
មន្ទីរពេទ្យឯកជនដែលមានឈ្មោះថា មន្ទីរពេទ្យស្ត្រីនគរទេពដែលរដ្ឋាភិបាលគ្រោងនឹងទិញកាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចទិញមន្ទីរពេទ្យឯកជន ១ កន្លែងក្នុងរាជធានីភ្នំពេញ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ក្រោយពីមន្ទីរពេទ្យរដ្ឋដែលកំពុងដំណើរការពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ទទួលព្យាបាលអ្នកជំងឺថ្មី ខណៈអ្នកមានវិជ្ជមានកូវីដ ១៩ ចំនួនច្រើនត្រូវបានរកឃើញជារៀងរាល់ថ្ងៃ។
ទន្ទឹមគ្នានេះដែរឧកញ៉ាល្បីឈ្មោះនៅក្នុងវិស័យឯកជនមួយចំនួនបានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមក្នុងការទិញមន្ទីរពេទ្យដែលមានឈ្មោះស្ត្រីនគរទេព ដែលរាជរដ្ឋាភិបាលបានសម្រេចប្ដូរឈ្មោះមកជា «មន្ទីរពេទ្យហ្លួងម៉ែ»។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងទៅកាន់សារព័ត៌មាន FN កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២១ បានឲ្យដឹងថា៖ «រាជរដ្ឋាភិបាលនឹងចរចាទិញយកមន្ទីរពេទ្យស្ត្រីនគរទេពហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យហ្លួងម៉ែ បន្ទាប់ពីទិញរួចរាល់។ ម្ចាស់មន្ទីរពេទ្យស្ត្រីនគរទេពនឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យស្ត្រីនគរទេពថ្មីមួយទៀត»។
លោកថា មន្ទីរពេទ្យស្ត្រីនគរទេពបានចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ ១៩ ហើយចាប់ពីថ្ងៃទី ២៧ ខែមីនា តទៅ។
មន្ទីរពេទ្យស្ត្រីនគរទេពមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញត្រូវបានរៀបចំឱ្យក្លាយជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩។ វាក៏ជាមន្ទីរពេទ្យធំទី២ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានយកអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ធ្វើជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ បន្ទាប់ពីមានការផ្ទុះឡើងនូវការឆ្លង រាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។
បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសថានឹងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យស្ត្រីនគរទេពនេះ ឧកញ៉ាមួយចំនួនក៏បានចាប់ផ្តើមប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនលោក ហ៊ុន សែន សម្រាប់ទិញមន្ទីរពេទ្យនេះផងដែរ។
ក្នុងនោះមានលោក ឡេង ណាវ៉ាត្រា បានប្រកាសបរិច្ចាគថវិកាចំនួន ៣,៥ លានដុល្លារសហរដ្ឋអាមេរិក។
លោក លី យ៉ុងផាត់ លោក ពុង ឃាវសែ និងក្រុមហ៊ុនជីពម៉ុងបរិច្ចាគចំនួន ២ លានដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ និងលោក ថោង សារ៉ាត់ ចំនួន ៥ ម៉ឺនដុល្លារផងដែរ។
លោក ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានសរសេរលើបណ្តាញសង្គមរបស់លោកថា៖ «ខ្ញុំបាទ និងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទិញមន្ទីរពេទ្យស្ត្រីនគរទេពមកព្យាបាលបងប្អូនកើតជំងឺកូវីដ ១៩ ចំនួន ៣,៥ លានដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅកម្ពុជា ស្លាប់នៅកម្ពុជាជួយប្រជាជនកម្ពុជាជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំនេះជាពេលយើងត្រូវសាមគ្គីគ្នា»។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំកម្លាំងពាក់ព័ន្ធរៀបចំមន្ទីរពេទ្យស្ត្រីនគរទេពមកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩។
លោកបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ២៧ ខែមីនាថា៖ «១៧ ថ្ងៃ ក្រោយពីបានទទួលបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីឱ្យរៀបចំមន្ទីរពេទ្យខ្នាតធំថ្មីមួយកន្លែងទៀតដើម្បីត្រៀមទទួលព្យាបាលបងប្អូនអ្នកជំងឺកូវីដ ១៩។ នៅថ្ងៃ ២៧ ខែ មីនា ឆ្នាំ ២០២១ នេះ អតីតមន្ទីរពេទ្យស្ត្រីនគរទេពត្រូវបានរៀបចំប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ ១៩ រួចរាល់ និងបានចាប់ផ្ដើមទទួលព្យាបាលអ្នកជំងឺ ដែលមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជូនមកនាព្រឹកនេះ»។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំមន្ទីរពេទ្យនេះមានការចូលរួមពីក្រុមការងាររៀបចំមន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានធ្វើការទាំងថ្ងៃទាំងយប់ សហការគ្នាល្អក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បទដ្ឋានការងារ ក៏ដូចជាការហ្វឹកហ្វឺន និងបំពាក់ដល់ក្រុមគ្រូពេទ្យជួរមុខ សេវាជួរមុខ និងក្រុមការងារតាមបណ្ដាផ្នែកពាក់ព័ន្ធទាំងអស់របស់មន្ទីរពេទ្យដើម្បីអាចដំណើរការបានក្នុងរយៈពេលដ៏ខ្លីនេះ។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនរ័ត្ន កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២១ បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ចដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យស្ត្រីនគរទេពនេះ ដោយមានសមាសភាពចំនួន ១១ នាក់ ដែលមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ។ គណៈកម្មការមានភារកិច្ចធ្វើការសិក្សាលើគ្រប់ទិដ្ឋភាពទាំងបច្ចេកទេស និងហិរញ្ញវត្ថុព្រមទាំងកំណត់តម្លៃដែលរដ្ឋត្រូវទិញយកមន្ទីរពេទ្យនេះដោយគិតបញ្ចូលទាំងតម្លៃអចលនវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារបរិក្ខារផ្សេងៗពីមូលនិធិនគរទេព ដើម្បីឱ្យរដ្ឋអាចធ្វើការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់។
មន្ទីរពេទ្យស្ត្រីនគរទេពនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០១១ ក្រោមមូលនិធិនគរទេពដោយក្នុងនោះលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិក ១ រូប។ មន្ទីរពេទ្យនេះមានផ្ទៃដីទំហំ ១ ហិកតា និង ៥០ អាដែលមានអគារទំហំ ២៥ ០០០ ម៉ែត្រការ៉េ កម្ពស់ ៥ ជាន់មានប្រព័ន្ធទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសូទ្បា (solar) និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។
មន្ទីរពេទ្យនេះដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០ គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន ៨០ គ្រែ និងផ្នែកជំងឺធម្មតាបាន ៤២០ គ្រែ។
មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដាជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