ភ្នំពេញៈ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា កំពុង​ពិភាក្សា​លម្អិត​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​សាងសង់ ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ស្ដារ​យុវនីតិសម្បទា​លើ​ផ្ទៃដី​ជាង​ ៥ ​ហិកតា​ស្ថិត​នៅ​ស្រុក​កណ្ដាលស្ទឹង​ ខណៈ​បច្ចុប្បន្ន អនីតិជន​ប្រព្រឹត្តល្មើស​ចំនួន​ ១ ៨០៥ នាក់​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ចង្អៀត​ណែន​ឡូកឡំ​ជាមួយ​ជន​ជាប់ឃុំ​ជា​មនុស្ស​ចាស់​។

លោក​ តូច ​ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្រសួង​សង្គមកិច្ច​ដោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ស្ដារ​យុវនីតិសម្បទា​នាពេល​ដ៏ខ្លី​ខាងមុខ​ ដើម្បី​ផ្ដល់​នូវ​ការអប់រំ​បណ្ដុះបណ្ដាល និង​ស្ដារ​នីតិសម្បទា​ដល់​អនីតិជន​ជាប់ទោស​មុន​នឹង​ធ្វើ​សមាហរណកម្ម​ពួកគេ​ទៅក្នុង​សហគមន៍​ ឬ​គ្រួសារ​វិញ​។

លោក​ថ្លែងថា​៖ «​គម្រោង​សាងសង់​មជ្ឈមណ្ឌល​នេះ យើង​គ្រោង​នឹង​ធ្វើ​លើ​ផ្ទៃដី​ប្រមាណ​ជាង ៥ ​ហិកតា​ស្ថិត​នៅ​ជាប់​គ្នា​នឹង​មជ្ឈមណ្ឌល​ថែទាំ និង​ស្តារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី​ដែរ​។ មណ្ឌល​នេះ​យើង​នឹង​ដាក់​យុវជន​ដែល​មាន​វ័យ​ក្រោម​ ១៨ ឆ្នាំ​ដែល​ពួកគាត់​ប្រព្រឹត្ដ​បទល្មើស​ដែល​សព្វថ្ងៃនេះ ពួកគាត់​កំពុង​តែ​ស្ថិត​នៅ​តាម​ពន្ធនាគារ​ជាមួយ​មនុស្ស​ពេញវ័យ​ដែល​មាន​ជាប់ទោស​»​។

លោក​បន្ថែម​ថា ជន​ជាប់ទោស​ជា​អនីតិជន​ខ្លះ អាយុ​របស់​ពួកគាត់​មិន​ត្រូវ​ទទួល​ការកាត់ទោស​ទេ​។ ប៉ុន្ដែ​ដោយសារ​គ្មាន​កន្លែង​សម្រាប់​គ្រប់គ្រង​ពួកគាត់ ទើប​ក្រសួង​សង្គមកិច្ច​យក​ទៅ​ផ្ញើ​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន​សិន​។ លោក​បញ្ជាក់​ថា​៖ «​ពេលនេះ​យើង​កំពុង​ជជែក​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​សាងសង់​។ គម្រោង​នេះ​បើ​យើង​មាន​ថវិកា​គ្រប់គ្រាន់ យើង​ធ្វើ​ប្រហែល​ ២ ​ឆ្នាំ​នឹង​ចប់​រួចរាល់​។ ប៉ុន្ដែ​ឥឡូវ​យើង​កំពុង​ជជែក​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ចំពោះ​ការផ្ដល់​ថវិកា ពីព្រោះ​គម្រោង​នេះ​ជា​ការចំណាយ​ទាំង​ស្រុង​របស់​រាជរដ្ឋាភិបាល​»​។

បើ​តាម​លោក ចាន់នី មជ្ឈមណ្ឌល​នេះ​គ្រោង​សាងសង់​អគារ​ប្រមាណ​ ៥ ដែល​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ២ ​លាន​ដុល្លារ​។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា គិត​ត្រឹម​ខែ​សីហា ឆ្នាំ​ ២០១៩ នេះ​អនីតិជន​កំពុង​ជាប់​នៅ​ពន្ធនាគារ​មាន​ចំនួន​ ១ ៨០៥ នាក់​ (​ស្រី​ ៨១ ​នាក់​)​។ លោក​ថ្លែង​ថា ចំពោះ​បន្ទុក​នៃ​ការគ្រប់គ្រង​អនីតិជន​ជាប់ទោស​ទូទាំង​ប្រទេស បើ​ខាង​ក្រសួង​សង្គមកិច្ច​យក​ទៅ​គ្រប់គ្រង​នោះ​ពន្ធនាគារ​នឹង​អាច​ស្បើយ​បន្ទុក​បាន​ប្រមាណ​ ៥ ​ភាគរយ​ដែរ​។

លោក​ថា​៖ «​បើ​មន្ត្រី​សង្គមកិច្ច​យើង​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​បានល្អ និង​ពិតជា​យកចិត្ត​ទុកដាក់​ពី​អនាគត​ក្មេងៗ​ទាំងនោះ វា​ពិតជា​ប្រសើរ​ណាស់ ព្រោះ​វិធាន​ការអប់រំ​កែប្រែ និង​ស្តារនីតិសម្បទា​ពួកគេ​មិន​អាច​ធ្វើ​ដូច​នីតិជន​ទេ​។ ទាំង​បរិស្ថាន​ឃុំ ទាំង​កម្មវិធី​អប់រំ​កែប្រែ ទាំង​​ការថែទាំ​សុខភាព សេចក្តី​ត្រូវការ​​ផ្សេងៗ​ និង​កិច្ច​គាំពារ​សេវា​សង្គមកិច្ច​ក៏​មិន​អាច​ធ្វើ​ដូច​មនុស្ស​ពេញវ័យ​ដែរ​»​។

លោក​ អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​សាទរ​ចំពោះ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ស្ដារ​យុវនីតិសម្បទា សម្រាប​គ្រប់គ្រង​អនីតិជន​នេះ​។ ​«​យើង​ឃើញ​ថា​ការយក​ជនជាប់ទោស​ជា​អនីតិជន​ទៅ​ដាក់​នៅ​ពន្ធនាគារ​នាពេល​បច្ចុប្បន្ន មិន​មាន​ការបែងចែក​ត្រឹមត្រូវ និង​ស្ថិត​ក្នុង​ស្ថានភាព​ចង្អៀតណែន​ដែល​មិនមែន​ជា​កន្លែង​ស្ដារនីតិសម្បទា ឬ​អប់រំ​ដល់​អនីតិជន​ជាប់ទោស​នោះទេ​។

យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ម៉េច​អាច​ឲ្យ​អនីតិជន​ដែល​ជាប់ទោស​មាន​ការកែ​ប្រែ​មាន​ការអប់រំ​ល្អ ក្រោយ​ពី​ការជាប់​ឃុំ ត្រឡប់​ទៅ​កាន់​គ្រួសារ​វិញ​បាន​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ឡើងវិញ​»​។

លោក សំអាត សង្កេត​ឃើញ​ថា​ ប្រសិន​បើ​នៅ​តែ​បន្ដ​យក​អនីតិជន​ជាប់ទោស​ទៅ​ដាក់​លាយឡំ​គ្នា​ជាមួយ​ជន​ជាប់ទោស​ពេញវ័យ អាច​បណ្ដាល​ឲ្យ​អនីតិជន​ទទួល​បាន​មេរៀន​មិន​ល្អ​ពី​ក្រុម​ជន​ជាប់ឃុំ​ពេញវ័យ​៕