ភ្នំពេញ: រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ផ្តល់​សម្ភារបរិក្ខារ​ពេទ្យ​ដល់​កម្ពុជា​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី និង​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅលើ​សកលលោក​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាល​ឲ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់ជូន​កម្ពុជា​នូវ​សម្ភារ​បរិក្ខារពេទ្យ​ដែល​រួមមាន អាវ​បំពង់ ៩៣៦០ សម្រាប់ អាល់កុល​សម្អាត​ដៃ ៤៨០ ​ដប វ៉ែនតា​ការពារ​សុវត្ថិភាព​ ៥៤០ និង​ស្រោមដៃ ២៤ ៤០០ ​គូ​ជាដើម​។ សម្ភារ​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ឧបករណ៍​ការពារ​ខ្លួន​ដែលជា​មូលនិធិ​អាស៊ី-អឺរ៉ុប​ (ASEF) ​បាន​ស្ដុក​ទុក​ក្រោម​ការឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ជប៉ុន​។ សម្ភារ​ទាំងនេះ​នឹង​ត្រូវ​បាន​ផ្ញើ​មកដល់​ប្រទេស​កម្ពុជា​ពី​ឃ្លាំង​នៅ​ប្រទេស​សិង្ហបុរី​ដោយ​មាន​ការសម្របសម្រួល​ពី​ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ (WPRO)​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែមថា ការលើកស្ទួយ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​គឺ​មិន​អាច​ខ្វះ​បាន​ដើម្បី​ការពារ​ការរីក​រាលដាល​ថែមទៀត​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​។ ជាមួយ​គ្នា​នេះ​ប្រទេស​ជប៉ុន​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​មិន​អាច​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។

លោក ឡូ វាសនាគិរី ប្រធាន​នាយកដ្ឋាន​ផែនការ និង​ព័ត៌មាន​សុខាភិបាល​នៃ​ក្រសួង​សុខាភិបាល​ពី​ម្សិលមិញ​បាន​ថ្លែងថា លោក​មិនទាន់​បានទទួល​ព័ត៌មាន​នេះ​ទេ​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​ក្រសួង​សុខាភិបាល​វិញ​។ ខណៈ​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-ឡានឆាង​លើក​ទី​ ៥ និង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-ចិន ស្តីពី​ជំងឺឆ្លង​ផ្លូវដង្ហើម កូរ៉ូណា (COVID-19) នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​ចាប់ពី​ថ្ងៃទី​ ១៩ ដល់​ថ្ងៃទី​ ២០ ខែ​កុម្ភៈ ឆ្នាំ​ ២០២០​។ បើតាម​សេចក្តី​ប្រកាស​ក្រសួង​ការបរទេស​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ១៥ ខែ​កុម្ភៈ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-ឡានឆាង លើក​ទី​ ៥ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ការបរទេស​មកពី កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និង​ចិន​ជា​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​ស្តីពី​ជំងឺឆ្លង​ផ្លូវដង្ហើម​កូរ៉ូណា (COVID-19) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​ពី​ថ្ងៃ​ទី​ ១៩ ដល់​ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ​ ២០២០​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-ចិន ស្តីពី​ជំងឺឆ្លង​ផ្លូវដង្ហើម​កូរ៉ូណា​នឹង​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រិះរក​មធ្យោបាយ និង​របៀប​ថ្មីៗ​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ប្រយុទ្ធប្រឆាំង​ និង​រីករាលដាល​នៃ​ជំងឺឆ្លង​ផ្លូវដង្ហើម​កូរ៉ូណា​នេះ ហើយ​ដែល​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជម្រាប​អំពី​ព័ត៌មាន​ចុងក្រោយបង្អស់​ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​ផ្លូវដង្ហើម​កូរ៉ូណា ក៏ដូចជា វិធានការ​ដែល​បាន​ដាក់​ចេញ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ​នៅ​កម្ពុជា​»៕