ភ្នំពេញៈ ​ក្រសួងបរិស្ថាន​កំពុង​រៀបចំ​តាក់តែង​គោលនយោបាយ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​នៅ​តាម​ទីប្រជុំជន ដើម្បី​ពង្រឹង​ការដោះស្រាយ​បញ្ហា​សំរាម​ឱ្យ​មាន​ប្រសិទ្ធភាព និង​មាន​បរិស្ថាន​ស្អាត ប្រកប​ដោយ​ភាពទាក់ទាញ ខណៈ​ដែល​បច្ចុប្បន្ន​ក្នុង​ ១ ​ថ្ងៃ​ កម្ពុជា​បាន​ផលិត​សំរាម​ជាង​ ១ ​ម៉ឺន​តោន​។

នេះ​បើតាម​ការលើក​ឡើង​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព​ការងារ​ក្រសួងបរិស្ថាន និង​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​គុណភាព​ខ្យល់​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ទីស្តីការគណៈរដ្ឋមន្ដ្រី​កាលពី​ម្សិលមិញ​។

លោក​ថ្លែងថា បញ្ហា​សំរាម​គឺជា​បញ្ហា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ​បាន​យក​ចិត្ដ​ទុកដាក់​។ លោក​បន្តថា​៖ «​ក្រោយពី​រាជរដ្ឋាភិបាល​បាន​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី បច្ចប្បន្ន​នេះ​រាជរដ្ឋាភិបាល​បាននិង​កំពុង​រៀបចំ​តាក់តែង​នូវ​គោលនយោបាយ ស្ដីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ក្នុង​គោលបំណង​ពង្រឹង និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម​សំណល់​ទីប្រជុំជន​ឱ្យ​មាន​ប្រសិទ្ធភាព សុវត្ថិភាព​បរិស្ថាន ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​មាន​សោភណភាព បរិស្ថាន​ស្អាត និង​អនាម័យ​ល្អ​ប្រកបដោយ​ភាព​ទាក់ទាញ​»​។

លោក នេត្រ ភក្ដ្រា បញ្ជាក់​ថា​ពាក់ព័ន្ធ​នឹង​ការរៀបចំ​តាក់តែង​គោលនយោបាយ​គ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​ទីប្រជុំ​ជននេះ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាននិង​កំពុង​តាក់តែង​ដោយ​គោលដៅ​សំខាន់​ក្នុង​ការតាក់តែង​គោលនយោបាយ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​ទីប្រជុំ​ជននេះ​គឺ​ធ្វើយ៉ាងណា​ត្រូវ​រៀបចំ​នូវ​យន្តការ​ឱ្យបាន​ត្រឹមត្រូវ​ទាំង​ការប្រមូល និង​ការគ្រប់គ្រង​។

លោក​បាន​ថ្លែងថា​៖ «​គោលនយោបាយ​នេះ គឺ​យើង​កំពុងតែ​ជំរុញ​ដោយ​ត្រូវធ្វើ​យ៉ាងម៉េច​ត្រូវ​ចេញ​គោលនយោបាយ​នេះ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ព្រោះ​ថា​ក្រោយ​ពេលដែល​រាជរដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន ស៊ីនទ្រី គឺ​យើង​ត្រូវ​រៀបចំ​នូវ​យន្តការ​ឱ្យបាន​ត្រឹមត្រូវ ពេញលេញ លើ​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង​នេះ​»​។

លោក​បន្តថា​៖ «​យើង​សង្ឃឹមថា​គោលនយោបាយ​នេះ​នឹង​ចេញ​ឱ្យ​អនុវត្ដ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ព្រោះ​ស្ថានភាព​ពេលនេះ​គឺជា​ស្ថានភាព​មួយ​ចាំបាច់​ដែល​យើង​ត្រូវ​រៀបចំ​គោលនយោបាយ​ឱ្យបាន​ត្រឹមត្រូវ​ទាំង​ការគ្រប់គ្រង​ទៅលើ​តំបន់​ដែល​ត្រូវ​ប្រមូល​សំរាម និង​ការបង្កើត​ទីលាន​ចាក់សំរាម​ផ្សេងៗ ដើម្បី​ត្រៀមខ្លួន​នូវ​ការអនុវត្ដ​នូវ​យន្តការ​គ្រប់គ្រង​សំរាម​ទាំងមូល​»​។

បើ​តាម​លោក ភក្ដ្រា ក្នុងការ​គ្រប់គ្រង​បញ្ហា​សំរាម​នេះ​រាជរដ្ឋាភិបាល​ទើបតែ​ធ្វើ​ប្រតិភូកម្ម​មុខងារ​ទៅ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដោយបាន​ផ្ដល់​កញ្ចប់​ថវិកា​សេវា​អនាម័យ​បរិស្ថាន ដើម្បី​អនុវត្ដ​ផែនការ​គ្រប់គ្រង​សំរាម​នេះ​។

