ភ្នំពេញៈ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​បាន​សម្ពោធ និង​ផ្សព្វផ្សាយ​សៀវភៅ​កំណត់ហេតុ​ស្ដីពី​ការតស៊ូ​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ក្នុង​ដំណើរ​រំដោះ​​ប្រទេស​ជាតិ​ចេញ​ពី​របប​ប៉ុលពត ការចូលរួម​ស្ដារ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើង​វិញ​ក្រោយ​ភ្លើង​សង្គ្រាម​បាន​រលត់​ទៅ​។ បេសកកម្ម​ក្នុង​បុព្វហេតុ​ជាតិ​ និង​ប្រជាជន​ដែល​លោក​ចំណាយពេល​សឹង​ពេញ​មួយ​ជីវិត​ត្រូវ​បាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ «​ការតស៊ូ​របស់​ប្រជាជនៈ កម្ពុជា​រស់​ឡើង​វិញ​»​។

នៅក្នុង​ពិធី​សម្ពោធ និង​ផ្សព្វផ្សាយ​សៀវភៅ​នេះ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នៅឯ​រដ្ឋសភា​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ ១០០ ​នាក់​មាន​ទាំង​មន្ត្រី​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា មន្ត្រី​រាជរដ្ឋាភិបាល និង​មន្ត្រី​នៃ​គ្រឹះស្ថាន​អប់រំ​សាធារណៈ​និង​ឯកជន​ផង​ដែរ ដែល​ពួកគេ​ចាត់​ទុក​ថា​លោក​ ហេង​ សំរិន គឺជា​«​វីរបុរស​» ដែល​បាន​ចូលរួម​ក្នុងការ​ផ្ដួល​រលំ​របប​​ខ្មែរក្រហម ប៉ុលពត និង​បាន​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​ចាប់ពី​​ «​ឆ្នាំ​សូន្យ​»​។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​រដ្ឋសភា​បាន​ថ្លែង​នៅក្នុង​ពិធី​សម្ភោធ​ និង​ផ្សព្វផ្សាយ​សៀវភៅ​នោះ​ថា លោក​ ហេង សំរិន រួម​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា​បាន​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​នៅក្នុង​ឆ្នាំ​ ១៩៧៩​។

លោក​ថ្លែង​ថា​៖ «​គាត់​គឺជា​វីរបុរស​ស្នេហា​ជាតិ​ពិតៗ​ប្រកប​ដោយ​ព្រហ្មចរិយាធម៌ សុចរិត ស្មោះត្រង់ ស្លូតបូត ដែល​ក្នុង​ ១ ​ជីវិត​របស់​សម្ដេច​បាន​លះបង់​គ្រប់បែប​យ៉ាង​ក្នុង​បុព្វហេតុ​រំដោះជាតិ​មាតុភូមិ​ឲ្យ​ផុត​ពី​អាណានិគម​ពី​របប​ប្រល័យ​ពូជសាសន៍ និង​ចាប់ផ្តើម​ស្ដារ និង​កសាង​អភិវឌ្ឍ​ប្រទេស​ពី​ ១ ជំហាន​ទៅ​ ១ ជំហាន​រហូត​ដល់​រីកចម្រើន និង​ប្រជាពលរដ្ឋ​បាន​រស់នៅ​ក្នុង​សុខសន្តិភាព​»​។

សៀវភៅ​ស្តីអំពី​ «​ការតស៊ូ​របស់​ប្រជាជន​៖ កម្ពុជា​រស់​ឡើង​វិញ​» នេះ​មាន​ ៦ ​ជំពូក និង ១៤៨ ទំព័រ​ដែល​បាន​រៀបរាប់​លម្អិត​អំពី​ជីវិត​ដំបូង​របស់​លោក​ ហេង សំរិន រហូត​ដល់​ឆ្នាំ​ ២០១៣​។ លោក​បាន​សរសេរ​ព្រាង​សៀវភៅ​តាំងពី​ឆ្នាំ​ ២០១២ ​មក​មុន​ពេល​ប្រគល់​សេចក្តី​ព្រាង​នៃ​បទពិសោធ​ជីវិត​របស់​លោក​ទៅឱ្យ​លោក​នៃ ប៉េណា អតីត​អនុប្រធាន​ទី ១ ​នៃ​ព្រឹទ្ធសភា​ដែល​បាន​ស្លាប់​កាលពី​ចុង​ខែ​កញ្ញា​។

មួយ​ផ្នែក​នៃ​សៀវភៅ​នេះ ត្រូវ​បាន​បោះពុម្ព​ជា​ភាសា​ខ្មែរ​នៅក្នុង​ឆ្នាំ​ ២០១៣ មុន​ពេល​វា​ត្រូវ​បាន​បោះពុម្ព​ជា​ភាសា​អង់គ្លេស​ដោយ​ក្រុមហ៊ុន Editions Didier Millet Pte Ltd នៅក្នុង​ប្រទេស​សិង្ហបុរី​ក្នុង​ឆ្នាំ​នេះ​។

