
ក្មេងប្រុសម្នាក់បើកទឹកលាងដៃនៅខាងក្រោយផ្ទះរបស់ខ្លួននៅសង្កាត់ផ្សារចាស់ពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានស្នើឱ្យប្រជាពលរដ្ឋដែលរស់នៅកណ្តាលទីក្រុងភ្នំពេញ សូមប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីទុកលទ្ធភាពឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយក្រុងអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវកាលខ្វះខាតទឹក ដោយសារសម្ពាធទឹកមានការថមថយ និងខ្វះទឹកប្រើក្នុងរដូវប្រាំងនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ បានឱ្យដឹងថា ក្នុងបរិបទកូវីដ ដែលរងផលប៉ះពាល់គ្រប់ចរន្តនៃសេដ្ឋកិច្ចជាតិទាំងមូលក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ទទួលរងនូវឥទ្ធិពលនេះដែរ។
ប៉ុន្តែទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនេះយ៉ាងណាក្តីក៏រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅតែដំណើរការ បម្រើសេវាជូនអតិថិជនក្នុងរាជធានី-ភ្នំពេញ និងក្រុងតាខ្មៅ ២៤ ម៉ោង... និងជារៀងរាល់ថ្ងៃ។
សេចក្តីជូនដំណឹងបានបន្តថា នៅរដូវប្រាំងនេះកម្ពស់ទឹកទន្លេបានស្រកចុះទាបជាងសព្វដង ការផលិតទឹក និងការប្រើប្រាស់ទឹកនៅមានអតុល្យភាពគឺអាចមានការខុសគ្នានៃសម្ពាធទឹកខ្លាំង ឬខ្សោយ នៅពេលដែលអតិថិជនសម្រុកប្រើប្រាស់ទឹកក្នុងពេលតែមួយ។ មានន័យថា សេចក្តីត្រូវការលើសពីសមត្ថភាពនៃការផ្គត់ផ្គង់ដែលធ្វើឱ្យសម្ពាធទឹកនៅតាមតំបន់ជាយក្រុងនឹងបន្តធ្លាក់ថមថយចុះជាងពេលមុន ឬខ្វះទឹកប្រើប្រាស់នៅតំបន់ជាយក្រុងខ្លះ។
រដ្ឋាករទឹកស្វយ័តបញ្ជាក់ថា៖ «រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋប្រមាណជា ៤០ ០០០ គ្រួសារ ដែលរស់នៅប៉ែកខាងលិចនៃរាជធានីភ្នំពេញក្នុងភូមិខ្លះនៃសង្កាត់មួយចំនួនដូចជា កំបូល ភ្លើងឆេះរទេះ ឃ្មួញ ក្រាំងធ្នង់ គោករកា កន្ទោក ស្នោ ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ជាដើម»។
ស្ថិតក្នុងបរិបទមួយដែលរាជធានីភ្នំពេញមានកំណើនសេដ្ឋកិច្ចសង្គមយ៉ាងលឿនក្នុងនោះមានកំណើនប្រជាពលរដ្ឋកើនឡើងជាបន្តបន្ទាប់ និងផ្ទៃសេវាផ្គត់ផ្គង់ទឹកកាន់តែធំទៅៗផងនោះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញត្រូវសាងសង់រោងចក្រផលិតទឹកថ្មីៗ និងពង្រីកការងារដាក់បំពង់មេចែកចាយទឹកបន្ថែមទៀតសំដៅបំពេញតម្រូវការប្រើប្រាស់ដ៏គំហុកនេះ។
រដ្ឋាករទឹកលើកឡើងថា៖ «យើងបានស្វែងរកដៃគូជំនួយកិច្ចសហការគ្រប់ជ្រុងជ្រោយ សំដៅបំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយវិស័យទឹកស្អាតរបស់រាជរដ្ឋាភិបាលកម្ពុជាលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយធានាបាននូវការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជូនប្រជាពលរដ្ឋគ្រប់រូប ១០០% នៅតាមទីប្រជុំជនត្រឹមឆ្នាំ ២០២៥ តទៅ»។
បច្ចុប្បន្នរោងចក្រផលិតទឹកស្អាតបាក់ខែងបាននិងកំពុងដំណើរការសាងសង់យ៉ាងសកម្ម ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ។ «រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសូមសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅកណ្តាលរាជធានីភ្នំពេញ ដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានសម្ពាធសមស្របហើយនោះ មេត្តាជួយសន្សំសំចៃទឹកក្នុងការប្រើប្រាស់ ដើម្បីទុកលទ្ធភាព និងឱកាសឱ្យប្រជាពលរដ្ឋនៅតំបន់ជាយក្រុងភ្នំពេញអាចទទួលបានទឹកប្រើប្រាស់ក្នុងន័យចែករំលែកទឹកគ្នាប្រើក្នុងរដូវកាលខ្វះខាតនេះ»។
ជាមួយគ្នានេះដែរ រដ្ឋាករទឹក បញ្ជាក់ថាបើទោះបីស្ថិតក្នុងរដូវកាល និងកាលៈទេសៈដ៏លំបាកនេះក្តីក៏ស្ថាប័នរបស់ខ្លួននៅតែបន្តខិតខំ និងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនក្នុងការផលិតទឹកដែលមានគុណភាពស្របតាមស្តង់ដាទឹកផឹកថ្នាក់ជាតិ និងស្តង់ដាទឹកផឹករបស់អង្គការសុខភាពពិភពលោក (WHO)។
ការណ៍នេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងអនាម័យដែលអាចឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ សម្រាប់ជីវភាពប្រចាំថ្ងៃ ព្រោះទឹកស្អាតគឺជាចំណែកមួយដ៏សំខាន់ក្នុងការការពារជំងឺឆ្លងកូវីដ ១៩ ផងដែរ ក្នុងបរិបទបច្ចុប្បន្ននេះ។
អ្នកស្រី ទេព និមល ប្រជាពលរដ្ឋរស់នៅក្នុងបុរី ១ កន្លែងក្នុងសង្កាត់គោករកា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា អ្នកស្រីតែងតែក្រោកពីម៉ោង ៤ ឬ ៥ ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីត្រងទឹកទុកក្នុងស៊ីទែន សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកស្រីថា៖ «ពេលខ្លះខ្ញុំតែងតែងើបពីកណ្តាលអធ្រាត្រទៅ ដើម្បីបើកទឹកទុកប្រើប្រាស់ ដោយសារបើមិនធ្វើដូចនេះទេ គឺខ្ញុំនឹងមិនមានទឹកប្រើប្រាស់ទេ ហើយការខ្វះខាតទឹកនេះ គឺខ្វះយូរមកហើយ មិនថា រដូវប្រាំង ឬរដូវវស្សាទេ ក្នុងរយៈពេល ៤ ឆ្នាំ ដែលខ្ញុំបានមករស់នៅក្នុងតំបន់នេះ»។
អ្នកស្រីបានស្នើទៅដល់អ្នកដែលរស់នៅទីក្រុងភ្នំពេញ គួរតែប្រើប្រាស់ទឹកសន្សំសំចៃដើម្បីរក្សាទឹកផង និងដើម្បីជួយដល់អ្នកដែលរស់នៅជាយក្រុងអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ពិសេសក្នុងរដូវប្រាំងនេះ៕
វីដេអូ៖