ភ្នំពេញៈ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលបានសាងសង់ហេដ្ឋារចនាសម្ព័នធារាសាស្ត្រចំនួន ២ ៤៨៣ គម្រោងគិតត្រឹមដំណាច់ឆ្នាំ ២០១៩ សម្រាប់ស្រោចស្រពដំណាំស្រូវលើផ្ទៃដីប្រមាណជាង ១ ៨៣៥ ៤២២ ហិកតា ក្នុងចំណោមផ្ទៃដីដាំដុះសរុបជិត ៣ លានហិកតា។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនៅទីស្តីការគណៈរដ្ឋមន្ត្រីថាតំបន់ដែលនៅខ្វះខាតប្រព័ន្ធស្រោចស្រពទឹកនោះភាគច្រើនជាតំបន់ដែលរុករានថ្មី និងនៅឆ្ងាយពីប្រភពទឹក។
លោក ចាន់ យុត្ថា បានឲ្យដឹងថាប្រព័ន្ធស្រោចស្រពទូទាំងប្រទេសបើគិតជាភាគរយមានប្រមាណ ៦២ ភាគរយ និងនៅខ្វះប្រមាណ ៣៨ ភាគរយទៀតដែលឆ្នាំនេះក្រសួងមានវិធានការកសាងប្រព័ន្ធធារាសាស្ត្រនៅតាមបន្ទាត់ព្រំដែនបន្ថែមទៀត។
លោក យុត្ថា ថ្លែងថា៖ «លទ្ធភាពស្រោចស្រពដែលនៅខ្វះ ៣៨ ភាគរយទៀត មិនមែនតែនៅក្នុងខេត្ត និងតំបន់ណាមួយទេ គឺស្ទើរតែគ្រប់ខេត្ត ព្រោះតំបន់ខ្លះ ឧទាហរណ៍នៅខេត្តបាត់ដំបង ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រច្រើន ហើយធំៗទៀតដូចជាទំនប់សេកសក អាងកំពីងពួយ ប្រព័ន្ធធារាសាស្ត្របវេល ឬក៏ប្រព័ន្ធមួយចំនួនទៀត។ ប៉ុន្តែវាមិនទាន់បានឆ្លើយតបទាំងអស់ទូទាំងខេត្តបាត់ដំបងទេ ព្រោះអ្នកដែលនៅខាងលើ និងកៀកនឹងប្រព័ន្ធធារាសាស្ត្រអាចនឹងទទួលបានដោយស្រួល ប៉ុន្តែអ្នកដែលនៅឆ្ងាយពីប្រព័ន្ធនៅតែប្រឈម»។
លោក ចាន់ យុត្ថា បានបន្តថា សម្រាប់ការផ្គត់ផ្គង់ទឹកដោយការទាញទឹកពីអាងស្តុកទឹកធំៗយកប្រើប្រាស់នៅក្នុងតំបន់ដែលខ្វះខាតទឹកក្នុងនោះការដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់ដោយការបង្វែរមកបញ្ចូលកន្លែងណាដែលស្ថានភាពដីមិនអំណោយផល ឬក៏មិនអាចបង្វែរទឹកពីអាងស្តុងទឹកមកបានគឺការទាញយកទឹកពីក្រោមដី។
លោកបានថ្លែងឲ្យដឹងទៀតថា ក្រៅពីនេះសម្រាប់តំបន់ដែលមិនអាចប្រើប្រាស់មធ្យោបាយទាំង ២ ខាងលើគឺក្រសួងធនធានទឹក និងក្រសួងពាក់ព័ន្ធក៏បានប្រើប្រាស់មធ្យោបាយដឹកទឹកតាមរយៈរថយន្តជូនដល់ពលរដ្ឋប្រើប្រាស់ជាប្រចាំថ្ងៃផងដែរ ប៉ុន្តែការខ្វះខាតបែបនេះមិនមានចំនួនច្រើននោះទេនៅក្នុងប្រទេស។
