ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ផ្សាយ​វីដេអូ​ឯកសារ​ដោយ​បាន​ចាត់ទុក​អតីត​បក្ស​ប្រឆាំង និង​ចលនា​នានា​ដែល​រិះគន់​​រដ្ឋាភិបាល​ថា​ជា​ «​ក្រុម​ចលនា​ដែល​​នាំ​គ្រោះថ្នាក់​សម្រាប់​ជាតិ​» ​និង​ប្ដេជ្ញា​ទប់ស្កាត់ និង​បំផ្លាញ​ផែនការ​ «​ទុច្ចរិត​» ​របស់​ពួកគេ​ដោយ​​ចាត់ទុក​ថា​ជា​ «​ក្រុម​ភេរវករ​» ​ប៉ុន្តែ​​អ្នក​រង​ការចោទប្រកាន់​ម្នាក់​បាន​ច្រានចោល​។

នៅក្នុង​វីដេអូ​ឯកសារ​រយៈពេល​ ១៨ ​នាទី​ចេញ​ផ្សាយ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​យប់​ថ្ងៃ​ចន្ទ​ក្រោម​ចំណងជើង​ថា​ «​ក្រុម​ចលនា​ដែល​នាំ​គ្រោះថ្នាក់​សម្រាប់​ជាតិ​» មាន​រូបភាព​លោក សម រង្ស៊ី ដឹកនាំ​បាតុកម្ម​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣ និង​ដើម​ឆ្នាំ​ ២០១៤ ​ដែល​ឈាន​ដល់​អំពី​ហិង្សា​នៅ​​លើ​កំណាត់​ផ្លូវ​វេងស្រេង និង​​បណ្ដាល​ឲ្យ​កម្មករ​យ៉ាង​តិច​​ ៥ ​រូប​បាន​បាត់បង់​ជីវិត ខណៈ​រាប់សិប​នាក់​ផ្សេង​ទៀត​រងរបួស និង​ត្រូវ​បាន​ចាប់​ខ្លួន​។

វីដេអូ​នេះ​អម​ដោយ​ខ្លឹមសារ​ជា​សំឡេង​ថា​៖ «...​សុខសន្តិភាព​...​តែងតែ​មាន​ការរំខាន​ពី​ក្រុម​ឧទ្ទាម​មួយ​ចំនួន​ដែល​សហការ​ជាមួយ​បរទេស​បង្កើត​ចលាចល បង្ក​ភាពវឹកវរ​ម្ដង​ហើយ​ម្ដង​ទៀត ក្រោម​មហិច្ឆតា​ដណ្ដើម​អំណាច​ផ្លូវ​កាត់ ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​​ដែល​កើតចេញ​ពី​ការបោះឆ្នោត តែ​ទោះ​ជា​យ៉ាង​ណា ចេតនា​ទុច្ចរិត​ទាំងនោះ​មិន​បាន​សម្រេច​ទេ ក្រោម​ការដឹកនាំ​របស់​ស្ថាបនិក​សន្តិភាព​សម្ដេច​ [​ហ៊ុន សែន​] ​។ ​លោក​មិន​អនុញ្ញាត​ឲ្យ​ជន​ទុច្ចរិត​ទាំង​នោះ​ឆក់​ប្លន់​សន្តិភាព ដែល​យក​អាយុ​ជីវិតរ​បស់​វីរជន​ខ្មែរ​ទៅ​ប្ដូរ​មក​នោះ​បាន​ជា​ដាច់ខាត​»​។

ដោយ​បាន​រំឭក​ពី​ការព្រមាន​របស់​លោក ហ៊ុន សែន ចំពោះ​ការរៀប​គម្រោង​បំផ្ទុះ​គ្រាប់បែក​ចំនួន​ ២ ​កន្លែង​ក្នុង​ឱកាស​ថ្ងៃ​ចូលឆ្នាំ​ថ្មី​នៅ​វត្តភ្នំ រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​របស់​លោក សម សេរី ប្រធាន​រណស្សិ​រំដោះជាតិ​ខ្មែរ និង​ចាត់​ទុក​ថា​ជា​ «​មេភេរវករ​» ​ប៉ុន្តែ​ត្រូវ​ចលនា​បាន​បដិសេធ​ភ្លាម​នោះ វីដេអូ​នេះ​ក៏​បាន​បន្ត​ចាក់ផ្សាយ​ឡើង​វិញ​នូវ​ខ្សែអាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ដែល​ចោទ​ថា​ជា​សំឡេង​ទាក់ទង​គ្នា​របស់​ក្រុម​ភេរវករ​ជាដើម​។ ​ទន្ទឹម​នឹង​នេះ​វីដេអូ​នេះ​ក៏​ជំនួស​មក​វិញ​នូវ​សកម្មភាព​រាំ​សប្បាយ​របស់​ពលរដ្ឋ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​នាឱកាស​អង្គរសង្ក្រាន្ត​នៅក្នុង​ខេត្ត​សៀមរាប​ផង​ដែរ​។

