស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​​ដើម្បី​ឲ្យ​គ្រប់​ជ្រុងជ្រោយ ហើយ​លោក​ថា​នៅ​មាន​ច្បាប់​ជាច្រើន​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​ធ្វើ​​វិសោធនកម្ម​ដើម្បី​បំពេញ​តម្រូវការ​របស់​សង្គមជាតិ និង​រាជរដ្ឋាភិបាល​។

លោក​បាន​បញ្ជាក់​​បន្ថែម​ថា​៖ «​យើង​នៅ​សល់​ច្បាប់​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​ដែរ ហើយ​ច្បាប់​​នេះ​នឹង​មក​ជា​បន្តបន្ទាប់ ហើយ​ដើម​អាណត្តិ​នៃ​សភា​នីមួយៗ យើង​តំណាងរាស្ត្រ​តែងតែ​​មើល​ថា តើ​អ្វី​ខ្លះ​ដែល​ជា​តម្រូវការ​សង្គម ការអភិវឌ្ឍ​របស់​សង្គម​...​។ ​គេ​ធ្វើ​ច្បាប់​ដើម្បី​អនុវត្ត មិនមែន​នៅ​តែ​ក្នុង​ក្រដាស​នោះ​ទេ​។ ​គេ​ធ្វើ​ច្បាប់​ដើម្បី​អនុវត្ត​ដែល​សង្គម​ត្រូវការ ហើយ​​រដ្ឋអំណាច​ត្រូវការ​យក​ទៅ​អនុវត្ត​ឲ្យ​សមស្រប​ការរស់នៅ​​របស់​ប្រជាពលរដ្ឋ និង​សង្គម​»​។

លោក មាស នី អ្នកវិភាគ​នយោបាយ​បាន​លើក​ឡើង​ថា​ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ ២ ​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ច្បាប់​វិសោធនកម្ម​មាត្រា​ ៤៥ ថ្មី (​ស្ទួន​) នៃ​ច្បាប់​គណបក្ស​នយោបាយ​ដោយ​មាន​ភាព​ប្រទាក់ក្រឡា​​គ្នា​បណ្តាល​ឲ្យ​មានការ​ច្របូក​ច្របល់ ហើយ​ថា​ការធ្វើ​វិសោធកម្ម​ច្បាប់​ទាំង​ ២ ​នេះ​គឺជា​ការពង្រីក​អាសនៈ​ក្រុមប្រឹក្សា​ដែល​ធ្វើឲ្យ​ខាតបង់​ថវិកា​ជាតិ​។

លោក​ថ្លែង​ថា​៖ «​គេ​ត្រូវការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នយោបាយ​ដោយសារ​ច្បាប់​ទាំង​នេះ​ជាប់​ពាក់ព័ន្ធ​គ្នា ហើយ​ថា​ការធ្វើ​បែប​នេះ​ធ្វើឲ្យ​ច្របូកច្របល​ផ្នែក​ច្បាប់​។ វា​ជា​ការ​ធ្វើ​​ឲ្យ​ខាតបង់​ថវិកាជាតិ​...​ហើយ​​មន្ត្រី​ខ្លះ​មិន​បាន​ជួយ​បម្រើ​ប្រជាពលរដ្ឋ​តែ​បែរ​ជា​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​»​។

ទាក់ទង​នឹង​បញ្ហា​នេះ​កាលពី​ថ្ងៃ​ទី​ ២៦ ខែ​ធ្នូ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ថា​រដ្ឋាភិបាល​នឹង​ពង្រីក​អាសនៈ​បន្ថែម​សម្រាប់​សមាជិក​ក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង និង​ខេត្ត ខណៈ​មាន​កិច្ចការ​ច្រើន​ដែល​ត្រូវបំពេញ​។

ដោយឡែក​កាលពី​ថ្ងៃទី​ ៣០ ​ខែ​តុលា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​សម្រេច​​មួយ​ដោយ​កំណត់​យក​ថ្ងៃ​អាទិត្យ​ទី​ ២៦ ខែ​ឧសភា ឆ្នាំ​ ២០១៩ ជា​កាល​ថ្ងៃ​បរិច្ឆេទ​នៃ​ការបោះឆ្នោត​លើក​ទី​ ៣ ​ដើម្បី​ជ្រើសរើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក​​ខណ្ឌ​ដែល​ជា​ការបោះឆ្នោត​អសកល​ដោយ​មាន​សមាជិក​​ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុង​មុខតំណែង​ជា​អង្គ​បោះឆ្នោត​៕