លោក​ថ្លែងថា ជា​លទ្ធផល​កញ្ចប់​ថវិកា​អនាម័យ​បរិស្ថាន​នេះ​ធ្វើឱ្យ​មាន​ការប្រមូល​ និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​នៅ​ទីប្រជុំជន​តាម​បណ្ដា​ខេត្ដ-ស្រុក-ខណ្ឌ គឺមាន​ភាពល្អប្រសើរ​។ រដ្ឋបាល​ខេត្ដ-ស្រុក-ខណ្ឌ​មួយចំនួន បានរៀបចំ​ផែនការ​គ្រប់គ្រង​ថវិកា​គ្រប់គ្រង​សំរាម​អនាម័យ​បាន​ច្បាស់លាស់ ហើយ​ភាគច្រើន​បាន​អនុវត្ដ​ល្អ​ដោយមាន​កិច្ចសហការ​គ្នា​រវាង​អង្គភាព​ពាក់ព័ន្ធ​។

បើ​តាម​ក្រសួងបរិស្ថាន​បរិមាណ​សំរាម​សរុប​ដែល​បាន​បង្កើតឡើង​នៅ​កម្ពុជា​គឺមាន​ជាង ១ ម៉ឺន​តោន​នៅ ក្នុង ១ ​ថ្ងៃ​ និង​សរុប កម្ពុជា​បង្កើត​សំរាម​ប្រមាណ​ជិត​ ៤ ​លាន​តោន ​ក្នុង​ ១ ​ឆ្នាំ​ ដែល​ក្នុងនោះ ៦៥% ជា​សំណល់​សរីរាង្គ ២០% ជា​សំណល់​ថង់​ប្លាស្ទិក និង​នៅ​សេសសល់​ជា​សំណល់​រឹង និង​សំណល់​ផ្សេងទៀត​។ ក្នុង​ចំណោម​សំរាម​ដែល​បង្កើតឡើង​គឺមាន​ត្រឹមតែ​ប្រមាណ ៥១% ប៉ុណ្ណោះ​ដែល​ត្រូវបាន​យក​ទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម ក្រៅពី​នោះ​ត្រូវបាន​យក​ទៅ​បោះចោល​អនាធិបតេយ្យ​នៅ​តាម​ដងផ្លូវ ខ្លះ​បោះចោល​ក្នុង​ប្រភពទឹក និង​ខ្លះទៀត​ត្រូវបាន​ដុត​។

លោក ភក្ដ្រា បាន​បញ្ជាក់​​ថា​៖ «​ការកើនឡើង​នូវ​បរិមាណ​សំរាម សំណល់​រឹង​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​ បាន​បង្កក្តី​បារម្ភ​យ៉ាងខ្លាំង​ដល់​គុណភាព​បរិស្ថាន សុខភាព​សាធារណៈ និង​ការបាត់បង់​សោភណភាព​ទីប្រជុំជន​រាជធានី-ខេត្ត-ក្រុង-ស្រុក ខណៈ​ការអនុវត្ត​ជាក់ស្តែង​លើ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​កម្ពុជា​បច្ចុប្បន្ន ជាទូទៅ​នៅ​ជួបប្រទះ​ឧបសគ្គ​ជាច្រើន​ដែល​អាច​បង្ក​ផលប៉ះពាល់​នាពេល​អនាគត​»​។

លោក​បន្តថា ប៉ុន្តែ​ទោះ​ជា​មាន​បញ្ហា​ប្រឈម​ខ្លះ ស្ថានភាព​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​នៅ​ទូទាំង​ប្រទេស​នា​ឆ្នាំ​ ២០១៩ កន្លងទៅ​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុនៗ​ដោយ​រដ្ឋបាល​ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាន​ការយក​ចិត្តទុកដាក់​ខ្ពស់​ទៅលើ​បញ្ហា​អនាម័យ​បរិស្ថាន ការប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​ពី​ទីប្រជុំជន ដែល​បាន​បង្កើត​នៅក្នុង​តំបន់​គ្រប់គ្រង​របស់ខ្លួន ជាពិសេស​នៅតាម​ទីប្រជុំជន ក្រុង​មាន​ការបោសសម្អាត​បានល្អ​តាម​ដងផ្លូវ សួនច្បារ​សំខាន់ៗ និង​បាន​បំបាត់​គំនរ​សំរាម​អនាធិបតេយ្យ មួយចំនួន​ដែល​មាន​ក្នុង​ទីប្រជុំជន​ក្រុង​នាពេល​កន្លងមក​៕