ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យ ២ ច្បាប់ ជុំវិញការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការដែលអាចទទួលបានទៅតាមមុខងាររបស់ខ្លួន និងការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។
អនុក្រឹត្យទាំង ២ ច្បាប់នេះ ត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៦ មីនា ដោយអនុក្រឹត្យ ១ មានខ្លឹមសារថា ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំជូត ពុទ្ធសករាជ ២៥៦៣ មានចំនួន ៥០ ០០០ រៀល ក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិកម្ពុជា។
ក្នុងនោះមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ យោធិននៃ កងយោធពលខេមរភូមិន្ទ មន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិមន្ត្រីរាជការ (គជប) មន្ត្រីខុទ្ទកាល័យ ចាប់ពីប្រធានស្ថាប័នរហូតដល់មន្ត្រីមានឋានៈស្មើទូទាំងប្រទេស។ អនុក្រឹត្យនេះបន្តថា ចំពោះមន្ត្រីថ្នាក់ក្រោមជាតិរហូតដល់ក្រុមគ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជនក៏ត្រូវបានប្រាក់ឧបត្ថម្ភ ៥ ម៉ឺនរៀល ក្នុង ១ គ្រួសារផងដែរ។ រដ្ឋាភិបាលបានបញ្ជាក់ក្នុងលិខិតថា៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នសាមី ត្រូវសហការ និងចាត់ចែងរៀបចំការបើកផ្តល់ជាបុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីឲ្យដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុត ត្រឹមថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០»។
ចំណែកអនុក្រឹត្យស្ដីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់ មុខងារមន្ត្រីរាជការស៊ីវិលដែលនឹងបើកជូនមន្ត្រីរាជការចាប់ពីថ្ងៃទី ១ ខែមេសា តទៅ រាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា សម្រាប់មន្ត្រីរាជការថ្នាក់ជាតិ នឹងទទួលបានប្រាក់បំណាច់មុខងារចន្លោះពី ៥១ ម៉ឺនរៀល រហូតដល់ ១ លាន ១ សែនរៀល យោង ទៅតាមឋានៈ និងតួនាទីជាក់ស្តែង ខណៈមន្ត្រីនៅថ្នាក់ក្រោមជាតិ នឹងបានប្រាក់បំណាច់មុខងារចន្លោះពី ៥១ ម៉ឺនរៀល ដល់ ១ លាន ៣ ម៉ឺនរៀល។
ជាមួយគ្នានេះ សម្រាប់វិស័យអប់រំវិញ រដ្ឋាភិបាលបានឲ្យដឹងដែរថា មន្ត្រីរាជការចាប់ពីនាយកសាលា ដល់គ្រូបង្រៀនទូទៅនឹងទទួលបានប្រាក់បំណាច់មុខងារទៅតាមតួនាទីចន្លោះពី ៥៦ ម៉ឺនរៀល រហូតដល់ជាង ១ លាន ៨ សែនរៀល ខណៈក្នុងវិស័យសុខាភិបាល និងវិស័យយុត្តិធម៌ នឹងទទួលបានប្រាក់បំណាច់មុខងារចន្លោះពី ៥១ ម៉ឺនរៀល រហូតដល់ជាង ១ លាន ៨ សែនរៀល។
រាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ «អនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៩ ស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការ ស៊ីវិលត្រូវទុកជានិរាករណ៍»។
តាមរបាយការណ៍សន្និបាតរបស់ក្រសួងមុខងារសាធារណៈឆ្នាំ ២០១៩ បានឲ្យដឹងថា កម្ពុជាមានមន្ត្រីរាជការស៊ីវិលសរុប ២១៨ ៤៨២ នាក់ ក្នុងនោះថ្នាក់ជាតិមានប្រមាណ ៤៥ ៥៩៩ នាក់ និងថ្នាក់ក្រោមជាតិមាន ១៧២ ៨៨៣ នាក់។
លោក យក់ ប៊ុនណា អ្នកនាំពាក្យក្រសួងមុខងារសាធារណៈមិនអាចសុំការបញ្ជាក់ពីការចំណាយប្រាក់លើមន្ត្រីរាជការបានទេ កាលពីម្សិលមិញ ដោយលោកថ្លែងថាកំពុងជាប់ប្រជុំ។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាបានថ្លែងពីម្សិលមិញថា ការផ្តល់ប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភនេះមិនមែនរឿងថ្មីទេ ហើយការផ្តល់ជូនដល់មន្ត្រីរាជការនេះក៏មិនបានជួយអ្វីបានច្រើនដល់ជីវភាពរបស់មន្ត្រីរាជការក្នុងឱកាសនេះដែរ។ លោកស្រីបន្តថា អ្វីដែលមន្ត្រីរាជការ ក៏ដូចជាសមាគមគ្រូបង្រៀន ចង់បាន គឺការដំឡើងប្រាក់បៀវត្សរ៍ឲ្យបានសមរម្យ ដែលធ្វើឲ្យជីវភាពមន្ត្រីរាជការល្អប្រសើរ និងលែងគិតគូរពីការស្វែងរកប្រាក់បន្ថែម ដើម្បីចិញ្ចិមជីវិត។
លោកស្រីបញ្ជាក់ថា៖ «ទោះបីជារដ្ឋាភិបាលបានខំប្រឹងជួយជំរុញឲ្យក្រុមគ្រូបង្រៀន និងមន្ត្រីរាជការទាំងអស់បានប្រសើរប៉ុណ្ណឹងមែន ក៏មិនបានធ្វើឲ្យចិត្តយើងស្ងប់អារម្មណ៍ដែរ ព្រោះតែស្ថានភាពនយោបាយ និងមានបញ្ហាជំងឺគ្រប់បែបយ៉ាងក្នុងពេលនេះរួមទាំងការបិទ EBA ដែលធ្វើឲ្យអីវ៉ាន់លើទីផ្សារកើនឡើងទ្វេ ហើយការឡើងប្រាក់បៀវត្សរ៍ពី ១ ឆ្នាំ ទៅ ១ ឆ្នាំហ្នឹង មិនបានដូចអ្វីដែលយើងចង់បានសម្រាប់បំពេញតម្រូវការយើងទេ»៕