ភ្នំពេញៈ រដ្ឋាភិបាល​បាន​ចេញ​បញ្ជា​ហាមឃាត់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ដោយ​ចាប់ផ្ដើម​អនុវត្ត​ពី​ម៉ោង ១២ ​យប់​ថ្ងៃទី​ ៩ ខែ​មេសា រហូត​ដល់​ម៉ោង​ ១២ ​យប់​ថ្ងៃទី​ ១៦ ខែមេសា ដោយ​បទបញ្ជា​នេះ​គឺ​បានដាក់​កំហិត​មិនឱ្យ​មាន​ការ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​។

នៅក្នុង​សេចក្ដី​ប្រកាស​ដែល​ចេញពី​ល្ងាចម្សិលមិញ​បាន​បញ្ជាក់​ថា ការចេញ​បទបញ្ជា​នេះ​គឺ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ កុំឱ្យ​រាលដាល​ចេញពី​ដំណាក់កាល​នាំចូល​ជំងឺ​ពី​ប្រភព​ខាងក្រៅ​ចូល​ទៅ​ដល់​ដំណាក់កាល​នៃ​ការឆ្លង​រាលដាល​រវាង​ប្រជាជន​នៅក្នុង​សហគមន៍​។

ប៉ុន្តែ​បទបញ្ជា​នេះ​គឺ​បាន​លើកលែង​ចំពោះ​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​នៅ​តាម​ផ្លូវគោក ផ្លូវទឹក​ និង​ផ្លូវដែក​រួមទាំង​រថយន្ត និង​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ​ស៊ីវិល​គ្រប់​ស្ថាប័នរដ្ឋ​ទាំង​ថ្នាក់ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ក្នុង​គោលដៅ​បំពេញការងារ​ប្រចាំថ្ងៃ​ដែល​ម្ចាស់​យានយន្ត​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​អត្តសញ្ញាណប័ណ្ណ​ការងារ​របស់ខ្លួន​។

ក្រៅ​ពីនេះ​ក៏​មាន​ការលើកលែង​រថយន្ត​ និង​មធ្យោបាយ​ធ្វើដំណើរ​របស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​គោលដៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរពេទ្យ​រដ្ឋ​ និង​ឯកជន រថយន្ត​ដឹក​សំរាម​ និង​កាកសំណល់​។

ជាមួយ​គ្នា​នេះ​ការលើកលែង​រថយន្ត​ដឹកជញ្ជូន​កម្មករ​ទៅ​កាន់​ទីកន្លែង​ការងារ​នៅតាម​រោងចក្រ សហគ្រាស ត្រូវតែ​មាន​បណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

ការលើកលែង​ផ្សេងទៀត​គឺ​ការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួល​បាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់​ដោយ​កំណត់​ចំនួន​មនុស្ស​មិនឱ្យ​លើសពី​ ៤ ​នាក់​សម្រាប់​ករណី​នីមួយៗ​។

ទោះយ៉ាងណា​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​នេះ​បាន​បញ្ជាក់ថា ចំពោះ​ការធ្វើដំណើរ​នៅក្នុង​រាជធានី​ភ្នំពេញ​នឹង​មិន​ត្រូវ​ហាមឃាត់​ការឆ្លងកាត់​ពី​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ​នោះឡើយ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​នៅក្នុង​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​ថា ការចេញ​បទបញ្ជា​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​សុវត្ថិភាព​របស់​ជាតិ និង​ជីវិត​របស់​ប្រជាជន​។ លោក​សរសេរថា​៖ «​ខ្ញុំ​ពុំមាន​ជម្រើស​អ្វី​ឱ្យ​ល្អ​ជាង​ការចេញ​បទបញ្ជា​បែបនេះ​ទេ​។ ប្រសិន​មានច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​ប្រហែល​ជា​ច្បាប់​នោះ​ត្រូវ​យក​មក​អនុវត្ត​នាពេល​នេះដែរ​។ សូម​ការយោគយល់​ពី​សំណាក់​បងប្អូន ជនរួមជាតិ​ក្នុង​គ្រា​ដ៏លំបាក​នេះ​»​។

ដោយឡែក​នៅក្នុង​ខ្សែអាត់​បែកធ្លាយ​មួយ​លោក ហ៊ុន សែន បាន​បញ្ជាក់ថា ការចេញ​បញ្ជា​នេះ​គឺ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​កម្មករ​នាំគ្នា​ទៅលេង​ស្រុកកំណើត​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី និង​ដើម្បី​ការពារ​ប្រទេស​កុំឱ្យ​ជួប​គ្រោះថ្នាក់​អន្តរាយ​។

លោក​បាន​លើកឡើង​ថា កម្មករ​ហាក់​មិន​យល់ស្រប និង​ស្ដាប់​តាម​ការអំពាវនាវ​របស់​រដ្ឋាភិបាល ដើម្បី​កុំឱ្យ​មានការ​ឈប់សម្រាក​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខាងមុខនេះ និង​ដើម្បី​មិនឱ្យ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ឡើយ​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​បើ​បងប្អូន​មិន​ស្ដាប់​អ៊ីចឹង ហើយក៏​មិនអាច​ធ្វើ​ច្បាប់​បន្ទាន់​ដែរ អ៊ីចឹង​! សុំឱ្យ​យកចិត្ត​ទុកដាក់ ផ្ដល់យោបល់​ឱ្យ​ខ្ញុំ ហើយ​បើ​ផ្ដល់យោបល់​បាន​ហើយ សុំ​សម្ដេច​ក្រឡាហោម​ (​ស ខេង​) និង​ឯកឧត្តម ប៊ិន ឈិន​ (​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​) ធ្វើ​សេចក្ដីព្រាង​ឱ្យ​ខ្ញុំ ដើម្បី​ចុះ​ហត្ថលេខា​ចេញ​បទបញ្ជា​ហាមឃាត់​ការធ្វើដំណើរ​ចេញ​ពី​ស្រុក​មួយ​ទៅ​កាន់​ស្រុក​មួយ​ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយ ហើយ​រថយន្តឈ្នួល​ទាំងអស់ មិន​ឱ្យ​ធ្វើដំណើរ​ក្នុង​រយៈពេល​ហ្នឹង​។ យើង​ត្រូវមាន​វិធានការ​ជាក់លាក់ មិន​អ៊ីចឹង​ទេ​នឹង​អន្តរាយ​ស្រុកទេស​»​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ថ្លែងថា នៅក្នុង​ពេលដែល​រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់​ស្ថានការណ៍​ក្នុងការ​ការពារ​កុំឱ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​នៅក្នុង​ប្រទេស ឬ​នៅតាម​បណ្ដា​រោងចក្រ គឺ​កម្មករ​មាន​ជម្រើស​តែ​ ១ ​គត់​គឺ​ការអត់ធ្មត់​អនុវត្តតាម​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​។

លោក​ថា​៖ «​យើង​អត់​មាន​ជម្រើស​អី​ក្រៅពី​ការ​អនុវត្តតាម​អ្វី​ដែលជា​វិធានការ​របស់​រដ្ឋាភិបាល​ទេ ពីព្រោះ​ថា​ក្នុង​កាលៈទេសៈ​នេះ​គឺជា​ស្ថានភាព​មួយ​ធ្ងន់ធ្ងរ​បំផុត​ដែល​ពិភពលោក​កំពុង​តែ​បារម្ភ ជាពិសេស​ខ្មែរ​យើង​ក៏​ជា​ប្រទេសមួយ​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ​​ពី​ការរាលដាល​នៃ​ជំងឺ​នេះ​»៕