ភ្នំពេញៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ បានបើកសម័យប្រជុំលើកទី២ របស់ខ្លួនកាលពីម្សិលមិញ ដោយមានការពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ៤ ដឹកនាំដោយប្រធានរដ្ឋសភា លោក ហេង សំរិន រួមទាំងការចូលរួមពីសមាជិករដ្ឋសភា និងមន្ត្រីទូតប្រចាំនៅកម្ពុជាមួយចំនួន និងដោយមានការកោតសរសើរដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រថារដ្ឋសភាបានបំពេញការងារកន្លងមកសម្រាប់ប្រជារាស្ត្របានល្អ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាអ្នកនាំពាក្យបានប្រាប់ភ្នំពេញប៉ុស្ដិ៍ ម្សិលមិញថា របៀបវារៈចំនួន ៤ ដែលរដ្ឋសភាលើកមកពិភាក្សានិងអនុម័តកាលពីព្រឹកម្សិលមិញ គឺទី១ ផ្ដោតលើព្រះរាជសារផ្ញើជូនសម័យប្រជុំរដ្ឋសភាលើកទី២ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទី២ ការអានរបាយការណ៍ស្ដីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៦។
ទី៣ ការសម្រេចបោះឆ្នោតជ្រើសតាំងលោកស្រីលី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ឆ្នាំ ២០១៩-២០២៨ និងទី៤ ការបោះឆ្នោតជ្រើសតាំងលោក ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងលោក ច័ន្ទ សុផល ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ។
លោក ប៉េងឡុង ថ្លែងថា៖ « (នៅក្នុងព្រះរាជសារ ព្រះមហាក្សត្រ) លោកគ្រាន់តែសរសើររដ្ឋសភា រដ្ឋាភិបាលហ្នឹង ដែលរដ្ឋសភាបានចុះសួរសុខទុក្ខបងប្អូនប្រជាជនហ្នឹង»។
បើតាមព្រះរាជសាររបស់ព្រះមហាក្សត្រផ្ញើទៅកាន់រដ្ឋសភា ការខិតខំប្រឹងប្រែងរបស់សមាជិកសមាជិកានៃរដ្ឋសភាគ្រប់រូប គឺជាសកម្មភាពបម្រើប្រជាពលរដ្ឋ ដែលក្នុងនោះរួមមានការចុះទៅយ៉ាងសកម្មនៅតាមមូលដ្ឋានដើមី្បសួរសុខទុក្ខជួយដោះស្រាយបញ្ហាជូនប្រជារាស្ដ្រជាម្ចាស់ឆ្នោត ព្រមទាំងទទួលយកនូវរាល់បញ្ហាកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីផ្ដល់ទៅឱ្យរាជរដ្ឋាភិបាលរិះរកវិធានការដោះស្រាយជាបន្ទាន់នូវបញ្ហាទាំងឡាយនោះ។
បន្ថែមពីនេះព្រះអង្គក៏បានសរសើរទៅដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលព្រះអង្គចាត់ទុកថាជាអ្នកមានគុណបំណាច់ដ៏ថ្លៃថ្លាក្នុងការបម្រើជាតិ «វីរភាពដ៏ឧត្តុង្គឧត្តម និងជាមគ្គុទ្ទេសក៍ដ៏ឆ្នើមដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពលរបស់សម្ដេចនាយកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្ដិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យជាលំដាប់រហូតទល់ពេលនេះ»។
ព្រះមហាក្សត្របានបន្តថា រយៈពេលកន្លងមក រដ្ឋសភាមានការយកចិត្តទុកដាក់សហការជាមួយរាជរដ្ឋាភិបាល ធានាការពារនូវសន្ដិភាព ស្ថិរភាព សន្ដិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋគ្រប់ទិសទីក្នុងផ្ទៃប្រទេស និងប្រឹងប្រែងបន្តអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមគ្រប់វិស័យដោយផ្ដោតជាអាទិភាពទៅលើការកែទម្រង់អភិបាលកិច្ចល្អ ការកសាងសមត្ថភាព អភិវឌ្ឍន៍ធនធានមនុស្ស និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងពង្រឹងប្រព័ន្ធគាំពារសង្គម សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ពិសេសអ្នកក្រីក្រ និងជនងាយរងគ្រោះ។
នៅចុងបញ្ចប់នៃព្រះរាជសាររបស់ព្រះមហាក្សត្របានគូសបញ្ជាក់ថា «ខ្ញុំមានសេចក្ដីសង្ឃឹមថា រដ្ឋសភាដ៏ឧត្តុង្គឧត្តម ជាតំណាងរបស់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងបន្តខិត ខំ ប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុខទៀត សំដៅធានាបាននូវសង្គមជាតិកម្ពុជា ប្រកបដោយភាពសុខដុមរមនា មានសន្ដិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍទៅតាមទិសដៅរួមជាជំហាន»៕