អ្នក​អត្ថាធិប្បាយ​ក្នុង​វីដេអូ​ថា​៖ «​ជា​លទ្ធផល ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សប្បាយ​រីករាយ​ដោយ​មិន​មាន​ការរំខាន​អ្វី​ឡើយ​»​។

ក្រៅពី​នោះ​ក៏​បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​អតីត​មេបក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​លោក សម សេរី នៅ​ក្រៅ​ប្រទេស​រៀបចំ​កម្លាំង​បង្កប់​ដើម្បី​បំផ្លាញ​ការបោះឆ្នោត និង​ចាត់ទុក​លោក «​សម សេរី មាន​ទំនាក់ទំនង​ជាមួយ​ជន​ក្បត់ជាតិ សម រង្ស៊ី យ៉ាង​ស្អិតល្មួត និង​បាន​ឃុបឃិត​គ្នា​ធ្វើ​សកម្មភាព​ជា​សម្ងាត់​ដើម្បី​ប្រឆាំង​​រាជរដ្ឋាភិបាល​» ​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាល​ក៏​បាន​ចោទប្រកាន់​ចំពោះ​ការសហការ​គ្នា​នាពេល​​កន្លង​មក​ក្នុង​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង​បាន​ដុត​ទង់ជាតិ​វៀតណាម​ជាដើម​។ ការសហការ​ជាមួយ​លោក សួន សេរី រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ មុន​ពេល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ពី​បទ​បង្ខូច​ទឹក​ចិត្ត​កងទ័ព​។

ជាមួយ​គ្នា​នេះ​នៅក្នុង​វីដេអូ​ក៏​ឮ​និយាយ​ពី​ចលនា​ផ្សេងៗ​ដែល​មិន​សូវ​ឮ​ឈ្មោះ​ផង​ដែរ ដូចជា​ចលនា​រំដោះ​ទឹកដី​កម្ពុជា​ក្រោម ដឹកនាំ​ដោយ តាំង ម៉េងគូ ជាដើម​។

វីដេអូ​នេះ​សង្កត់​ធ្ងន់​ថា​៖ «​ភ័ស្តុតាង​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​ក្រុម​ចលនា​ឧទ្ទាម​ក្បត់ជាតិ​ដឹកនាំ​ដោយ សម រង្ស៊ី និង សម សេរី និង​បក្ខពួក​ពិត​ជា​បាន​សហការ​គ្នា​ជា​ប្រព័ន្ធ​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​បរទេស ពិតជា​មាន​ចេតនា​បំផ្លាញ​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​ក្នុង​មហិច្ឆតា​ដណ្ដើម​អំណាច​ឲ្យ​ខាង​តែ​បាន បើ​ទោះបី​ជា​អំពើ​ទាំង​នោះ​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ ឬ​នាំ​ឲ្យ​ប្រទេស​ជាតិ​វឹកវរ​ចលាចល​យ៉ាង​ណា​ក្ដី​។

ដោយ​បាន​បង្ហាញ​ពី​ការប្រើប្រាស់​គ្រឿង​សព្វាវុធ​ទំនើបៗ​របស់​កងយោធពល​ខេមរភូមិន្ទ រួមមាន រថក្រោះ រថពាស​ដែក ព្រម​ទាំង​កាំជ្រូច BM21 ផង​​នោះ រដ្ឋាភិបាល​ប្ដេជ្ញា​ «​បំផ្លាញ​ផែនការ​ទុច្ចរិត​» ​របស់​ចលនា​ទាំងនោះ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​។

រដ្ឋាភិបាល​ប្ដេជ្ញា​តាមរយៈ​អ្នក​អត្ថាធិប្បាយ​ថា​៖ «​ដូច្នេះ​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​រាល់​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ ឬ​បំផ្លាញ​ផែនការ​ទុច្ចរិត​របស់​ក្រុម​ភេរវជន​ ឬ​ចលនា​ឧទ្ទាម​ណា​មួយ​ដែល​មាន​ផែនការ​កខ្វក់​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​ជាតិ​គឺជា​ការ​ចាំបាច់​បំផុត​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ​ និង​ធានា​ឲ្យ​បាន​ជា​ដាច់ខាត​នូវ​សុខសន្តិភាព​ដើម្បី​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​កម្ពុជា​។

លោក ឯក ថា អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​បដិសេធ​អត្ថាធិប្បាយ​ចំពោះ​វីដេអូ​នេះ​ដោយ​បង្វែរ​សំណួរ​ទៅ​លោក​ ផៃ ស៊ីផាន អ្នក​​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​មិន​​អាច​ទាក់ទង​បាន​កាលពី​ម្សិលមិញ​។

