ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ចេញ​អនុក្រឹត្យ​ថ្មី​ស្តីពី​ប្រាក់​បេសកកម្ម​នៅក្នុង និង​ក្រៅប្រទេស​សម្រាប់​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ ខណៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អះអាង​ថា ការចំណាយ​លើ​បេសកកម្ម​នេះ​ត្រូវបាន​កំណត់​ជាក់លាក់​ជាង​មុន ដើម្បី​អាច​នៅ​បន្ត​អនុវត្ត​បាន​រលូន និង​កាន់​តែមាន​ប្រសិទ្ធភាព​។

តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ១២ មករា ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កំណត់​អំពី​វិធាន និង​នីតិវិធី​នៃ​ការអនុវត្ត​ប្រាក់​បេសកកម្ម​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ តម្លាភាព និង​គណនេយ្យភាព​នៃ​ការបំពេញ​បេសកកម្ម​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សាធារណៈ និង​មន្ត្រី​ជាប់កិច្ចសន្យា​។

តាម​សេចក្តី​សង្ខេប​នៃ​ការកែប្រែ​គោលការណ៍​មួយចំនួន​នៃ​អនុក្រឹត្យ​នេះ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យ​ដឹងថា សម្រាប់​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី្ក រដ្ឋមន្ត្រី្ក រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ប្រធាន​ស្ថាប័ន ឬ​អង្គភាព​ដែល​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើមុខ​តំណែង​នេះ​នឹងត្រូវ​ដំឡើង​ប្រាក់​ហូបចុក​ពី​ ១០ ​ម៉ឺន​រៀល ដល់​ ១២ ​ម៉ឺន​រៀល ក្នុង​ ១ ​នាក់​/​ថ្ងៃ​, ​ប្រាក់​ស្នាក់នៅ​ពី​ ២០ ​ម៉ឺន​រៀល ដល់​ ២៤ ​ម៉ឺន​រៀល​ក្នុង​ ១ ​នាក់​/​យប់​។ ​ចំណែកឯ​ប្រាក់​ហោប៉ៅ​នៅ​រក្សាទុក​ដដែល​ដូច​ក្នុង​អនុក្រឹត្យ​ចាស់​។

សម្រាប់​មន្ត្រីរាជការ​សាធារណៈ មន្ត្រី​ជាប់កិច្ចសន្យា​ទាំង​នៅ​រដ្ឋបាល​ថ្នាក់ជាតិ​ទាំង​ថ្នាក់ក្រោម​ជាតិ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ជំនួយការ​ហិរញ្ញវត្ថុ​នៃ​រដ្ឋបាល​ឃុំ-សង្កាត់​នឹង​ត្រូវ​ដំឡើង​ប្រាក់​ហូបចុក​ពី​ ៤ ​ម៉ឺន​រៀល​ក្នុង​ ១ ​នាក់​/​ថ្ងៃ ដល់​ ៦ ​ម៉ឺន​រៀល ក្នុង​ ១ ​នាក់​/​ថ្ងៃ​។ ​ចំណែកឯ​ប្រាក់​ហោប៉ៅ និង​ប្រាក់​ស្នាក់នៅ​រក្សាទុក​ដដែល​។

ចំណែក​គោលការណ៍​ឧបត្ថម្ភ​សម្រាប់​ប្រភេទ​ផ្សេងៗ​ទៀត​នៅ​រក្សាទុក​ដដែល ដូច​ក្នុង​អនុក្រឹត្យ​ចាស់​លេខ​ ២១៦ ខណៈ​ប្រាក់​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​ក្នុង​ប្រទេស​ត្រូវ​បាន​បែងចែក​តាម​ឋានៈ និង​តួនាទី​។