នៅ​ក្នុង​អារម្ភកថា​នៃ​សៀវភៅ​របស់​គាត់​លោក​ ហេង​ សំរិន ​បាន​ឧទ្ទិស​សៀវភៅ​នេះ​ទៅ​ដល់​ «​ព្រលឹង​ប្រជាជន​កម្ពុជា​​ទាំងអស់ ដែល​បាន​លះបង់​ជីវិត​របស់​ពួកគេ​យ៉ាង​ក្លាហាន​» ​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ និង​ការពារ​មាតុភូមិ​។ លោក​ ហេង សំរិន ​បាន​សរសេរ​នៅក្នុង​សៀវភៅ​របស់​គាត់​ថា​នៅ​ឆ្នាំ​ ១៩៧៩ បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​ក្រុម​អ្នក​សង្កេតការណ៍​បរទេស​បាន​ពិពណ៌នា​ប្រទេស​កម្ពុជា​ថា​ជា​ «​វាល​កប់ខ្មោច​» ដែល​គេ​ហៅថា ឆ្នាំ​សូន្យ​។

លោក​សរសេរ​ថា​៖ «​ការពិសោធ​នៅក្នុង​ការផ្លាស់ប្តូរ​សង្គម​ដែល​អនុវត្ត​ដោយ​ ប៉ុល ពត អៀង សារី គឺ​មាន​ន័យ​ថា​រយៈពេល​ ៣ ​ឆ្នាំ​ ៨ ​ខែ​ និង​ ២០ ​ថ្ងៃ​ដែល​ពោរពេញ​ទៅ​ដោយ​ឈាម​ និង​ទឹកភ្នែក​ដែល​នាំ​ឱ្យ​កម្ពុជា​ឈាន​ឆ្ពោះ​ទៅ​រក​ជ្រោះ​មរណៈ​។

ទីប្រជុំជន​ និង​ទីក្រុង​ទាំងអស់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ព្រឹត្តិការណ៍​មួយ​នៅ​ក្នុង​សុបិន​ដ៏​អាក្រក់​។ ពួកគេ​ហាក់​មាន​អារម្មណ៍​ថា​ពួកគេ​រស់នៅ​ក្នុង​ទីក្រុង​មួយ​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​គ្រាប់បែក​បរមាណូ​។ វា​គឺជា​សង្គម​មួយ​ដែល​គ្មាន​អ្វី​សោះ​មាន​តែ​ភាពច្របូកច្របល់​ និង​ភាពវឹកវរ​រួម​នឹង​ការគំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​នៃ​គ្រោះ​ទុរភិក្យ​»​។

កើត​ក្នុង​គ្រួសារ​កសិករ​នៅ​ទីជនបទ​មួយ​នៃ​ស្រុក​ពញាក្រែក​ខេត្ត​កំពង់ចាម​ក្នុង​ឆ្នាំ​ ១៩៣៤ លោក ​ហេង សំរិន ​បាន​បួស​ជា​ព្រះសង្ឃ​នៅ​ក្នុង​ឆ្នាំ​ ១៩៤៩ ​មុនពេល​ចាក​សិក្ខាបទ​នៅ​ឆ្នាំ​ ១៩៥៤ ​តែ​ ១ ​ឆ្នាំ​បន្ទាប់ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង​ក្នុង​ឆ្នាំ​ ១៩៥៣​។

លោក​គឺជា​ប្រធាន​ស្ថាបនិក​ចលនា​មហាជន​ធំ​មួយ​ឈ្មោះ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា (FUNSK) ដែល​ក្រោយ​មក​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ «​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា​ (SFDCM)» ដែល​បាន​បង្កើត​ឡើង​ក្នុង​សមាជ​មួយ​នៅ​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃទី​ ២ ​ខែ​ធ្នូ​ឆ្នាំ​ ១៩៧៨ ដែល​គាំទ្រ​ដោយ​បក្ស​កុម្មុយនីស្ត​វៀតណាម​។

បន្ទាប់ពី​ការផ្តួលរំលំ​របប​ខ្មែរក្រហម​នៅ​ថ្ងៃទី​ ៧ ខែ​មករា ឆ្នាំ​ ១៩៧៩ លោក​ ហេង សំរិន បាន​ក្លាយ​ជា​ប្រមុខរដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ និង​ជា​អគ្គលេខាធិការ​បក្ស​នៃ​គណបក្ស​បដិវត្តន៍​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​ ១៩៨១​។

បន្ទាប់ពី​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហនុ​ចូល​មក​គ្រងរាជ្យ​ឡើង​វិញ​នៅ​ឆ្នាំ​ ១៩៩៣ លោក​ សំរិន ត្រូវ​បាន​ផ្តល់​គោរមងារ​កិត្តិយស​ជា​ «​សម្តេច​» ​ដែល​មាន​ន័យ​ថា​អ្នកដឹកនាំ​ឆ្នើម​ និង​ទទួល​បាន​សេចក្តី​ស្រឡាញ់​ពី​ប្រជាជន​»​។ បច្ចុប្បន្ន​លោក​ ហេង ​សំរិន ​គឺជា​ប្រធាន​រដ្ឋសភា​៕ NS