ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កំពុង​សិក្សា​ពី​លទ្ធភាព​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​តែមួយ ដើម្បី​គ្រប់គ្រង​លើ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​នេះ​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព ដោយ​មន្ត្រី​បាន​បញ្ជាក់​ថា នាពេល​ខាងមុខ​រដ្ឋាភិបាល​នឹង​បង្កើត​ក្រុម​ការងារ​ថ្នាក់ជាតិ​មួយ ដើម្បី​អនុវត្ត​កិច្ចការងារ​នេះ​។

លោក​ អ៊ឹម វុត្ថា មន្ត្រី​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នា​ថ្ងៃទី​ ២៤ ​កុម្ភៈ​ថា​មាត់ច្រក អ៊ីនធឺណិត​តែមួយ​នេះ​គឺជា​មាត់ច្រក​មួយ ដើម្បី​បង្រួម​រាល់​ការតភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​ទៅ​បរទេស​ឱ្យមក​នៅ​ច្រក​តែមួយ​ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​។

លោក​បញ្ជាក់ថា​៖ «​នេះ​គឺជា​គម្រោង​របស់​ជាតិ​មួយ ដើម្បី​បង្កើត​ច្រក​គ្រប់គ្រង​អ៊ីនធឺណិត​រួម ព្រោះ​អនាគត​ទៅ​បច្ចេកវិទ្យា​កាន់តែ​វិវត្ត​។ ពេលនោះ​ការគ្រប់គ្រង អ៊ីនធឺណិត​ត្រូវ​ឱ្យមាន​សុពលភាព សុវត្ថិភាព សម្រាប់​ការប្រើប្រាស់​ទូទៅ​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​សព្វថ្ងៃ​វា​មាន​មាត់ច្រក​ច្រើន​ដូចជា​តាម​ VOIP ​តាម​មាត់ច្រក​ទូរគមនាគមន៍ និង​តាម​បណ្ដាញ​ខ្សែ​កាបិ៍​ក្រោម​បាទសមុទ្រ​។ អ៊ីចឹង​រក​វិធី​មួយ​ដើម្បី​ឱ្យ​ចូល​មក​ក្នុង​ច្រក​ជាតិ​តែមួយ ដើម្បី​ធានាបាន​នូវ​ការគ្រប់គ្រង​ទៅលើ​ការប្រើប្រាស់​អ៊ីនធឺណិត​សន្ដិសុខ និង​សុវត្ថិភាព​»​។

លោក​ថា ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​តែមួយ​នេះ ដោយសារ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​មាន​លទ្ធភាព​ច្រើន​ទាំង​ផ្លូវ​ល្អ​ និង​ផ្លូវ​អាក្រក់ ហើយ​ការបង្កើត​នេះ​នឹង​ជួយ​ទប់ស្កាត់​កុំឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​រង​ការបោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ទប់ស្កាត់​ការប្រើ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការការពារ​ជាតិ សន្ដិសុខ​ជាតិ ប្រពៃណី និង​ទំនៀមទម្លាប់​ជាដើម​។

កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ លោក​ ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ពិភាក្សា​លើ​ការសិក្សា​លទ្ធភាព​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​តែមួយ​នេះ​។

កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​ទៅលើ​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៧ កុម្ភៈ ដែល​ប្រាប់​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​លើផ្លូវ​ច្បាប់ និង​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​បិទ​រាល់​គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​បង្ហោះ​មាតិការ ឬ វីដេអូ​ផ្សាយ​ផ្ទាល់ បញ្ចេញ​សាច់​ និង​កេរ​ខ្មាស​ហួសហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ដ្រី​ខ្មែរ​។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ផ្សព្វផ្សាយ​ថា​កិច្ចប្រជុំ​បានលើក​ឡើង​ពី​កិច្ចសហការ​គ្នា​រវាង​ក្រសួង​ប្រៃសណីយ៍ ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​រៀបចំ លិខិតបទដ្ឋាន​គតិយុត្ត​ស្ដីពី​ការគ្រប់គ្រង​ និង​ការចុះបញ្ជី​ធ្វើ​អាជីវកម្ម​សេវា​អនឡាញ​។ កិច្ចប្រជុំ​ក៏​បាន​លើកឡើង​ពី​ការបន្ត​ចាត់វិធានការ​លើ​គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ និង​គេហទំព័រ ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​បញ្ចេញ​សាច់​ និង​កេរខ្មាស​ធ្វើឱ្យ​ប៉ះពាល់​សីលធម៌​សង្គម និង​សេចក្ដី​ថ្លៃថ្នូរ​ស្ដ្រី​តាម​យន្តការ​មាន​ស្រាប់ ស្រប​តាម​ប្រកាស​រួម រវាង​ក្រសួង​ប្រៃសណីយ៍ ក្រសួង​ព័ត៌មាន និង​ក្រសួងមហាផ្ទៃ​៕