លោក នុប សុធនវិចិត្រ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា អនុលោម​តាម​ផែនទី​ចង្អុល​ផ្លូវ​នៃ​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិកា ឆ្នាំ​ ២០១៨-២០២៥ មាន​ការដកចេញ​នូវ​មុខសញ្ញា​ចំណាយ​មួយ​ចំនួន​លែងឱ្យ​អនុវត្តតាម​នីតិវិធី​រជ្ជទេយ្យបុរេប្រទាន រួមមាន ចំណាយ​ប្រាក់​បេសកកម្ម​នៅក្នុង និង​ក្រៅប្រទេស ចំណាយ​រៀបចំ​បណ្តុះបណ្តាល​សិក្ខាសាលា និង​មុខសញ្ញា​ចំណាយ​សម្រាប់​សង្គ្រោះបន្ទាន់ និង​ចំណាយ​ពិសេស​របស់​រាជរដ្ឋាភិបាល​។

លោក​បន្តថា ការដកចេញ​នូវ​មុខសញ្ញា​ចំណាយ​ទាំងនេះ​គឺ​ដើម្បី​កំណត់​ឡើងវិញ​នូវ​វិសាលភាព និង​ទំហំ​ទឹកប្រាក់​សម្រាប់​ចំណាយ​តាម​នីតិវិធី​រជ្ជទេយ្យ​បុរេប្រទាន​ឱ្យ​មាន​វិសាលភាព​ត្រឹមតែ​ចំណាយ​លើ​ដំណើរការ​រដ្ឋបាល និង​ការងារ​ចាំបាច់​តូចតាច​ឱ្យ​ស្របតាម​គោលការណ៍​ជា​អន្តរជាតិ​។

លោក​ថា​៖ «​ដើម្បី​ឱ្យប្រាក់​បេសកកម្ម​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​អាច​នៅ​បន្ត​អនុវត្តបាន​រលូន និង​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន អនុក្រឹត្យ​ថ្មី​ឈរលើ​មូលដ្ឋាន​អនុក្រឹត្យ​លេខ ២១៦ អនក្រ.បក បាន​ធ្វើ​បច្ចុប្បន្នភាព និង​កែសម្រួល​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​សម្រាប់​ដាក់​ឱ្យ​អនុវត្ត​ឱ្យទាន់​ការអនុវត្ត​ថវិកា​ឆ្នាំ​ ២០២១...»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការសម្រេច​កែសម្រួល​នេះ​ក៏​មិនមែន​ជា​រឿង​អាក្រក់​ទេ ព្រោះ​បេសកកម្ម​ក្នុង​ឆ្នាំ​ ២០២១ ​នេះ​នឹង​មិនមាន​ច្រើន​ទេ ដោយសារ​ភាពមិន​ច្បាស់​នៃ​វិបត្តិ​កូវីដ ​១៩​។

ចំពោះ​បេសកកម្ម​ក្នុង​ប្រទេស បើទោះ​ជា​កាត់បន្ថយ ក៏​មិន​ប៉ះពាល់​អ្វី​នោះដែរ ព្រោះ​​ស្ថាប័ន​ទាំងនោះ​អាច​បង្វែរ​ការបង្រៀន​ផ្ទាល់​មក​បង្រៀន​តាម​អនឡាញ​ក៏បាន​។

លោក​បាន​បញ្ជាក់ថា​៖ «​ការកាត់បន្ថយ​ចំណាយ​សម្រាប់​ធ្វើដំណើរ និង​បេសកកម្ម​នៅពេល​ដែល​នៅតែ​មិន​ច្បាស់លាស់​នៃ​កូវីដ​ ១៩ ក៏​វា​រួមចំណែក​ដល់​វិធានការ​ក្នុង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ដែរ​។ ​បញ្ហា​នេះ ទោះបី​ជា​ប៉ះពាល់​ខ្លះ​នូវ​សកម្មភាព​បេសកកម្ម​អីហ្នឹង ក៏ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​ការបង្ការ​ទប់ស្កាត់​ជំងឺ គឺ​មាន​ប្រយោជន៍​ធំធេង​»៕