ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចម្រុះ​ថ្មី​មួយ​សម្រាប់​ទទួល​ និង​ដោះស្រាយ​បណ្តឹង​នៅ​មុខ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​ដើម្បី​ទប់ស្កាត់​ការតវ៉ា​ផ្សេងៗ​ជា​អ្វី​ដែល​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ជា​រូបភាព​ដូច​ត្រៀម​បង្ក្រាប ខណៈ​សមាសភាព​ក្រុម​ការងារ​នេះ​មាន​មន្ត្រី​ប្រដាប់​អាវុធ​ជាន់​ខ្ពស់​ជាច្រើន​រូប​។

យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៦ ខែ​តុលា ឆ្នាំ​ ២០១៨ បាន​បង្កើត​ក្រុម​ការងារ​ចម្រុះ​ដែល​មាន​សមាសភាព​មន្ត្រី​ ២២ ​រូប​ក្នុង​នោះ​មាន​ច្រើន​រូប​ជា​មន្ត្រី​ជាន់ខ្ពស់​ប្រដាប់​អាវុធ​ និង​តំណាង​មកពី​ក្រសួង​ចំនួន​ ៦ ​ដើម្បី​ទទួល​ និង​ដោះស្រាយ​បណ្តឹង​តវ៉ា​ផ្សេងៗ​នៅ​មុខ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ផង​ដែរ​។

តាម​សេចក្ដី​សម្រេច​ដដែល​បាន​បញ្ជាក់​ថា​៖ «​ក្រុម​ការងារ​ចម្រុះ​មាន​ភារកិច្ច​៖ ​ទទួល​ពាក្យ​បណ្តឹង​តវ៉ា​ផ្សេងៗ​នៅ​មុខ​ភូមិគ្រឹះ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​នៅ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ និង​តាខ្មៅ​ខេត្ត​កណ្តាល​រួច​បញ្ជូន​ទៅ​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​សម្រេច​ ឬ​ធ្វើ​របាយការណ៍​ជូន​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​។ សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ទប់ស្កាត់​ក្រុម​តវ៉ា​មាន​បាតុករ​ច្រើន​នាក់​ដែល​មាន​បំណង​មក​ដាក់​បណ្តឹង​តវ៉ា​ផ្សេងៗ​ជូន​សម្តេច​តេជោ​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​។ ទប់ស្កាត់​រាល់​ការ​ញុះញង់​ពី​ក្រុម​ឆ្លៀត​ឱកាស​ដែល​កេង​ចំណេញ​មក​លើ​អ្នក​តវ៉ា​»​។

បើ​តាម​សេចក្ដី​សម្រេច​នេះ​សមាសភាព​នៃ​ក្រុមការងារ​នេះ​រួមមាន លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយរង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជា​ប្រធាន​, លោក ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​, លោក ម៉ៅ ភិរុណ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កណ្តាល​, លោក ឧត្តមសេនីយ៍ឯក ចៅ តុល ​នាយរងខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មេបញ្ជាការរង​បញ្ជាការដ្ឋាន​អង្គរក្ស​ជា​អនុប្រធាន​។

ក្រៅ​ពី​នោះ​មាន​សមាជិក​ជាច្រើន​រូប​ទៀត រួមមាន លោក​ឧត្តម​សេនីយ៍ឯក ស ថេត អគ្គស្នងការរង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​, លោក​​ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង​នាយសេនាធិការ​បញ្ជាការដ្ឋាន​អង្គរក្ស​, លោក​ ឌៀង សារុន មេបញ្ជាការរង​បញ្ជាការដ្ឋាន​អង្គរក្ស​, លោក លោក​ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល ក្រុម​លេខា​លោក​នាយក​រដ្ឋមន្ត្រី​ និង​ជា​មេបញ្ជាការរង​បញ្ជាការដ្ឋាន​អង្គរក្ស និង​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ជា​សមាជិក​ និង​លោក​ឧត្តមសេនីយ៍ឯក ​យ៉ាត ទូច ក្រុម​លេខា​លោកនាយក​រដ្ឋមន្ត្រី​​ និង​ជា​មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​អង្គរក្ស​ជា​សមាជិក​អចិន្រៃ្តយ៍ និង​មាន​តំណាង​មកពី​ក្រសួង​ចំនួន​ ៦ ​ផ្សេង​ទៀត​ជា​សមាជិក​។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ថ្លែង​ថា​ការបង្កើត​ក្រុម​ការងារ​ចម្រុះ​ដែល​មាន​មន្ត្រី​ទាហាន និង​ប៉ូលិស​ជាន់​ខ្ពស់​បែប​នេះ​ហាក់​ដូចជា​រូបភាព​ត្រៀម​ទុក​បង្ក្រាប​ការតវ៉ា​ណា​មួយ​ដោយសារ​មន្ត្រី​ខ្លះ​ក្នុង​ចំណោម​នោះ​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បាតុកម្ម​ហើយ​ថា នេះ​ជា​រូបភាព​នៃ​ការរឹតបន្តឹង​សេរីភាព​លើ​ក្រុម​អ្នក​តវ៉ា និង​សកម្មជន​ផ្សេងៗ​។

លោក​បាន​បញ្ជាក់​ថា​៖ «​គ្រាន់​​តែ​ឃើញ​សមាសភាព​ដែល​ជា​កម្លាំង​ប្រដាប់​អាវុធ​ហ្នឹង​ធ្វើឲ្យ​អ្នក​តវ៉ា សកម្មជន​ និង​ប្រជាជន​មាន​ការព្រួយបារម្ភ​រួច​ទៅ​ហើយ​។ ​ការ [​ដោះស្រាយ​] ការទាមទារ​មិន​គួរ​ដាក់​មន្ត្រី​ប្រដាប់​អាវុធ​ឱ្យ​ពាក់ព័ន្ធ​នោះ​ទេ​ហើយ​ករណី​មាន​​ឧត្តមសេនីយ៍​ធំៗ​ និង​មេដឹកនាំ​កម្លាំង​ប្រដាប់​អាវុធ​បែប​នេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ទៅ​តវ៉ា​»​។

យ៉ាង​ណា​ក្ដី​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បដិសេធ​ចំពោះ​ការលើក​ឡើង​របស់​សង្គម​ស៊ីវិល​នេះ​ដោយ​លោក​ចាត់ទុក​ថា​ជា​ការ​ព្យាយាម​រិះគន់​ដោយ​ពុំ​មាន​មូលដ្ឋាន​ច្បាស់ ហើយ​ថា​ការបង្កើត​ក្រុម​ការងារ​នេះ​ជា​សិទ្ធិ​សម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​នឹង​ជួយ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​។

លោក​បាន​បញ្ជាក់​ថា​៖ «​សង្គម​​ស៊ីវិល​ហ្នឹង​ឆ្កួត​ហើយ​មិន​ដឹង​អី​សោះ​...​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​តែងតែ​ឃើញ​អវិជ្ជមាន​ពួក​ហ្នឹង​គឺ​មិន​ដែល​គ្រប់គ្រង​រាស្ត្រ​ទេ ហើយ​គេ​តែងតែ​ព្យាយាម​ទាញ​រាស្ត្រ​ចេញ​ពី​រដ្ឋ​គេ​បង្កើត​តុលាការ​ខ្លួនគេ​ហើយ​ល្មម​បញ្ឈប់​ទៅ​សកម្មភាព​ទាំង​ហ្នឹង​»៕