ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានចេញនូវអនុក្រឹត្យមួយដោយក្នុងនោះផ្តោតសំខាន់ទៅលើវិធានការរដ្ឋបាលក្នុងការរឹតត្បិតលើការធ្វើចរាចរណ៍ និងបម្រាមគោចររាល់ការធ្វើដំណើរ ដោយហាមពីចន្លោះម៉ោង ៨ យប់ដល់ម៉ោង ៥ ព្រឹក។
អនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ ដែលមាន ៧ ជំពូក និង ២៣ មាត្រា ស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតដែលកំណត់អំពីវិធានការរដ្ឋបាល សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងមាត្រា ៤ នៃអនុក្រឹត្យនេះបានចែងពីការរឹតត្បិត ឬការហាមឃាត់ ការធ្វើដំណើរ ដែលការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នអាចត្រូវបានរឹតត្បិត ឬហាមឃាត់ លើកលែងតែក្នុងករណីចាំបាច់ដូចជាការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម ដែលមិនមានការរឹតត្បិត ឬហាមឃាត់ និងដោយមានភ្ជាប់លិខិត បញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម។
មាត្រាដដែលបានបន្តថា៖ «ការធ្វើដំណើរទៅស្វែងរកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់...គឺមិនត្រូវបានហាមឃាត់ ឬរឹតត្បិតទេ»។
ចំពោះមាត្រា ៨ នៃអនុក្រឹត្យនេះបានចែងផងដែរថា រាល់ការធ្វើដំណើរដែលត្រូវបានអនុញ្ញាតគឺមិនត្រូវធ្វើឡើង នៅចន្លោះពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ព្រឹកលើកលែងចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់, មូលហេតុចាំបាច់ និងបន្ទាន់ក្នុងគ្រួសារ, ការដឹកជញ្ជូនទំនិញ, ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ, ការធ្វើដំណើរទៅទីកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ឬទីតាំងអាជីវកម្មដែលត្រូវបានលើកលែងឱ្យបើកដំណើរការ និងករណីចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
មាត្រាដដែលនេះសង្កត់ធ្ងន់ថា៖ «រាល់គ្រឹះស្ថានសាធារណៈ សហគ្រាស ឬគ្រឹះស្ថានឯកជន ឬទីតាំងអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យនៅបើកដំណើរការត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួនចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ព្រឹក សម្រាប់ទទួលអតិថិជនដោយផ្ទាល់លើកលែងចំពោះសេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល ឱសថស្ថាន ស្ថានីយប្រេងឥន្ធនៈ និងសេវាសាធារណៈចាំបាច់ដទៃទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។
ចំណែកមាត្រា ១១ ជំពូកទី៣ បានលើកឡើងថា ការដាក់ចេញវិធានការបិទខ្ទប់រាជធានី ឬខេត្ត និងការដាក់ចេញវិធានការរដ្ឋបាលផ្សេងទៀតដែលមានវិសាលភាពអនុវត្តន៍លើសពីដែនដីនៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាពអនុវត្តនៅទូទាំងប្រទេសត្រូវធ្វើឡើងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។
មាត្រាដដែលបន្តថា គណៈអភិបាលរាជធានី-ខេត្តត្រូវបានប្រគល់សមត្ថកិច្ចក្នុងការសម្រេចដាក់ចេញវិធានការរដ្ឋបាលណាមួយដែលមានវិសាលភាពអនុវត្តសម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនដីនៃរាជធានីខេត្ត ឬមានវិសាលភាព អនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួនដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
មាត្រា ១២ នៃអនុក្រឹត្យនេះបានចែងថា៖ «ការដាក់ចេញវិធានការរដ្ឋបាលណាមួយស្របតាមអនុក្រឹត្យនេះត្រូវធ្វើឡើងជាបណ្តោះអាសន្ន សម្រាប់ថិរវេលាមិនឱ្យលើសពី ២ សប្ដាហ៍។ ថិរវេលានេះអាចត្រូវបានសម្រេចបន្ត ឬបញ្ចប់មុនថិរវេលាកំណត់ក្នុងលក្ខខណ្ឌដូចគ្នានឹងការសម្រេចដាក់ចេញវិធានការរដ្ឋបាលស្របតាមមាត្រា ១១ នៃអនុក្រឹត្យនេះ»។
ចំពោះទោសប្បញ្ញត្តិវិញនៅក្នុងមាត្រា ១៤ បានចែងថា ការសម្រេចដាក់ពិន័យអន្តរការណ៍ចំពោះការបំពានវិធានការរដ្ឋបាល ជាសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ បែបបទនីតិវិធីលម្អិតសម្រាប់ការដាក់ពិន័យអន្តរការណ៍ត្រូវកំណត់ដោយគណៈអភិបាលរាជធានី-ខេត្ត។ ទម្រង់បែបបទនៃបង្កាន់ដៃពិន័យ និងការគ្រប់គ្រងប្រាក់ដែលបានមកពីការពិន័យអន្តរការណ៍ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅយប់ថ្ងៃទី ៣១ ខែមីនា ថា រាល់វិធានការរដ្ឋបាលដែលមានចែងក្នុងអនុក្រឹត្យនេះ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយនៃរាជធានីខេត្តណាមួយនោះនៅឡើយទេនាពេលនេះ។
លោកបានគូសបញ្ជាក់ថា៖ «វិធានការរដ្ឋបាលណាមួយនឹងអនុវត្តន៍ លុះណាតែមានសេចក្តីសម្រេចរបស់គណៈអភិបាលរាជធានី-ខេត្តសម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនដីនៃរាជធានី-ខេត្ត ឬមានវិសាលភាពអនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួនតែប៉ុណ្ណោះ»៕