ទាក់ទង​នឹង​បញ្ហា​នេះ​លោក សម សេរី បាន​ថ្លែង​ពី​ក្រៅ​ប្រទេស​មក​ថា​៖ «​ខ្ញុំ​គ្មាន​ផែនការ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ណា​​មួយ ដូច​ការចោទ​ប្រកាន់​ខ្ញុំ​ទេ​។ ពួកគេ​ខ្លួនឯង​ចង់​បង្កើត​ព្រឹត្តិការណ៍​ និង​ច្នៃប្រឌិត​ភ័ស្តុតាង​ដើម្បី​ធ្វើឲ្យ​មាន​វិបត្តិ​នយោបាយ​កាន់តែ​ជ្រៅ​ទៅ​។ ខ្ញុំ​គឺជា​ខ្មែរ ខ្ញុំ​មាន​សិទ្ធិ​បញ្ចេញ​មតិយោបល់​ ឬ​ក៏​បើក​គណបក្ស​នយោបាយ​យោង​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​»​។

លោក​បន្ត​ថា​៖ «​នៅពេល​ដែល​គេ​ហាមឃាត់​ខ្ញុំ​វា​គឺជា​កំហុស​របស់​ពួកគេ​ដែល​បាន​ភ្ជាប់​ខ្ញុំ ប្រសិន​បើ​ពួកគេ​ដោះលែង​អ្នក​ទោស​នយោបាយ និង​បើក​ផ្លូវ​ឲ្យ​យើង​បង្កើត​គណបក្ស​នយោបាយ​ដើម្បី​ចូលរួម​ការបោះឆ្នោត​ដូច​អ្នកដទៃ ដំណោះស្រាយ​នយោបាយ​នឹង​ត្រូវ​បាន​ដោះស្រាយ​ និង​មិន​មាន​វិបត្តិ​នយោបាយ​ទៀត​នោះ​ទេ​។ បើ​ពួកគេ​បន្ត​តាម​ចាប់​ខ្ញុំ​ ឬ​ក៏​សមាជិក​ចលនា​រំដោះ​ជាតិ​ខ្មែរ​ផ្សេង​ទៀត នោះ​វិបត្តិ​នយោបាយ​នឹង​កាន់តែ​ជ្រៅ​ទៅ​»​។

លោក សម រង្ស៊ី មិន​ទាន់​បាន​ឆ្លើយតប​យ៉ាង​ណា​នៅ​ឡើយ​ទេ​កាលពី​ម្សិលមិញ​។

លោក ហង្ស វិទូ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​បាន​គាំទ្រ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ប្រសិន​បើ​ក្រុម​ឧទ្ទាម​ណា​ចង់​បំផ្លាញ​សន្តិភាព​មែន «​ប៉ុន្តែ​មុន​ការចោទប្រកាន់​ទៅ​លើ​នរណា​មួយ​គឺ​យ៉ាង​ហោច​ក៏​ត្រូវ​តែ​មាន​ការបញ្ជាក់​ភ័ស្តុតាង​ឲ្យ​បាន​ច្បាស់លាស់ មិនមែន​ចេះតែ​ថា ហើយ​ពេល​ខ្លះ​ក៏​យើង​ត្រូវ​មើល​ភ័ស្តុតាង​ឯកសារ​ ឬ​មួយ​ការទម្លាយ​ទិន្នន័យ​មួយ​ចំនួន តើ​វា​ជា​ការ​រៀបចំ​ ឬ​ជា​ភ័ស្តុតាង​ពិតប្រាកដ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការបង្ហាញ​សាច់ដុំ កម្លាំង​ទ័ព កាំភ្លើង​ធុន​ធ្ងន់​អី​មុន​ការបោះឆ្នោត ខ្ញុំ​យល់ឃើញ​ថា​រដ្ឋាភិបាល​អាច​មាន​គំនិត​ ២ គំនិត​ទី​ ១ ចង់​​បង្ហាញ​ ឬ​ពញ្ញាក់​អារម្មណ៍​ទៅ​បក្សប្រឆាំង​ ឬ​ក៏​ក្រុម​ណា​មួយ​ដែល​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ដើម្បី​កុំ​ឲ្យ​ហ៊ាន​ធ្វើ​ចលនា​ណា​មួយ​ដែល​នាំ​កើត​ទុក្ខភ័យ មាន​ន័យ​ថា​អាច​នឹង​កើតមាន​សង្គ្រាម​ ឬ​ក៏​ប្រសិន​បើ​ចូល​មក​ក៏​មិន​អាច​ហក់​រួច​ពី​រដ្ឋាភិបាល​ដែរ​។ ទី​ ២ ការបង្ហាញ​សព្វាវុធ​ ឬ​កម្លាំង​ទ័ព​បែប​នេះ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​គឺ​អាច​ជា​ការ​បង្ហាញ​ទៅ​ប្រជាជន​ថា​មាន​តែ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ទេ​ដែល​អាច​ការពារ​ប្រទេសជាតិ​បាន​»៕