ភ្នំពេញៈ រដ្ឋសភា​បាន​អនុម័ត​ជា​ឯកច្ឆន្ទ លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ក្នុង​សំឡេង​ ១១៦ លើ​ ១១៨ ដែល​ការបង្កើត​ក្រសួង​នេះ​ក្នុង​គោលបំណង​ ដើម្បី​ធ្វើឱ្យ​ផ្នែក​ស្រាវជ្រាវ​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​របកគំហើញ​ផ្សេងៗ (​នវានុវត្តន៍​) ​របស់​កម្ពុជា​ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព និង​ទូលំទូលាយ​ក្នុង​ប្រយោជន៍​ជំរុញ​ឱ្យ​វិស័យ​វិទ្យាសាស្ត្រ​មាន​ការរីកចម្រើន​។

កិច្ចប្រជុំ​វិសាមញ្ញ​នីតិកាល​ទី ៦ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ១៣ ខែ​មីនា​ឆ្នាំ​ ២០២០ ដឹកនាំ​ដោយ​លោក​ ហេង សំរិន ប្រធានរដ្ឋសភា និង​មាន​ការចូលរួម​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួមទាំង​សមាជិក​រដ្ឋសភា​ចំនួន ១១៨ ​រូប និង​តំណាង​រាជរដ្ឋាភិបាល​ជាច្រើន​រូប​ទៀត​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​កាលពី​ថ្ងៃទី​ ១៣ ខែ​មីនា​បញ្ជាក់ថា បន្ទាប់ពី​បាន​ពិភាក្សាគ្នា​តាម​នីតិវិធី​រួចមក រដ្ឋសភា បានអនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។ ក្នុង​ការពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​ជា​អ្នក​រាយការណ៍​ជូន​អង្គសភា​ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តី​ព្រាងច្បាប់​។ លោក​ ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​សហការី​ជា​តំណាង​រាជរដ្ឋាភិបាល​ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​ជា​ច្បាប់​បើកផ្លូវ​ដល់​រាជរដ្ឋាភិបាល​ធ្វើការ​ប្តូរឈ្មោះ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ទៅ​ជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។ ការប្តូរឈ្មោះ​ក្រសួង​ឧស្សាហកម្ម​គឺ​ធ្វើ​ឡើង​ដើម្បី​ពង្រីក​សក្តានុពល វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ឱ្យ​ទូលំទូលាយ​ដើរ​ស្របតាម​យុគសម័យ​បច្ចុប្បន្ន និង​ទៅ​អនាគត​ស្រប​តាម​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០»​។

យោងតាម​សេចក្តី​ថ្លែងហេតុ​របស់​លោក ហ៊ុន សែន បានឱ្យ​ដឹងថា សេចក្តី​ព្រាងច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ២៧ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ដើម្បី​បញ្ជូន​ទៅ​សុំ​ការពិនិត្យ និង​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញតិ្ត​រួមមាន ៨ ​​មាត្រា និង​ខ្លឹមសារ​សង្ខេប​សំខាន់ៗ​មួយ​ចំនួន​ទៀត​»​។

សេចក្ដី​ថ្លែងហេតុ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​មាត្រា​ ១ ​ដល់​មាត្រា​ ៤ ​កំណត់​អំពី​ឈ្មោះ​ក្រសួង​ថ្មី សមត្ថកិច្ច​របស់​ក្រសួង និង​សមត្ថកិច្ច​ដឹកនាំ​គ្រប់គ្រង​ក្រសួង​។ មាត្រា​ ៥ កំណត់​អំពី​បទប្បញ្ញត្តិ​ដើម្បី​ធានា​បាន​និរន្តរភាព នៃ​ការអនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មី​មក​ជំនួស​។ មាត្រា​ ៦ កំណត់​ពី​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង ដឹកនាំ​ក្រសួង តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ដែល​ត្រូវមាន​អានុភាព​អនុវត្តន៍​ទៅមុខទៀត​រហូត​ដល់​មាន​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មី​មក​ជំនួស​ស្រប​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ថ្មី​នេះ និង​មាត្រា​ ៧ ​ដល់​មាត្រា​ ៨ បានកំណត់​អំពី​ការនិរាករណ៍​ច្បាប់ និង​ការប្រកាស​ឱ្យប្រើ​ច្បាប់​ជា​ការប្រញាប់​»​។