ស្របពេលដែលបញ្ហាប្រឈមការខ្វះទឹកសម្រាប់ឆ្នាំ ២០២០ នេះត្រូវបានក្រសួងព្យាករថា មិនមានលក្ខណៈធ្ងន់ធ្ងរលោក ចាន់ យុត្ថា បានឲ្យដឹងថា ក្រសួងធនធានទឹកនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ក៏ដូចជាដៃគូអភិវឌ្ឍន៍ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនៅតាមបន្ទាត់ព្រំដែនបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ក្រសួងបានធ្វើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅតាមបន្ទាត់ព្រំដែន ដែលក្នុងនោះប្រព័ន្ធធារាសាស្ត្រនៅព្រំដែនភាគខាងកើតត្រូវបានសាងសង់រួចរាល់ហើយដែលបានលាតសន្ធឹងធំនៅក្នុងខេត្តស្វាយរៀង ហើយក៏កំពុងធ្វើការសិក្សាដើម្បីស្តារ និងសាងសង់ប្រឡាយ ៧៨ មួយទៀតដែលជាប្រឡាយចាស់ ដើម្បីទាញទឹកពីទន្លេបាសាក់ទៅផ្គត់ផ្គង់នៅខេត្តកំពតដោយភ្ជាប់ជាមួយនឹងខេត្តកណ្តាល ខេត្តតាកែវ»។
លោកថា ចំណែក ១ ផ្នែកទៀតគឺមានប្រភពទឹកនៅខេត្តរតនគិរីដែលមានទឹក ពីអូររមីសដែលមានសក្តានុពលធំ ដើម្បីបន្តចែកចាយនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង និងបន្តភ្ជាប់ទៅដល់ខេត្តស្វាយរៀង និងព្រៃវែង ខណៈនៅព្រំដែនជាប់ប្រទេស ថៃ វិញ ក្រសួងកំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីកូរ៉េ ដើម្បីធ្វើការអភិវឌ្ឍនូវគម្រោងមួយមានឈ្មោះថា គម្រោងកាត់បន្ថយគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់ថា គម្រោងនេះនឹងឈានទៅដល់ការអភិវឌ្ឍក្នុងពេលខាងមុខឆាប់ៗនេះ បន្ទាប់ពីបញ្ចប់ការសិក្សា។
លោក ប៉ាត សុវណ្ណ មន្ត្រីផ្នែកកសិកម្មនៃអង្គការ Gret បានថ្លែងថា ផែនការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនេះគឺជាផែនការមួយដែលល្អក្នុងការជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនមានរបរជាកសិករ ខណៈដែលការខ្វះខាតទឹកជាប្រចាំឆ្នាំ គឺជាឧបសគ្គដ៏ធំមួយសម្រាប់ពួកគាត់។
លោកថ្លែងថា៖ «បើមានទឹកគ្រប់គ្រាន់គឺល្អប្រសើរសម្រាប់ប្រជាកសិករមែនទែន ជាពិសេសនៅរដូវប្រាំងតែម្តង ព្រោះបញ្ហាសម្រាប់រដូវវស្សាគឺមិនអីប៉ុន្មានទេ ដែលប្រជាពលរដ្ឋអាចធ្វើស្រែ ធ្វើចម្ការបានធម្មតា។ ប៉ុន្តែមួយផ្នែកទៀត ការដាំដុះនៅរដូវប្រាំងគឺយើងពិបាកក្នុងការខ្វះខាតទឹកហើយ ដែលអត់ទឹកនឹងធ្វើឲ្យពួកគាត់សម្រេចចិត្តធ្វើចំណាកស្រុកហើយ»។
លោក សុវណ្ណ បានថ្លែងដោយរំពឹងដែរថា ប្រជាពលរដ្ឋខ្លួនឯងគួរតែចូលរួមថែរក្សានូវប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ និងប្រព័ន្ធធារាសាស្ត្របានកសាងថ្មីដោយរដ្ឋាភិបាលឲ្យបានគង់វង្សសម្រាប់ប្រើប្រាស់ជាប្រយោជន៍ទាំងអស់គ្នា ព្រោះកន្លងមកមានពលរដ្ឋមួយចំនួនហាក់មិនបានចូលរួមថែរក្សានោះទេ ហើយថែមទាំងបានបំផ្លិចបំផ្លាញទៀតផង៕