ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ សម្រាប់ជុំទី ២ ដែលមានរយៈពេល ២ ខែគឺខែសីហា និងខែកញ្ញា ឆ្នាំ ២០២០នេះ។
យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី ២៤ ខែសីហា ឱ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលមានកូវីដ១៩ត្រូវបានបន្តអនុវត្តសម្រាប់ជុំទី ២ ក្នុងរយៈពេល ២ ខែ។ ការអនុវត្តបន្តនេះនឹងត្រូវកំណត់ដោយឡែកផ្អែកតាមសភាពការណ៍វិវត្តជាក់ស្តែងដែលត្រូវធ្វើឡើងក្នុងសប្តាហ៍ទី ៤ នៃខែនីមួយៗ។
ក្រសួងបានបញ្ជាក់បន្ថែមថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជុំទី ២ តាមរយៈសេវាកម្មផ្ទេរប្រាក់តាមវីងនេះនឹងប្រើថវិកាជាតិចំនួន ៣០ លានដុល្លារអាមេរិក ជូនដល់ពលរដ្ឋចំនួនជាង ២,៦ លាននាក់ សម្រាប់ខែសីហានេះ។ ទំហំថវិកានេះមានការកើនឡើងពី ២៦ លានដុល្លារអាមេរិកនៅខែកក្កដា និង ២៣ លានដុល្លារអាមេរិកនៅខែមិថុនា ដោយសារមានការកើនឡើងនៃគ្រួសារក្រីក្រប្រមាណ ៦០ ០០០ គ្រួសារបន្ថែម។
អ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន បានឲ្យដឹងកាលពីថ្ងៃ ២៥ សីហាថា ក្រសួងត្រូវចំណាយថវិកាពី ២៥ លានដុល្លារទៅ ២៨ លានដុល្លារក្នុង ១ ខែៗ សម្រាប់ផ្តល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនេះ។
លោកថា៖ «ថវិកាសម្រាប់ផ្តល់ជូនក្នុងកម្មវិធីនេះមិនមានការខ្វះខាតទេ ប្រសិនបើត្រូវការលើសពីនេះក៏យើងមានដែរ។ យើងបានបម្រុងទុករួចហើយ»។
លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ២៥ សីហាថា លទ្ធផលនៃការផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងពេលវិបត្តិកូវីដ១៩ក្នុងជុំទី ១ (ខែមិថុនា និងខែកក្កដា) កន្លងទៅ សម្រេចបានប្រមាណ ៩៧ ភាគរយ (គិតត្រឹមព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០) នៃពលរដ្ឋសរុបប្រមាណ ៦១៣ ០០០ គ្រួសារ ស្មើនឹងប្រមាណជា ២ ៤៨០ ០០០ នាក់។
លោក ស្រី ដា បានឲ្យដឹងដែរថា នៅជុំទី ២ (ខែសីហា និងខែកញ្ញា) ដែលត្រូវចាប់បើកប្រាក់ឧបត្ថម្ភពីថ្ងៃទី ២៥ សីហា នេះក្រសួងបានរកឃើញគ្រួសារក្រីក្រ និងងាយរងគ្រោះបន្ថែមចំនួន ៥៦ ០០០ គ្រួសារស្មើនឹងពលរដ្ឋប្រមាណ ២៨០ ០០០ នាក់។
បើតាមលោក ស្រី ដា គ្រួសារក្រីក្រ និងងាយរងគ្រោះសរុបទូទាំងប្រទេសមានប្រមាណ ៦៦៩ ០០០ គ្រួសារស្មើនឹងពលរដ្ឋសរុបប្រមាណ ២ ៦៩០ ០០០ នាក់។
លោកបានបញ្ជាក់ថា៖ «ក្នុងជុំទី ២ នេះក្រសួងសង្កេតឃើញថា ចំនួនគ្រួសារក្រីក្រមិនថមថយចុះទេ ដោយសារគ្រួសារចំណាកស្រុកបានត្រឡប់មកស្រុកកំណើត ដើម្បីដាក់ពាក្យទទួលបានបណ្ណសមធម៌ និងគ្រួសារងាយរងគ្រោះផ្សេងៗទៀតបានធ្លាក់ខ្លួនចូលភាពក្រីក្រក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ»។
យ៉ាងណាក្ដីលោកបន្ថែមថា ក្រសួងផែនការបានសង្កេតឃើញមានភាពមិនប្រក្រតីកើតឡើងដោយសារគ្រួសារមានជីវភាពធូរធារជាច្រើនបានច្រណែននឹងការឧបត្ថម្ភប្រាក់នេះ ហើយបានបន្តដាក់ពាក្យសម្ភាសន៍។
បញ្ហានេះជាការរំខានដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាក្រុមការងាររបស់មន្ទីរផែនការដែលកំពុងមមាញឹកស្វែងរកគ្រួសារក្រីក្រពិតប្រាកដ ក៏ដូចជាដកចេញនូវគ្រួសារដែលធូរធារ ឬក៏បន្លំ។
លោក ស្រី ដា បានប្រាប់ថា៖ «ជាវិធានការទប់ស្កាត់លើការកើនឡើង និងភាពមិនប្រក្រតីនេះ ក្រសួងបានណែនាំដល់មន្ទីរផែនការរាជធានី ខេត្ត ក្រុងទូទាំងប្រទេសឱ្យចុះធ្វើអធិការកិច្ចណែនាំដោះស្រាយទប់ស្កាត់នៅឯមូលដ្ឋានផ្ទាល់។ ជាពិសេសត្រូវសហការឱ្យបានជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ក៏ដូចជា សុំគោលការណ៍ណែនាំពីអភិបាលខេត្តដើម្បីមានដំណោះស្រាយឱ្យបានជាប់ជាប្រចាំ»។
លោក ហឹម យន់ នាយកប្រតិបត្តិនៃសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គមបានថ្លែងពីម្សិលមិញថា លោកមានការសោកស្តាយចំពោះអ្នកដែលមានធនធានប្រសើរ តែបែរជាមកបន្លំប្រើបណ្ណក្រីក្រ ដើម្បីយកថវិកាពីរដ្ឋាភិបាល។
លោកថា៖ «បណ្ណនេះគឺអាជ្ញាធរជាអ្នកផ្តល់ជូនជនក្រីក្រពិតប្រាកដ ប៉ុន្តែបែរជាអ្នកមានធនធានបានបណ្ណនេះដែរ។ ដូចនេះអាជ្ញាធរថ្នាក់លើគួរមានវិធានការព្រមាន ឬធ្វើអ្វីមួយ ដើម្បីឱ្យជននោះរាងចាល និងមិនប្រព្រឹត្តការបន្លំបែបនេះទៀតហើយករណីនេះអាជ្ញាធរជាអ្នកទទួលខុសត្រូវទៅតាមច្បាប់»។
គួរបញ្ជាក់ផងដែរថា កាលពីចុងខែមិថុនា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសក្រោយដាក់ឱ្យប្រើជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះថា ការងារនេះគឺត្រូវពឹងផ្អែកស្ទើរទាំងស្រុងលើអាជ្ញាធរមូលដ្ឋានដែលត្រូវធ្វើឱ្យបានច្បាស់លាស់ និងហ្មត់ចត់បំផុតចៀសវាងឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាតិដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដដើម្បីបានប្រាក់ឧបត្ថម្ភនេះ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំនឹងចាត់វិធានការក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង»៕
វីដេអូ៖