លោក ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ​ ២០២០ បាន​ឯកភាព​ឱ្យ​ប្តូរ​ឈ្មោះ​ក្រសួង «​ឧស្សាហកម្ម និង​សិប្បកម្ម​» ទៅ​ជា​ «​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​»​។ ការឯកភាព​បានធ្វើ​ឡើង​បន្ទាប់ពី​មាន​សំណើ​ពី​លោក​ ចម ប្រសិទ្ធ​។

តាម​លិខិត​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ផ្ញើ​ទៅ​លោក ចម ប្រសិទ្ធ កាលពី​ថ្ងៃទី ២៤ ខែមករា ឆ្នាំ​ ២០២០ បាន​បញ្ជាក់​ថា​ទន្ទឹម​នឹង​ការយល់​ព្រមឱ្យ​ប្តូរ​ឈ្មោះ​ក្រសួង រាជរដ្ឋាភិបាល​ក៏​យល់​ព្រម​ឱ្យធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងឡាយ និង​ឯកសារ​គតិយុត្ត​ផ្សេងៗ​ដែល​មាន​ការពាក់ព័ន្ធ​ដល់​រចនាសម្ព័ន្ធ និង​ការប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​ដែល​ប្តូរ​ឈ្មោះ​ថ្មី​នេះ​ផងដែរ​។

លិខិត​ដដែល​បញ្ជាក់ថា រាជរដ្ឋាភិបាល​ក៏បាន​ឯកភាព​ឱ្យ​បង្កើត​អង្គភាព​ថ្មី​ ២ ​ទៀត​គឺ​អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​មាន​ថ្នាក់​ស្មើ​អគ្គនាយកដ្ឋាន​។ ការបង្កើត​អង្គភាព​ទាំង​ ២ ​នេះ​គឺ​ពុំ​មានការ​តម្រូវឱ្យ​បន្ថែម​នូវ​ក្របខ័ណ្ឌ​រដ្ឋ​នោះទេ​ពោលគឺ​ប្រើប្រាស់​ក្របខ័ណ្ឌ​ទាំងឡាយ​ដែល​កំពុងមាន​ហើយ​ពាក់ព័ន្ធ​ដល់​ការងារ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​​នវានុវត្តន៍​។

លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដដែល​បានឱ្យដឹង​ទៀតថា រាជរដ្ឋាភិបាល​ក៏បាន​ណែនាំ​ឱ្យ​ផ្តល់​ការងារ​យកចិត្ត​ទុកដាក់ គាំទ្រ និង​បង្ក​លទ្ធភាព​ទៅតាម​សភាព​ជាក់ស្តែង​នៃ​តម្រូវការ​របស់​អង្គភាព​ថ្មី​ទាំង​ ២ ​ខាងលើ​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ ដើម្បី​ធ្វើឱ្យ​ផ្នែក​ស្រាវជ្រាវ​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​របកគំហើញ​ផ្សេងៗ (​នវានុវត្តន៍​) ​របស់​កម្ពុជា​ឱ្យទទួល​បាន​ប្រសិទ្ធភាព និង​ទូលំទូលាយ​ក្នុង​ប្រយោជន៍​ជំរុញ​ឱ្យ​វិស័យ​វិទ្យាសាស្ត្រ មាន​ការរីកចម្រើន និង​ផ្ទេរ​បច្ចេកវិទ្យា​ស្រប​តាម​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៤.០៕