ភ្នំពេញៈ ប្រទេសចិនបានប្រកាសផ្តល់ជំនួយចំនួន ១៣១ លានដុល្លារដល់យោធាកម្ពុជា ដើម្បីពង្រឹកទំនាក់ទំនងរវាងប្រទេសទាំង ២។
ការប្រកាសផ្ដល់ជំនួយយោធានេះបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ច ៥ ថ្ងៃដោយលោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិនបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ បាញ់។
លោក ទៀ បាញ់ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីជំនួបប្រជុំជាមួយលោក Fenghe នៅឯទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចនេះនឹងផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងយោធារវាងសម្ព័ន្ធមិត្តទាំង ២ និងរក្សាសន្តិភាពនៅកម្ពុជាហើយឈានដល់កិច្ចព្រមព្រៀងក្នុងការផ្តល់ជំនួយយោធាដល់កម្ពុជា។
លោកថ្លែងថា៖ «ចំពោះជំនួយគាត់បានប្រកាសថាប្រទេសចិននឹងផ្តល់ចំនួន ៨៤៥ លានយន់ [១៣១ លានដុល្លារ]»។
លោក ទៀ បាញ់ បានបន្ថែមថា យោធាកម្ពុជាក៏នឹងទាក់ទងជាមួយសមភាគីចិនអំពីការផ្តល់ជំនួយយោធាបន្ថែមទៀតនាពេលអនាគតដោយពិនិត្យមើលនូវអ្វីដែលកងយោធពលខេមរភូមិន្ទកម្ពុជាត្រូវការ និងដាក់សំណើដែលពាក់ព័ន្ធ។
លោកក៏បានបញ្ជាក់ថាប្រទេសកម្ពុជាកំពុងរៀបចំទទួលនាវាកងទ័ពជើងទឹករបស់សាធារណរដ្ឋប្រជាមានិតចិនដែលគ្រោងមកដើម្បីផ្លាស់ប្តូរបទពិសោធ។
យោងតាមទំព័រហ្វេសប៊ុករបស់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិដែលបានបង្ហោះកាលពីថ្ងៃចន្ទកន្លងទៅថា ដំណើរទស្សនកិច្ចនេះនឹងផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងយោធារវាងប្រទេសទាំង ២ ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើនឹងមានកិច្ចព្រមព្រៀងជាក់លាក់ណាមួយសម្រាប់ជំនួយយោធាបន្ថែមទៀតនោះទេ។
លោកបានសរសេរថា៖ «ការផ្តល់ជំនួយបន្ថែមនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់ភាគីចិនដែលធ្វើឡើងចំឱកាសខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ កម្ពុជា-ចិន ហើយដើម្បីអបអរសាទរដល់ខួបនៃទំនាក់ទំនងការទូតនេះភាគីទាំង ២ ក៏បានរៀបចំពិព័រណ៍យោធាកម្ពុជា-ចិន រយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រដើម្បីបង្ហាញអំពីសមិទ្ធផលនានានៃកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសទាំង ២ ផងដែរ»។
លោក សុជាតិ បន្ថែមថា៖ « ក្រៅពីការផ្តល់ជំនួយសម្រាប់វិស័យយោធា ក្នុងជំនួបខាងលើភាគីកម្ពុជា-ចិនក៏នឹងសហការគ្នាបន្តទៀតដើម្បីធ្វើសមយុទ្ធនាគមាសនៅឆ្នាំ ២០១៩ ផងដែរ»។
លោកស្រី Astrid Norn-Nilsson សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ Centre for East and South-East Asian Studies at Lund University ថ្លែងតាមអ៊ីមែលថា៖«វាជារឿងគួរឲ្យកត់សម្គាល់ដែលរដ្ឋាភិបាលកម្ពុជាបានអញ្ជើញរដ្ឋមន្ត្រីការពារជាតិចិនមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការការពារជាតិថ្មីមួយគឺតែមួយខែនៅមុនការបោះឆ្នោតចូលមកដល់»។
លោកស្រីបញ្ជាក់ថាចំណុចនេះគឺវាបញ្ជាក់ឡើងអំពីគោលនយោបាយកិច្ចការបរទេសរបស់ប្រទេសកម្ពុជាដែលហាក់នៅដាច់ឆ្ងាយពីកិច្ចសហប្រតិបត្តិការការពារជាតិអាមេរិកហើយវាបានបង្ហាញកាន់តែច្បាស់ថា ការទទួលស្គាល់ពីប្រទេសលោកខាងលិចចំពោះការបោះឆ្នោតនៅខែកក្កដាខាងមុខនេះគឺមិនមានផលប៉ះពាល់ធំដុំចំពោះរដ្ឋាភិបាលកម្ពុជាទេ។
លោក លោក Paul Chambers សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Naresuan University បានថ្លែងថាដំណើរទស្សនកិច្ចរបស់លោក Fenghe គឺបានបង្ហាញថា កម្ពុជាពិតជាបានបង្វែរទិសដៅងាកទៅរកប្រទេសចិនប្រាកដមែនហើយទីក្រុងប៉េកាំងបានពង្រឹងខ្លួនឯងធ្វើជាអ្នកគាំទ្រភូមិសាស្ត្រនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ខណៈ លោក Phil Robertson នាយករងនៃHuman Rights Watch ប្រចាំតំបន់អាស៊ីបានថ្លែងតាមរយៈអ៊ីមែលថា CPP កំពុងព្យាយាមបង្ហាញដល់ប្រជាពលរដ្ឋកម្ពុជាថារដ្ឋាភិបាលរបស់ពួកគេមានមិត្តភក្តិបរទេសដ៏មានឥទ្ធិពលដូចរដ្ឋមន្ត្រីការពារជាតិចិននេះជាដើម។ អ្វីគ្រប់យ៉ាងបង្ហាញពីរូបភាពខាងត្រឹមត្រូវនៅមុនការបោះឆ្នោត៕ NS