ភ្នំពេញៈ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចកែសម្រួលរបៀបដឹកនាំ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំនីមួយៗកាលពីថ្ងៃទី ១០ កញ្ញា ក្រោយពីព្រះមហាក្សត្របញ្ចប់តំណែងលោក ញឹម វណ្ណដា ពីអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដាក់ជំនួសវិញដោយលោកទេសរដ្ឋមន្ត្រី គន់ គីម ពាក់ព័ន្ធនឹងការរលំបាក់អគារបណ្តាលឱ្យមនុស្សស្លាប់នៅខេត្តព្រះសីហនុ ហើយខ្វះការទទួលខុសត្រូវ។
ការចេញសេចក្តីសម្រេចនេះធ្វើឡើងក្រោយរយៈពេលប្រមាណ ៣ ខែដែលព្រះមហាក្សត្រនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យដកតំណែងលោក ញឹម វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយតាមរយៈការស្នើសុំទូលថ្វាយពីប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជាការជំនួសមកវិញនូវថ្នាក់ដឹកនាំនៃស្ថាប័នមួយនេះ រាជរដ្ឋាភិបាលក៏បានស្នើទូលថ្វាយព្រះមហាក្សត្រតែងតាំងលោក គន់ គីម ជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយជំនួសវិញ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលថ្លែងថា៖ «យើងកែប្រែ ដោយសារតែយើងមានសមាសភាពមួយចំនួនបានដកចេញដូចជា ឯកឧត្តម ញឹម វណ្ណដា ដូច្នេះហើយទើបមានការកែសម្រួល។ វាមិនមានអ្វីប្លែកទេជាការធ្វើបច្ចុប្បន្នភាពនៃសមាសភាពមន្ត្រី។ វាគឺជាការបែងចែកភារកិច្ច និងចង្អុលទិសដៅការងារសម្រាប់ថ្នាក់ដឹកនាំថាត្រូវទទួលបន្ទុកភារកិច្ចណាមួយ»។
បើតាមសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ ១០ ខែកញ្ញា គឺរាជរដ្ឋាភិបាលបានសម្រេច តែងតាំងលោក គន់ គីម ជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយជំនួសលោក ញឹម វណ្ណដា។
សេចក្តីសម្រេចបញ្ជាក់ថា៖ «ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការទទួលបន្ទុកជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងការងារផ្សេងៗទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការបែងចែកភារកិច្ចរបស់រាជរដ្ឋាភិបាលតែងធ្វើឡើងជារៀងរាល់អាណត្តិដែលមានរយៈពេល ៥ ឆ្នាំម្តង។ កាលពីខែកញ្ញា ឆ្នាំ ២០១៨ រាជរដ្ឋាភិបាលចេញសេចក្តីសម្រេចកំណត់របៀបរបបការងាររបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលម្តងរួចទៅហើយ។
លោកបន្ថែមថា នេះគឺជាការចេញសេចក្តីសម្រេចលើកទី ២ ដើម្បីធ្វើការកែសម្រួលរបៀបរបបការងារ និងការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «នេះគឺជារឿងធម្មតាក្នុងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ ការសម្រួលនេះដូចជាមិនមានអ្វីប្លែកច្រើនទេគ្រាន់តែបន្ថែម និងបន្ថយ។ វាគ្រាន់តែដកមួយហើយដាក់មួយចូល។ ជាគោលការណ៍លិខិតបទដ្ឋានទាក់ទងនឹងការតែងតាំង និងប្រគល់ភារកិច្ច នៅពេលណាមានដូរតែភារកិច្ចមួយ គេត្រូវតែធ្វើសេចក្តីសម្រេចថ្មី»។
កាលពីថ្ងៃ ២៤ មិថុនា ឆ្នាំ ២០១៩ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ ២ ដោយព្រះរាជក្រឹត្យមួយ ដកលោក ញឹម វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសហើយព្រះរាជក្រឹត្យមួយទៀតក៏បានតែងតាំងលោកជាទីប្រឹក្សារដ្ឋាភិបាលដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។ ការដកតំណែងនេះតាមរយៈសំណើពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីលោកបានរិះគន់លោក ថា ខ្វះការទទួលខុសត្រូវ។
លោក ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី ២៤ ខែមិថុនាថា៖ «ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ»។
លោក ហ៊ុន សែន ថ្លែងដែរថា លោក ញឹម វណ្ណដា រវល់ដេកនៅខេត្តកំពត ខណៈក្រុមសង្គ្រោះកំពុងមមាញឹកស្វែងរកអ្នកកប់ក្រោមគំនរបែកបាក់អគារនោះ។
នៅពេលទាក់ទងកាលពីថ្ងៃម្សិលមិញលោក ញឹម វណ្ណដា បានបដិសេធធ្វើអត្ថាធិប្បាយ៕